ផ្សាយ​គ្រឿង​សម្អាង​អនឡាញ! តារាថៃ ៣៧​នាក់ ប្រឈម​វិធានការ​ច្បាប់

    ផ្សាយ​គ្រឿង​សម្អាង​អនឡាញ! តារាថៃ ៣៧​នាក់ ប្រឈម​វិធានការ​ច្បាប់

    នៅ​ស្រុក​គេ រឿង​លក់​ឡេ ឬ​គ្រឿង​សម្អាង​អនឡាញ គ្មាន​ប្រភព ឬ​ការ​អនុញ្ញាតិ​ត្រឹមត្រូវ អត់បាន​ទេ អាជ្ញាធរ​ច្បាស់​ជា​ចុះ​រឹបអូស និង​ចាត់វិធានការ​ផ្លូវ​ច្បាប់ ទាំង​ក្រុមហ៊ុន និង​អ្នកពាក់ព័ន្ធ ហើយ​ជាក់​ស្ដែង ដូច​តារា នៅ​ថៃ​នេះ​ស្រាប់។

    នៅ​ថៃ រដ្ឋបាល​ចំណីអាហារ និង​ឱសថ រៀបចំ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​តារា និង​អ្នក​ផ្សព្វផ្សាយ​លក់​ផលិត​ផលតាម​អនឡាញ ៣៧​នាក់ ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត នៃ​​ផលិតផល​គ្រឿងសម្អាងរបស់​​ក្រុមហ៊ុន Magic Skin Co.។ ពេល​នេះ ប៉ូលិស​កោះហៅ​តារា ១៣​នាក់ ក្នុង​ចំណោម​តារា​ទាំង ៣៧​នាក់ ឲ្យ​ចូលទៅ​បំភ្លឺ​ពី​ថ្ងៃ​ទី១១-១៣ ខែ​មិថុនា ២០១៩។

    លោក​ឧត្តមសេនីយ៍ Wirachai Songmetta អគ្គមេបញ្ជាការ​រង​ប៉ូលិស​ថៃ បញ្ជាក់​ថា រដ្ឋបាល​ចំណីអាហារ និង​ឱសថ បាន​ចោទប្រកាន់​តារា​ទាំង ១៣​នាក់ ជាផ្លូវការ​ហើយ លើ​ការ​រំលោភ​ច្បាប់​ស្ដីពី​គ្រឿង​សម្អាង និង​អាហារ ដោយ​ដើរតួនាទី​ផ្សព្វផ្សាយ​ភូតកុហក​ពីផលិតផល​គ្រឿងសម្អាង និង​អាហារ។ តារា​ទាំង ១៣​នាក់​នេះ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

    លោក Praphon Angtrakul ទីប្រឹក្សា​រដ្ឋបាល​ចំណីអាហារ និង​ឱសថ បញ្ជាក់​ថា រដ្ឋបាល ក៏​នឹង​ចាត់វិធានការ​ដូចគ្នា លើ​តារា ២៤​នាក់​ផ្សេងទៀត​ផងដែរ។ លោក​បន្ដ​ថា រដ្ឋបាល ហាម​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រក​ទម្ងន់ ហើយ​គ្មាន​គ្រឿងសម្អាង​ណា អាច​កែប្រែ​ស្បែក​ជា​អចិន្ត្រៃយ៍​នោះទេ។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា នៅ​ថៃ បើ​ផ្សព្វផ្សាយ​​ផលិតផល​អាហារ ដោយ​ភូតកុហក ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ និង​ពិន័យ​ប្រាក់ ៣​ម៉ឺន​បាត (ជិត ១​ពាន់​ដុល្លារ) ចំណែក​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​សម្អាង ដោយ​ភូតកុហក ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១​ឆ្នាំ និង​ពិន័យ​ជាប្រាក់ ១០​ម៉ឺន​បាត (ជិត ៣.២០០​ដុល្លារ)។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 07/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត