ករណីអ្នកលួចរត់គេចនោះជាស្ត្រីអាយុ ៣៧ឆ្នាំ និងកូនប្រុសអាយុ ១៣ ឆ្នាំ បានលួចចេញពីការធ្វើចត្តាឡីស័កពិតមែន ហើយស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជាមុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែនកម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហើយដោយសារមិនអាចរកស៊ីបាននៅទីនោះ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០។
នៅវេលាម៉ោងប្រហែល ជា ០៥ ព្រឹក ពេលចូលដល់កម្ពុជា ស្ត្រីជនជាតិវៀតណាម និងកូន ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រីធ្វើការត្រួតពិនិត្យសុខភាព ដែលមិនមានរោគសញ្ញា ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡើយ ដោយអនុវត្តវិធានការសុខាភិបាល ក្រុមគ្រូពេទ្យបានដឹកស្ត្រី និងកូនតាមរថយន្តពេទ្យ មកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចនៃខេត្តព្រៃវែង។ នៅម៉ោង ប្រហែលជា ០០: ៣០នាទី ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលស្ថានភាពអ្នកទាំង២ ឃើញមានសភាពធម្មតា ហើយនៅម៉ោង ០៥: ៣០ នាទីព្រឹក ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត តែមិនឃើញស្ត្រីរូបនេះ និងកូននៅក្នុងបន្ទប់ឡើយ។ ដូច្នេះស្រ្តីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូនចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង ០៥:៣០ ព្រឹក នៃថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះឡើយ។