ហេតុអ្វីបានជាអ្នកជក់បារីងាយឆ្លង និងចម្លង COVID-19?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

តាម​ការបង្ហាញ​ពី​អង្គការ​សុខភាព​ពិភពលោកកន្លង​មក​បាន​ឲ្យ​ដឹង​ថា មនុស្ស​មាន​ជំងឺ​អ្នក​ជំងឺ​ទឹកនោមផ្អែម បេះដូង ​របេង លើស​សម្ពាធឈាម អ្នក​ជក់​បារី សុទ្ធសឹង​ជា​ប្រភេទ​អ្នក​ងាយ​ប្រឈម​នឹង​ការ​ឆ្លង COVID-19។ ក្នុង​នោះ​អ្នក​ជក់​បារី ងាយ​ឆ្លង និង​ងាយ​ចម្លង។

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បាន​ជា​អ្នក​ជក់​បារី​ងាយ​ឆ្លង ព្រោះ​មនុស្ស​ប្រភេទ​នេះ​មានសួត​ខ្សោយ ហើយ COVID-19 ពេល​ឆ្លង​ចូល​ទៅ គឺ​វាយ​បំផ្លាញ​សួត ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​កាន់តែ​ពិបាក​ដង្ហើម ហើយ​សួត​ក៏​កាន់តែ​ចុះ​ខ្សោយថែមទៀត។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ជក់​បារី​បើ​ឆ្លង COVID-19 ហើយ​ងាយ​ចម្លង​តាម​រយៈ​ការ​ក្អក និង​ការ​បង្ហុយ​បារី ព្រោះ​អ្នក​ជក់​បារី​មាន​បញ្ហា​សួត បូក​រួម​នឹង COVID-19 ចូល​ទៅ​បំផ្លាញ​សរីរាង្គ​មួយ​នោះ​បន្ថែម​ទៀត កាន់តែ​ឈឺ​សួត ពិបាក​ដក​ដង្ហើម ក្អក  ហើយ​បើ​សំណាក​តូច​ៗ​ខ្ទាត​ចេញ​ពី​មាត់​ទៅ​ប៉ះ​អ្នក​ដទៃ ហើយ​នោះ​ពិតជា​អាច​ឆ្លង​បាន​យ៉ាង​ពិត​ប្រាកដ។

COVID-19

រឿង​ដែល​យើង​គួរ​ចងចាំ​មួយ​ទៀត គឺ​អ្នក​មាន​សួត​ខ្សោយ ឬ​បញ្ហា​ឈឺ​សួត​អ្វី​ផ្សេងៗ ពេល COVID-19 ចូល​ទៅ ធ្វើឲ្យ​សភាព​ជំងឺ​កាន់តែ​ខ្លាំង និង​ចម្លង​ចេញ​ទៅ​មាន​គ្រោះថ្នាក់​ជាង​អ្នក​មាន​សុខភាព​ល្អ។

ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​អ្នក​ជក់​បារី​ថែរក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពាក់​ម៉ាស់​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​ក្អក​ដោយ​គ្មាន​អ្វី​បិទបាំង​មាត់ និង​រក្សា​គម្លាត​ពី​អ្នក​ដទៃ​លើសពី ១ ម៉ែត្រ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

អ្នកអាចចូលចិត្ត