បើស្រីៗ​អាច​មាន​មហារីកក្រពេញអូវែ ឥឡូវ​អាច​ពិនិត្យ​ដឹង​មុនរហូត ២ឆ្នាំ

    បើស្រីៗ​អាច​មាន​មហារីកក្រពេញអូវែ ឥឡូវ​អាច​ពិនិត្យ​ដឹង​មុនរហូត ២ឆ្នាំ

    ជាទូទៅ ការពិនិត្យ​ឈាម ស្វែងរក​រោគសញ្ញា​ជំងឺ​ណាមួយ​ឃើញ ទាល់តែ​មេរោគ​ជំងឺនោះ បាន​ឆ្លងចូល ឬកើតមាន​ក្នុង​រាងកាយ​របស់យើង តែ​នេះ​ពិតជា​ពិសេស​មែន ការពិនិត្យ​ឈាម ស្វែងរក​ជំងឺមហារី​ក្រពេញអូវែ អាច​ត្រូវ​ពិនិត្យ​ឃើញ មុន​រោគសញ្ញា​នៃ​ជំងឺនេះ លេចឡើង​រហូត​ដល់ ២​ឆ្នាំ។

    ការ​រកឃើញ​នេះ គឺតាមរយៈ​ការប្រើ Algorithm កុំព្យុទ័រ វិភាគ​អត្រា​ហានិភ័យ​របស់​ស្រ្តី ប្រឈម​ការ​កើត​មហារីក​ក្រពេញអូវែ ពី​កម្រិត​មធ្យម ទៅ​ធ្ងន់ធ្ងរ។ ការរកឃើញ​នេះ ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្រ្ត មកពី​សាកលវិទ្យាល័យ Queen’s University Belfast របស់​ចក្រភព​អង់គ្លេស ដោយ​ពិនិត្យ​លើ​ស្ត្រី​មាន​សុខភាព​ល្អ ៨០​នាក់។ តាម​លទ្ធផល​ឈាម ដែល​យក​ទៅ​ពិនិត្យ​រាល់ឆ្នាំ ស្ត្រី ៤៩​នាក់ ក្រោយមក មាន​រោគសញ្ញា​ជំងឺ​មហារីក​ក្រពេញ​អូវែ (Epithelial Ovarian Cancer)។

    ប៉ុន្ដែ ១​ឆ្នាំ មុន​លេចចេញ​រោគសញ្ញា​នេះ ការ​ពិនិត្យឈាម អាច​កំណត់​បាន​រហូត​ដល់ ៦៨% នៃ​អ្នក​ដែល​វិវត្ត​​​កើត​មហារីក​ក្រពេញអូវែ ប្រភេទ​កាច និង ៥៣% នៃ​អ្នក​កើត​មហារីក ប៉ុន្ដែ​វិវត្ត​យឺត។ ២​ឆ្នាំ មុន​លេចចេញ​រោគសញ្ញា ក៏​ការ​ពិនិត្យ​ឈាម អាច​កំណត់​អ្នក​ដែល​វិវត្ត​ ​កើត​មហារីក​ក្រពេញ​អូវែ បាន​ដល់ ២៨% ផងដែរ។

    ប្រូតេអ៊ីន C125 ដែល​រកឃើញ​ក្នុង​ខ្លួន​ស្ត្រី​ទាំង ៨០​នាក់ គឺជា​សញ្ញា​ដំបូង នៃ​ការ​កើតមាន​មហារីក​ក្រពេញអូវែ ដែល​អ្នក​វិទ្យាសាស្ត្រ​អាច​កំណត់​បាន។ ប៉ុន្ដែ នៅ​មាន​ប្រូតេអ៊ីន​ថ្មី ៣​ប្រភេទ​ទៀត ដែល​រួមគ្នា​ជាមួយ​ប្រូតេអ៊ីន C125 ធ្វើ​ឲ្យ​ការ​កំណត់​របស់​អ្នក​វិទ្យាសាស្ត្រ កាន់តែ​មាន​ភាព​ត្រឹមត្រូវ​បន្ថែម​ទៀត។ តាមរយៈ​លទ្ធផល​វិជ្ជមាននេះ អ្នកវិទ្យាសាស្ត្រ គ្រោង​នឹង​ធ្វើការ​ពិសោធន៍​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​លើ​ជំងឺ​មហារីក​ក្រពេញ​អូវែ គ្រប់​ទម្រង់​ទាំង​អស់។

    អត្ថបទពាក់ព័ន្ធ៖

    វេជ្ជបណ្ឌិត Rachel Shaw ប្រធាន​ផ្នែក​ព័ត៌មាន នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក នៅ​ចក្រភព​អង់គ្លេស បញ្ជាក់​ថា ប្រមាណ​ពាក់​កណ្ដាល​នៃ​ករណី​ជំងឺ​មហារីក​ក្រពេញ​អូវែ ប្រទះ​ឃើញ​នៅ​ដំណាក់កាល​ចុងក្រោយ ដូច្នេះ ការព្យាបាល មាន​ប្រសិទ្ធភាព​តិចណាស់។ ការ​បង្កើត​គំរូ​តេស្ដឈាម​ថ្មីនេះ អាច​ជួយ​កំណត់​ជំងឺ​កាន់តែ​ឆាប់ និង​ជួយ​ឲ្យ​ការ​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 26/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត