មួយ​សប្តាហ៍​ មនុស្ស​ស្រូប​​​ធាតុ​ប្លាស្ទិក​ទាំង​មិន​ដឹង​ខ្លួន ស្មើ​កាត​ ATM មួយ​សន្លឹក

    មួយ​សប្តាហ៍​ មនុស្ស​ស្រូប​​​ធាតុ​ប្លាស្ទិក​ទាំង​មិន​ដឹង​ខ្លួន ស្មើ​កាត​ ATM មួយ​សន្លឹក

    បើ​តាម​ដាន​ព័ត៌មាន អ្នក​ពិត​ជា​បាន​ដឹង​ថា​ ប្លាស្ទិក​កំពុង​ក្លាយ​ជា​វិបិត្ត​សាកលលោក​ទាំង​មូល។ ហើយ​មក​​ទល់​ពេល​នេះ​ ការ​សិក្សា​​បាន​បង្ហាញ​ថា​ មនុស្ស​យើង​អាច​ស្រូបសារធាតុ​ប្លាស្ទិក​ចូល​ខ្លួន​ ស្មើ​​នឹង​កាត​ប្លាស្ទិក ATM មួយ​សន្លឹក​ បើ​មិន​ចាប់​អារម្មណ៍​។

    ការ​ស្រាវជ្រាវ​នៃ​សាកលវិទ្យា​ល័យ Newcastle ប្រទេស​អូស្រ្តាលី បាន​រក​ឃើញ​ថា សារធាតុ​ប្លាស្ទិក​តូច​ៗ​ល្អិត​ ទំហំ​មិន​ដល់​ ៥​មិល្លីម៉ែត្រ​​ ស្រាប់​តែ​មាន​វត្ត​មាន​នៅ​ក្នុង​​ទឹក​ ចំណី​អាហារ ហើយ​សូម្បី​តែ​ខ្យល់​ដក​ដង្ហើម។ ការ​សិក្សា​​ក៏​បាន​បង្ហាញ​ទៀត​ថា ត្រឹម​តែ ​១​សប្តាហ៍​ មនុស្ស​ស្រូប​សារធាតុ​ប្លាស្ទិក​តូច​ៗ​ទាំង​នោះ ចូល​​ក្នុង​ខ្លួន​ ដល់​ទៅ ​៥​ក្រាម ឬ​ ២​.០០០ ភាគ​ល្អិត​ប្លាស្ទិក​។

    បើ​តាម​លោក​ស្រី Kala Senathirajah ​ដែល​ជាអ្នក​ចួល​រួម​ក្នុង​ការសិក្សានេះ ​ប្រាប់​សារព័ត៌មាន​ CNN ថា ភាគ​ល្អិត​តូច​ៗ​នៃ​ប្លាស្ទិក​ទាំង​នោះ មាន​ប្រភព​ដើម​ផ្សេង​ៗ​​ រាប់​ទាំង​ សរសៃ​អំបោះ​សប្បនិម្មិត ភាគ​ល្អិត​ក្នុង​ថ្នាំ​ដុស​ធ្មេញ ហើយ​ធាតុ​ប្លាស្ទិក ដែល​មនុស្ស​ចោល​រាល់​ថ្ងៃ ដែលបន្តិច​ៗ​ម្តង​ បាន​ផ្សាយ​ភាយ​ចូល​ទៅ​ក្នុង​ប្រភព​ទឹក មាន​ទាំង​ទន្លេ សមុទ្រ​។ បន្ថែម​ពី​នោះ សត្វ​សមុទ្រ​ ដូច​ជា ​​ត្រី មឹក​ ដែល​បាន​លេប​ចូល​សារធាតុ​ទាំង​នោះ ​ក៏​បាន​ក្លាយ​ជា​ប្រភព​អាហារ​របស់​មនុស្ស​ផង​ដែរ។​

    លោក​ស្រី​ អះអាង​ទៀត​ថា៖ ” ច្បាស់​ណាស់​ រឿង​ប្លាស្ទិក​ កំពុង​ក្លាយ​ជា​បញ្ហា​នៅ​ជុំ​វិញ​ពិភពលោក។ ហើយ​ការ​សម្អាត​ប្លាស្ទិក​តែ​មួយមុខ​ មិន​អាច​បំបាត់​បញ្ហា​នេះ​បាន​ឡើយ​ ព្រោះ​​ធាតុ​ប្លាស្ទិក​ នៅ​តែ​មក​ពី​ប្រភព​ផ្សេង​ទៀត​។​”

    ដោយ​ឡែក ការ​ស្រាវជ្រាវ​​​នៅ​ឆ្នាំ​ ២០១៨ លើ​ប្រធាន​បទ ​”គ្មាន​ធាតុ​​ប្លាស្ទិក​​ក្នុង​ធម្មជាតិ​” ផ្តល់​មូលនិធិ ​ដោយ​អង្គការ​សត្វ​ព្រៃ​ពិភព​លោក WWF បាន​រក​ឃើញ​ថា ត្រឹម​តែ​ប្រភព​ទឹក​​មនុស្ស​ទទួល​ទាន គឺ​មាន​ធាតុ​ប្លាស្ទិក​ ១.៧៦៩ ​​ភាគ​ល្អិត​ទៅ​ហើយ ពិសេស​ប្រភព​ទឹក​នៅ​សហរដ្ឋអាមេរិក ឥណ្ឌា និង​ឥណ្ឌូណេស៊ី​ ជា​ដើម។

    អត្ថបទពាក់ព័ន្ធ៖

    មក​ទល់​ពេល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ សិក្សា​លើ​បញ្ហា​​កើត​មាន​លើ​មនុស្ស នៅ​ពេល​ស្រូប​ចូល​​ក្នុង​ខ្លួន​បែប​នេះ ដែល​អាច​បង្ក​ជា​បញ្ហា​សុខភាព​អ្វី​ខ្លះ​ទៅ​ថ្ងៃ​មុខ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 22/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត