ទូត ឆ្លើយតបបញ្ហាជនជាតិចិនតាមជើងហោះហើរ QD704 និង១៧៤នាក់នៅបាវិត

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិនប្រចាំ​កម្ពុជា បាន​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ពាក់​នឹង​ជន​ជាតិ​ចិន​តាមជើង​ហោះ​ហើរ​លេខ QD704 និង​ជន​ជាតិ​ចិន ១៧៤ នាក់ ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ឈឺ​បំពង់ក ដែល​អាច​ពាក់​ព័ន្ធ​នឹ​ងវីរុស COVID-19 នៅ​រសៀល​នេះ។

ចំពោះ​សំណួរទី១ ពាក់ព័ន្ធ​នឹង​យន្តហោះ​ដែល​មាន​ជើង​ហោះ​ហើរ​លេខ QD704 ពី​ខេត្ត​ព្រះសីហនុ ទៅ​កាន់​ក្រុង​ណានឆាង ប្រទេស​ចិន​ បាន​រក​ឃើញ​អ្នក​ដំណើរ​ដែល​មាន​អាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក រាករូស និង​អាការៈ​ផ្សេង​ទៀត​ចំនួន​១៥​នាក់​នោះ អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​បកស្រាយ​ថា មន្ទីរពេទ្យ​ទី១ នៃ​​ទីក្រុង​ណានឆាង ខេត្ត​ជាំងស៊ី ប្រទេស​ចិន​បាន​ពិនិត្យ​ជំហាន​ដំបូងដល់​អ្នក​​ដំណើរ​​ទាំង​១៥នាក់​រួច​ហើយ លទ្ធផលអ្នក​ដំណើរ​ទាំង​នេះ​ពុំ​មាន​ផ្ទុក​វីរុស COVID-19 ជា​បណ្តោះ​អាសន្ន។

ឯ​សំណួ​រទី២ ពាក់ព័ន្ធ​នឹង​ជន​ជាតិ​ចិន​ចំនួន​ ១៧៤នាក់ ​ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្វីលីពីន​មក​កាន់​ភ្នំពេញ និង​បាន​​បន្ត​ដំណើរ​តាម​រថយន្ត​ក្រុង​ទៅ​កាន់​ក្រុង​បាវិត នៃ​ខេត្ត​ស្វាយរៀង ក្នុង​នោះ​មាន​អ្នក​ដំណើរ​ចំនួន​៣រូប​មាន​អាការៈ​ក្តៅ​ខ្លួន ហើយអជ្ញាធរបានដាក់នៅ​ដាច់​ដោយ​ឡែក​នោះ អ្នក​​នាំ​​ពាក្យ​​ថា ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ ហើយ​ស្ថានទូត​គាំទ្រ​ចំពោះ​វិធានការ​របស់​កម្ពុជា​ដែល​ខណ្ឌ​ឲ្យ​អ្នក​ដំណើរ ១៧៤ រូប​រស់នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ចំណែកឯការ​សង្ស័យ​ថា ចិន​ទាំង​នោះជា​អ្នក​លេង​ល្បែង​ភ្នាល់​គ្នា​លើ​ប្រព័ន្ធ​អ៊ីធើណេត​ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្វីលីពីន​មក​កាន់​ប្រទេស​កម្ពុជា ស្ថាន​ទូត​ចិន និង​ការិយាល័យ​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាងចិន និង​កម្ពុជា​កំពុង​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ហើយកំពុង​តែ​ស្រាវជ្រាវ​អំពី​ប្រវត្តិ​​ពួកគេ​ដែល​ត្រូវ​ជាប់​សង្ស័យ​ថា​ជា​អ្នក​លេង​ល្បែង​ភ្នាល់​គ្នា​លើ​ប្រព័ន្ធ​អ៊ីធើណេត ក្រោយ​ពី​ពិនិត្យ​រួច នឹង​ចុះ​បង្រ្កាប​យ៉ាង​មុះមុត​តាម​នីតិវិធី​ច្បាប់​នៃ​ប្រទេស​ទាំងពីរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

អ្នកអាចចូលចិត្ត