៨ យ៉ាង ធ្វើចត្តាឡីស័កមានប្រសិទ្ធភាព ចៀសវាងនៅដោយឡែក តែចម្លងអ្នកដទៃបាន

    ៨ យ៉ាង ធ្វើចត្តាឡីស័កមានប្រសិទ្ធភាព ចៀសវាងនៅដោយឡែក តែចម្លងអ្នកដទៃបាន

    ជំងឺ COVID-19 បាន​វាយ​លុក​ម្ដង​ទៀត​នៅ​ខ្មែរ ដែល​ផ្ដល់​ភាព​ពិបាក​ក្នុង​ការ​រស់​ប្រចាំ​របស់​គ្នា​យើង ទៅ​ណា​មក​ណា តែង​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​នេះ។ ប្រសិន​បើ​យើង​ចេញ​ទៅ​ខាង​ក្រៅ ហើយ​សង្ស័យ​ថា បាន​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ COVID-19 ដោយ​ផ្ទាល់ ឬ​ប្រយោល​ក្ដី យើង​គួរ​ធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួន​ឯង ដើម្បី​ចៀស​វាង​ចម្លង​ទៅ​អ្នក​ដទៃ ជាពិសេស ក្រុម​គ្រួសារ​ជា​ទី​ស្រលាញ់​របស់​យើង។

    ដ្បិត​តែ​ការ​ធ្វើ​ចត្តាឡីស័ក តម្រូវ​ឲ្យ​យើង​នៅ​ក្នុង​មួយ​កន្លែង​ដាច់​ដោយ​ឡែក ប៉ុន្តែ​ប្រសិន​បើ​យើង​បាន​ឆ្លង​វីរុស​នេះ​ហើយ តែ​មិន​ទាន់​ចេញ​រោគ​សញ្ញា នៅ​តែ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ចម្លង​ទៅ​កាន់​សមាជិក​គ្រួសារ​យើង។ ហេតុ​នេះ ក្រសួង​សុខាភិបាល​បាន​ចាត់​វិធានការ​សំខាន់​ៗ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​មាន​ប្រសិទ្ធិភាព​ដូច​ជា៖

    ១. នៅ​ក្នុង​ផ្ទះ​ដាច់​ដោយ​ឡែក​រៀងរាល់​ថ្ងៃ រយៈ​ពេល ​១៤​ ថ្ងៃ (ហាម​ចេញ​ក្រៅ​ផ្ទះ ឬ​កន្លែង​ចត្តាឡីស័ក​ដាច់​ខាត)
    ២. តាម​ដាន​រោគ​សញ្ញា​នៃ​ជំងឺ វាស់​កម្ដៅ​រាល់​ថ្ងៃ ព្រឹក/ល្ងាច
    ៣. នៅ​ដាច់​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ រស់​នៅ​ក្នុង​បន្ទប់​មួយ​ដាច់​ដោយ​ឡែក ដែល​មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ និង​ប្រើ​ប្រាស់​បន្ទប់​ទឹក/បង្គន់​ផ្សេង​ពី​សមាជិក​គ្រួសារ។ បរិភោគ​អាហារ​ដាច់​ដោយ​ឡែកពី​សមាជិក​គ្រួសារ។ ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ត្រូវ​នៅ​ឃ្លាត​ពី​គ្នា​យ៉ាង​តិច ១.៥ម៉ែត្រ
    ៤. ប្រើ​សម្ភារៈ​ផ្សេង​ពី​សមាជិក​គ្រួសារ ហាម​ប្រើ​សម្ភារៈ​រួម​គ្នា​ជាមួយ​អ្នក​ផ្ទះ។ លាង​សម្អាត​សម្ភារៈ​ទាំង​នោះ​ជាមួយ​ទឹក​ស្អាត និង​សាប៊ូ ឲ្យ​បាន​ស្អាត​ល្អ និង​បោក​គក់​សម្លៀក​បំពាក់​ឲ្យ​បាន​ស្អាត និង​ហាល​ថ្ងៃ​ឲ្យ​បាន​ល្អ។
    ៥. ញ៉ាំ​ម្ហូប​អាហារ​ដែល​ចម្អិន​បាន​ល្អ អាហារ​ត្រូវ​មាន​ជាតិ​ត្រី សាច់ បន្លែ ផ្លែ​ឈើ បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ និង​ជាតិ​ផ្អែម ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ។
    ៦. អនាម័យ​ល្អ​ក្នុង​កន្លែង​រស់​នៅ និង​រក្សា​អារម្មណ៍​នឹង​នរ​ធ្វើ​កិច្ចការ​ផ្សេងៗ​ដូច​ធម្មតា ហាត់​ប្រាណ​ក្នុង​ផ្ទះ។ សម្អាត​បន្ទប់​រស់​នៅ​ផ្ទាល់​ខ្លួន បន្ទប់​ទឹក និង​សម្ភារៈ​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ។
    ៧. លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ឲ្យ​បាន​ញឹក​ញាប់ ឬ​ប្រើ​ជែល អាកុល​លាង​ដៃ​ក៏​បាន មុន និង​ក្រោយ​ពេល​ចម្អិន​អាហារ ក៏​ដូច​ជា​ក្រោយ​ញ៉ាំ​អាហារ និង​ក្រោយ​ពេល​ប្រើ​ប្រាស់​បង្គន់​ហើយ។
    ៨.ខ្ទប់​មាត់ ច្រមុះ នៅ​ពេល​ក្អក ឬ​កណ្ដាស់ ដោយ​ប្រើ​ក្រដាស ម៉ាស់ ក្រម៉ា ឬ​ដោយ​កែង​ដៃ រួច​ត្រូវ​បោះ​ចោល​ក្រដាស​កខ្វក់​ក្នុង​ធុង​សំរាម រួច​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត។ល។

    ក្នុង​ករណី​ដែល​ធ្វើ​ចត្តាឡីស័ក រយៈ​ពេល​១៤​ថ្ងៃ មិន​មាន​ចេញ​រោគ​សញ្ញា​ណា​គួរ​ឲ្យ​បារម្ភ និង​បាន​បញ្ជាក់​ដោយ​លទ្ធផល​តេស្ត​ COVID-19 អវិជ្ជមាន ដោយ​មន្ទីរ​ពិសោធន៍ មាន​ន័យ​ថា​យើង​គ្មាន​ជំងឺ COVID-19 ទេ។ ប៉ុន្តែ បើ​ធ្វើ​ចត្តាឡីស័ក​ហើយ​ចេញ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ក្អក ពិបាក​ដក​ដង្ហើម គ្នា​យើង​គួរ​ទាក់​ទង​នឹង​លេខ ១១៥​ ឲ្យ​បាន​លឿន។​

    អ្នកជា១១COVID-19

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 01/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត