រកឃើញ និងដកហូតអាល់កុលក្លែងក្លាយពីឱសថស្ថាននៅសៀមរាប ជិត៧០លីត្រ

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

អំឡុង​ពេល​មាន​ការ​ផ្ទុះ​ឡើង​នូវ​វីរុស COVID-19 កាន់​តែ​ខ្លាំង​នៅ​កម្ពុជា តម្រូវ​ការ​សម្ភារៈ​ការពារ​សុខភាព​ដូចជា ម៉ាស់ ជែល​លាងដៃ ឬអាល់កុល មាន​តម្រូវ​ការ​កាន់​តែ​ខ្លាំង​ឡើងៗ​។ ដូចនេះ​ មាន​ជន​ឈ្លៀត​ឱកាស ឬ​ឱសថស្ថាន​មួយ​ចំនួន​បាន​យក​អាល់កុល​ក្លែងក្លាយ​(មេតាណុល) មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​កឹបកេង​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

យ៉ាង​ណា​មិញ កាលពី​ថ្ងៃ​ទី២៦​ ខែ​មីនា​នេះ មន្ត្រី​សាខា នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ច​ការ ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប)​ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​រក​ឃើញ​ឱថស្ថាន​ចំនួន ២​ទី​តាំង ដែល​កំពុង​លក់​អាល់កុល​ក្លែងក្លាយ​(មេតាណុល) ក្នុង​យុទ្ធនាការ​ចុះ​ត្រួត​ពិនិត្យ គុណ​ភាព​អាល់​កុល និង​អង្កេត​តម្លៃ​លក់​ម៉ាស់ នៅ​តាម​ឱសថស្ថាន​ចំនួន ៣​ទី​តាំង ក្នុង​ខេត្ត​សៀមរាប។ អាល់កុល​ក្លែងក្លាយ សរុប​ចំនួន​ ៦៤.៥៣​លីត្រ ដែល​បាន​រក​ឃើញ​ត្រូវ​បាន​មន្ត្រី​សាខា​ ក.ប.ប ធ្វើ​កំណត់​ហេតុ​ និង​ដក​ហូត​មក​រក្សា​ទុក​នៅ​សា​ខា ក.ប.ប ខេត្ត​សៀម​រាប ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត។

មន្រ្តី​ជំនាញ​បាន​សំណូមពរ​ដល់​អាជីវករ​ទាំង​អស់ ឈប់​លក់​ម៉ាស់ ជែល​លាង​ដៃ និង​អាល់កុល កឹបកេង​យក​ចំណេញ​ហួសហេតុ និង​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ ឈប់​ទិញ​ផលិតផល​ក្លែងក្លាយ​ដែល​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ និង​អាយុ​ជីវិត​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

អ្នកអាចចូលចិត្ត