កាលពីប៉ុន្មានថ្ងៃមុនប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុដែលមានអាការៈក្ដៅខ្លួន និងចេញកន្ទួលក្រហមនៅលើស្បែក គឺពិតជាបណ្ដាលមកពីឆ្លងជំងឺគ្រុនឈីក ឬឈីកគុនហ្គុនយ៉ាមែន។ នេះបើតាមលោកស្រី ឱសថការី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ប្រាប់ទៅកម្ពុជាថ្មី។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣០ កក្កដានេះថា ចាប់តាំងពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ ២០២០ មានអ្នកឆ្លងជំងឺគ្រុនឈីកនេះ សរុបចំនួន២៣នាក់ ក្នុងនោះមាន៤នាក់បានជាសះស្បើយ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ចំណែកអ្នកជំងឺ១៩នាក់ ទៀតកំពុងព្យាបាលបន្តនៅមន្ទីរពេទ្យ និងជាសះស្បើយឆាប់ៗនេះ ព្រោះថា ជំងឺគ្រុនឈីកនេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។