ការសិក្សា៖ គភ៌​ក្នុង​ផ្ទៃ និង​ក្មេង​តូចៗ ប្រឈម​ឆ្លង​វីរុស COVID-19 កម្រិត​ទាប​បំផុត

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ដំណឹង​ល្អ​ចំពោះ​អូនៗ​តូចៗ ព្រោះ​ការ​សិក្សា​ថ្មី​​រក​ឃើញ​ថា ក្មេង​ប្រឈម​ហានិភ័យ ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី COVID-19 ក្នុង​កម្រិត​ទាប​បំផុត ខណៈ​កូនក្នុង​ផ្ទៃ ក៏​មិន​អាច​ឆ្លង​មេរោគ​នេះ​ពី​ម៉ាក់​នោះ​ដែរ។

មក​ទល់​នឹង​ពេល​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី COVID-19 ដែល​យើង​ស្គាល់ វីរុស​កូរ៉ូណា​ថ្មី ដែល​ផ្ទុះ​ចេញ​ដំបូង​អំឡុង​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៩ ក្នុង​ខេត្តហូប៉ី ប្រទេស​ចិន គឺ​កើន​ឡើង​ដល់​ទៅ​ជាង ៦ម៉ឺន​នាក់ ក្នុង​ប្រទេស​សរុប ២៥ ជុំ​វិញ​ពិភពលោក។

បើ​ទោះ​ជា​វីរុស​កាច​សាហាវ​នេះ ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ក៏​ពិត​មែន ប៉ុន្តែ​មាន​ភស្តុតាង​ជា​ច្រើន​បញ្ជាក់​ថា ករណី​ឆ្លង​វីរុស​ទៅ​ក្មេងៗ​ គឺ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត ត្រឹម​ទារក ២នាក់​មាន​ផ្ទុក​វីរុស និង​ក្មេង ២-៣ ករណី​ប៉ុណ្ណោះ ឆ្លង​វីរុស។

ភស្តុតាង​ទាំង​នេះ ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​ជឿ​ថា ក្មេងៗ​ប្រឈម​ឆ្លង​វីរុស​កូរ៉ូណា COVID-19 ទាប​បំផុត។ ម្យ៉ាង​វិញ​ទៀត តាម​ប្រភព​ព័ត៌មាន​ចេញ​ផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ JAMA កាល​ពី​សប្តាហ៍​មុន ស្ទើរ​តែ​ទាំង​អស់​នៃ​អ្នក​ឆ្លង​វីរុស COVID-19 គឺ​មាន​អាយុ​ចន្លោះ​ពី ៤៩-៥៦ ឆ្នាំ។

នៅ​ក្នុង​ការ​សិក្សា​ថ្មី​មួយ ធ្វើ​ឡើង​ក្នុង​ទីក្រុង​អ៊ូហាន ដែល​ជា​កន្លែង​ផ្ទុះ​មេរោគ​ដំបូង ក្រុម​អ្នក​វិទ្យាសាស្ត្រ កំពុង​ដាក់​ការ​សង្ស័យ វីរុស​កាច​សាហាវ​នេះ មិន​មាន​លទ្ធ​ភាព​ចម្លង​ពី​ម៉ាក់ ទៅ​គភ៌​ក្នុង​ផ្ទៃ​អំឡុង​ពេល​កំពុង​ពពោះ​នោះ​ដែរ។

អត្ថបទ​ពាក់​ព័ន្ធ៖

យោង​តាម​ការ​សិក្សា​របស់​អង្គការ Trusted Source ចេញ​ផ្សាយ​​លើ​សារព័ត៌មាន The Lancet Wednesday ក្នុង​ចំណោម​ស្រីៗ​មាន​ផ្ទៃ​ពោះ ហើយ​បាន​ឆ្លង​វីរុស COVID-19 គឺ​មាន​ត្រឹម​តែ ៩នាក់​ប៉ុណ្ណោះ មាន​បញ្ហា​ផ្លូវ​ដង្ហើម​ក្រោយឆ្លង​វីរុស។ ការ​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ទារក​ម្នាក់​បាន​ចាប់​កំណើត​ចេញ​ពី​ផ្ទៃ​ម្តាយ​វ័យ ៣៦ ឆ្នាំ និង​មាន​ផ្ទុក​វីរុស COVID-19 ប៉ុន្តែ​ទារក​នោះ មិនមាន​រោគ​សញ្ញា​ឆ្លង​វីរុស​ពី​ម្តាយ​នោះ​ឡើយ

សាស្ត្រាចារ្យ Wei Zhang នៃ​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Northwestern University Feinberg School of Medicine ដែល​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ ប្រាប់​ឲ្យ​ដឹង​ថា ទឹក​ភ្លោះ ឈាម​ទង​ផ្ចិត និង​ទឹក​ដោះ​ម្តាយ គឺ​មិន​មែន​ជា​ផ្លូវ​ចម្លង​វីរុស​ពី​ម្តាយ​ទៅ​គភ៌​នោះ​ឡើយ ព្រោះ​ការ​ធ្វើ​តេស្ត​ទៅ​លើ​សារធាតុ​ទាំង​នេះ គឺ​គ្មាន​រក​ឃើញ​វីរុស COVID-19 នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា ការ​សិក្សា​នេះ មិន​ទាន់​អាច​បញ្ជាក់​ច្បាស់ វីរុស​អាច​ប៉ះពាល់​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​អំឡុង​ពេល​ត្រី​មាស​ដំបូង ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ការ​សិក្សា​ធ្វើ​ឡើង​ផ្តោត​ចំពោះ​ស្រ្តី​ពពោះ​ក្នុង​ត្រី​មាស​ទី ៣ ប៉ុណ្ណោះ។ មួយ​វិញ​ទៀត ម្តាយ​មាន​ផ្ទុក​វីរុស សុទ្ធ​តែ​ត្រូវ​សម្រាល​កូន​ដោយ​វះកាត់ ហើយ​​ក្រោយ​សម្រាល​រួច ត្រូវ​គេ​បំបែក​ចេញ​ពី​កូន ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​ទៅ​ទារក​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

ការ​សិក្សា​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​សិក្សា​ពី​ជំងឺ SARS និង MERS ដែល​កើត​ចេញ​ពី​វីរុស​កូរ៉ូណា​ដែរ​នោះ សុទ្ធ​តែ​រកឃើញ​គ្មាន​ការ​ចម្លង​ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ​នោះ​ដែរ។

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា វីរុស COVID-19 អាច​ឆ្លង​ពី​ម្តាយ​ទៅ​កូន​អំឡុង​ពេល​សម្រាល​តាម​ធម្មជាតិ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 14, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 14, 2020

អ្នកអាចចូលចិត្ត