អាមេរិកជោគជ័យលើការវះកាត់ប្ដូរសួតឲ្យ​អ្នកជំងឺ COVID-19

    អាមេរិកជោគជ័យលើការវះកាត់ប្ដូរសួតឲ្យ​អ្នកជំងឺ COVID-19

    ក្រុម​គ្រូពេទ្យ​ផ្នែកវះកាត់​របស់សហរដ្ឋអាមេរិក​បានជោគជ័យ​ក្នុង​ការ​​វះកាត់​ប្ដូរសួតទាំងសងខាង​ឲ្យ​នារី​ម្នាក់​ដែលសួត​របស់​នាង​រងការ​ខូចខាតខ្លាំងដោយសារ​វីរុសCOVID-19 ។

    ក្រុមគ្រូពេទ្យ​វះកាត់​នៅ​មន្ទីរពេទ្យ​ Northwestern Memorial នៅ​ទីក្រុង Chicago នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា បាន​ប្រ​កាសថានេះជា​ការវះកាត់​លើកទីមួយនិងទទួលបាន​ភាពជោគជ័យ​ក្នុង​ការ​វះកាត់ជួយ​សង្គ្រោះ​អ្នកជំងឺ​ដែលរងការខូចខាត​សួត​ខ្លាំង​ដោយសារ​វីរុស COVID-19។ ក្រោយ​ការការ​វះកាត់​ប្តូរ​សួត​រួច​ ​ស្ថានភាព​អ្នក​ជំងឺ​មាន​ការ​ប្រសើរ​ឡើង​ជា​រៀង​រាល់ថ្ងៃ។

    ក្រុម​គ្រូពេទ្យ​បាន​លើក​ឡើង​ថា​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ការ​វះកាត់​ទៅ​លើ​អ្នកជំងឺ COVID-19 ទទួល​បាន​ជោគជ័យ​នៅ​សហរដ្ឋអាមេរិក ហើយ​នេះ​អាច​ផ្តល់​ក្ដី​សង្ឃឹម​សម្រាប់​អ្នកជំងឺ​ដែល​សួតទទួល​រង​ការ​ខូចខាត​ខ្លាំង​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា។

    អ្នកជំងឺ​វ័យ​២០​ឆ្នាំ​នេះ​បាន​ចំណាយ​រយៈពេល​៦​សប្តាហ៍​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន និង​ម៉ាស៊ីន ECMO នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ អ្នកជំងឺ​រូប​នេះ​គឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ។ ក្រុមគ្រូពេទ្យ​តែង​ផ្តល់​ជំនួយ​អុកស៊ីសែន​ដល់​នាង​ និង​ជួយ​ទ្រទ្រង់​សរីរាង្គ​ផ្សេង​ទៀត​របស់​នាង​សម្រាប់​ការ​វះកាត់​ប្តូរ​សួត​នៅ​ពេល​ដែល​ឱកាស​មក​ដល់។ មុន​នឹង​ធ្វើ​ការ​វះកាត់​ គ្រូពេទ្យត្រូវតែធ្វើ​តេស្ដ​ដើម្បី​បញ្ជាក់​ថា​​នាង​គឺ​អវិជ្ជមាន​វីរុស COVID-19 ជាមុនសិន​។

    កាលពី​ដើម​ខែ​មិថុនា​នៅ​ពេល​សួត​របស់​អ្នកជំងឺ​បាន​បង្ហាញ​ពី​ការ​ខូចខាត​ដែល​មិន​អាច​ត្រលប់​មក​ធម្មតា​វិញ​បាន​ដោយសារ​ជំងឺ​ COVID-19 ជម្រើស​តែ​មួយ​គត់​គឺ​ត្រូវ​ផ្លាស់ប្ដូរ​សួត។ អ្នក​ជំងឺ​រូប​នេះ​ក៏​ចាប់ផ្ដើម​វិវត្ត​ការ​ចុះ​ខ្សោយ​សរីរាង្គ​ផ្សេងៗ​ដែល​នេះ​បង្ក​ដោយ​ការ​ខូចខាត​សួត ​ហើយប៉ះពាល់​ដល់​បេះដូង ថ្លើម និង​តម្រងនោម។ អ្នក​ជំងឺ​នេះ​ចំណាយ​ពេល​ជាង​៥​សប្ដាហ៍​ដើម្បី​កម្ចាត់​វីរុស​អស់​ក្នុង​រាងកាយ​មុន​នឹង​ធ្វើ​ការ​វះកាត់។

    គ្រូពេទ្យ​បាន​បញ្ជាក់​ទៀត​ថា​ជាទូទៅ​គ្រូពេទ្យ​​ត្រូវ​ដាស់​អ្នក​ជំងឺ​ឲ្យ​ភ្ញាក់​ជាមុន​សិន​មុន​នឹង​ផ្តល់​ការ​វះកាត់​ប្ដូរ​សួត​នេះ​ដើម្បី​ឲ្យ​អ្នក​ជំងឺ​ដឹង​ពី​ស្ថានភាព​ខ្លួន។ ប៉ុន្តែ​ក្នុង​ករណី​នារីខាង​លើ​គឺ​នាង​មិន​បាន​ភ្ញាក់​ទេ​ដែល​គ្រូពេទ្យ​ត្រូវ​ពឹង​ផ្អែក​លើ​គ្រួសារ​របស់​នាង​ក្នុង​ការ​សម្រេចចិត្ត។ ការ​វះកាត់​នេះ​គឺ​មាន​រយៈពេល១០​ម៉ោង​ ហើយ​បច្ចុប្បន្ន​គ្រួសារ​របស់​អ្នកជំងឺ​អាច​ចូល​សួរសុខទុក្ខ​អ្នក​ជំងឺ​បាន​ខណៈ​អ្នកជំងឺ​កំពុង​វិវត្តទៅរក​ការ​ជា​សះស្បើយ។

    ក្រុមគ្រូពេទ្យ​ដែល​ធ្វើ​ការ​វះកាត់​នេះ​បាន​លើក​ឡើង​ថា​គេ​ត្រូវ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ថា​តើ​អ្នកជំងឺ​ COVID-19 ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ប៉ុន្មាន​នាក់​ដែល​អាច​ទទួល​ប្រយោជន៍​ពី​ការ​វះកាត់​ប្ដូរ​សួត​នេះ។ ក្រុមគ្រូពេទ្យ​ចង់​ឲ្យ​មជ្ឈមណ្ឌល​ផ្លាស់ប្ដូរ​សរីរាង្គ​ដឹង​ថា​ទោះបី​ការ​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គ​ទៅ​លើ​អ្នក​ជំងឺ COVID-19 មាន​ការ​លំបាក ប៉ុន្តែ​ការ​វះកាត់​នេះ​អាច​ធ្វើ​ទៅ​ដោយ​សុវត្ថិភាព និង​ផ្តល់​ឱកាស​រស់​ម្ដង​ទៀត​ដល់​អ្នក​ជំងឺ COVID-19 ដំណាក់កាល​ចុងក្រោយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://edition.cnn.com/2020/06/11/health/lung-transplant-covid-19-northwestern/index.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 12/06/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត