ពន្លឺភ្លើង LED (Light-Emitting Diodes)អាចហៅម្យ៉ាងទៀតឲ្យងាយយល់ថា ពន្លឺអគ្គិសនីប្រើឌីយ៉ូតមួយ ឬពីរដែលទោះជាចរន្តខ្សោយក៏អាចបំភ្លឺបានច្បាស់ខ្លាំង យើងអាចឃើញវានៅក្នុងជីវភាពរស់នៅរាល់ថ្ងៃ ដូចជា អំពូល LED ស្មាតហ្វូន កុំព្យូទ័រ Laptop ស្តុបចង្កៀងឡាន ម៉ូតូ ជាដើម ដែលជួយសម្រួលដល់ការរស់នៅ តែយ៉ាងណាមិញថ្មីៗនេះ អាជ្ញាធរសុខភាពរបស់បារាំងបានចេញរបាយការណ៍ព្រមានថា ប្រភពពន្លឺទាំងនោះអាចបង្កហានិភ័យដល់ភ្នែកទៅថ្ងៃមុខ បើមិនយកចិត្តទុកដាក់ទេនោះ។
អាជ្ញាធរសុខភាពបារាំងហៅកាត់ ANSES បានចេញរបាយការណ៍ ក្រើនរម្លឹកពីបញ្ហាខាងលើ បន្ទាប់ក្រុមស្រាវជ្រាវបានរកឃើញថា ប្រភពពន្លឺ LED អាចសម្លាប់កោសិការេទីន (កោសិកាក្នុងភ្នែក) បន្តិចម្តងៗ ដែលអាចឈានធ្វើឲ្យភ្នែកពិការទៀតផង។ នេះក៏ដោយសារតែពន្លឺម្យ៉ាងនៃ LED ដែលអ្នកវិទ្យាសាស្រ្តហៅថា “Blue Light” បំផ្លាញស្រទាប់រេទីនរបស់ភ្នែក។