រយៈពេល៩ខែ ដែលស្រីៗយើងមិនចាំបាច់ខ្វល់ខ្វាយពីរឿងមករដូវ គឺដូចជាវិស្សមកាលដ៏យូរគួរសមមួយ។ ប៉ុន្តែនៅពេលដែលវិស្សមកាលនេះបញ្ចប់ទៅ យើងច្បាស់ជាប្រឈមនឹងការមករដូវដែលខុសប្លែកពីរាល់ដងមិនខាន។ ការមករដូវដំបូង ក្រោយសម្រាលអាចនឹងមានការឈឺចាប់លើសពីការនឹកស្មាន ប៉ុន្តែប្រសិនបើយើងបានដឹងជាមុន យើងច្បាស់ជាត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមនឹងស្ថានភាពទាំងនេះដោយភាពឆ្លាតវៃ។
១. មិនមែនរាល់ការធ្លាក់ឈាម គឺជាការមករដូវទេ
ស្រីៗយើងខ្លះអាចនឹងមានការយល់ច្រឡំចំពោះការធ្លាក់ឈាម បន្ទាប់ពីសម្រាលកូនរួច ថាជាការមករដូវដំបូង។ យ៉ាងណាមិញ រាល់ការបញ្ចេញទឹករំអិល និងឈាម គឺជាផ្នែកមួយនៃការធ្លាក់កករឃ្លោកប៉ុណ្ណោះ ដោយសារតែរាងកាយរបស់យើងព្យាយាមកម្ចាត់ចោលជាលិកាស្បូនដែលយើងធ្លាប់ត្រូវការ ដើម្បីការពារទារកដែលនៅក្នុងផ្ទៃ។
ការធ្លាក់ឈាមនេះ អាចផ្លាស់ប្ដូរពីពណ៌ក្រហមក្រមៅ ទៅជាផ្កាឈូក ត្នោត និងខាប់ ឬលឿងរហូតដល់រយៈពេល៤ ទៅ៦សប្ដាហ៍ បន្ទាប់ពីសម្រាលកូនរួច។
២. ការមករដូវអាចអូសបន្លាយពេលយូរ
យោងតាមការសិក្សាមួយ កាលពីឆ្នាំ២០១១ បានបង្ហាញថា ការមករដូវម្ដងទៀតអាចត្រូវការពេលចន្លោះពី៤៥ថ្ងៃ ទៅ៩៤ថ្ងៃ ក្រោយសម្រាល។ ជាក់ស្ដែង មានករណីជាច្រើន ដែលរដូវមិនមក រហូតដល់៦ខែក៏មាន ហើយកត្តានេះ គឺមកពីម៉ាក់ៗបន្តបំបៅដោះកូន ដូច្នេះហើយ អ័រម៉ូនProlactin ដែលផលិតទឹកដោះ អាចរាំងស្ទះដល់អ័រម៉ូនបន្តពូជ និងធ្វើឲ្យស្ថានភាពដែលពងអូវុលមិនកើតឡើងមួយរយៈពេល។
៣. ទោះមិនមករដូវ ក៏យើងមិនអាចរួមភេទដោយមិនការពារដែរ
ជាមួយគ្នានេះដែរ ការមិនមករដូវ ក៏មិនអាចកំណត់អំពីការពន្យារកំណើតបានដែរ។ យោងតាមការសិក្សាមួយដែលធ្វើឡើងដោយសមាគមនៃអ្នកជំនាញសុខភាពបន្តពូជ បានរកឃើញថា ស្រ្តីម្នាក់ក្នុងចំណោមស្រ្តី១០០នាក់ អាចនឹងមានផ្ទៃពោះ បន្ទាប់ពីរួមភេទដោយពុំបានការពារ នៅអំឡុងពេលបំបៅដោះកូន។ ជាក់ស្ដែង វិធីសាស្ត្រពន្យារកំណើតដែលមិនមែនជាអ័រម៉ូនដូចជាកងដាក់ក្នុងស្បូន និងស្រោមអនាម័យ គឺជាជម្រើសសុវត្ថិភាពបំផុត ប្រសិនបើយើងមិនទាន់ចង់បានកូនទៀតនៅឡើយ។
![មករដូវ២](https://cdn.hellokrupet.com/wp-content/uploads/2021/02/មករដូវ២.jpg)
៤. ការមករដូវម្ដងទៀត អាចមកច្រើនជ្រុល និងមិនទៀងទាត់
នៅពេលដែលរយៈពេលមានគភ៌បានបញ្ចប់ រដូវដំបូងរបស់យើងអាចមានសភាពច្រើនជ្រុល ឈឺចាប់ខ្លាំង និងមិនទៀងទាត់ ព្រមទាំងមានការប្រែប្រួលអារម្មណ៍ជាច្រើនផងដែរ។ ប្រសិនបើយើងមិនមានការធ្លាក់ឈាមអស់ពេលយ៉ាងយូរ យើងអាចនឹងត្រូវកម្ចាត់ចោលស្រទាប់ស្បូនដែលក្រាស់ ដោយការស្អំទឹកក្ដៅ និងធ្វើសកម្មភាពរាងកាយស្រាលៗមួយចំនួន។
៥. កុំធ្វេសប្រហែសនឹងសញ្ញាគ្រោះថ្នាក់អំពីការប្រែប្រួលនៃការមករដូវ
ជាទូទៅ ការមករដូវដំបូងបន្ទាប់ពីសម្រាលកូនរួច នឹងមានភាពខុសប្លែកពីការមករដូវកន្លងមក។ យ៉ាងណាមិញ មានសញ្ញាគ្រោះថ្នាក់មួយចំនួន ដែលយើងត្រូវតែយកចិត្តទុកដាក់ឲ្យបានដិតដល់។
ប្រសិនបើ រដូវរបស់យើងមកច្រើនពេក ដែលតម្រូវឲ្យយើងត្រូវប្រញាប់ប្រញាល់ទៅបន្ទប់ទឹក ដើម្បីប្ដូរសំឡីអនាម័យជារៀងរាល់៣០នាទី ឬមួយម៉ោងម្ដង ចូរទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ បន្ថែមពីនេះ ប្រសិនបើស្រីៗយើងមករដូវច្រើន មានឈាមកកច្រើន ឈឺចុកចាប់ខ្លាំង មានអាការៈគ្រុនក្ដៅ ព្រមទាំងមានក្លិនមិនល្អថែមទៀតនោះ យើងគួរតែប្រុងប្រយ័ត្នឲ្យដិតដល់ ពីព្រោះវាអាចជាការឆ្លងមេរោគ ឬជំងឺកោសិកាចេញពីការពពោះ ជាជំងឺដែលកើតឡើងក្រោយសម្រាល ដែលដុំមហារីក អាចលូតលាស់នៅក្នុងស្បូនរបស់ស្រីៗយើងបាន។
ចំណុចសំខាន់
៥ចំណុច ម៉ាក់ៗថ្មីថ្មោងចង់ដឹងពីរឿងរដូវដំបូងក្រោយសម្រាលកូន៖
- មិនមែនរាល់ការធ្លាក់ឈាម គឺជាការមករដូវទេ
- ការមករដូវ អាចអូសបន្លាយរយៈពេលយូរ
- ទោះមិនមករដូវ ក៏យើងមិនអាចរួមភេទដោយមិនការពារដែរ
- ការមករដូវម្តងទៀត អាចមកច្រើនជ្រុល និងមិនទៀងទាត់
- កុំធ្វេសប្រហែសនឹងសញ្ញាគ្រោះថ្នាក់ពីការប្រែប្រួលនៃការមករដូវ