តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រកឃើញថ្មីទៀត វីរុស COVID-19 ក៏​បង្កការខូចខាតដល់បេះដូងដែរ

    រកឃើញថ្មីទៀត វីរុស COVID-19 ក៏​បង្កការខូចខាតដល់បេះដូងដែរ

    អ្នកស្រាវជ្រាវជាច្រើនថាវីរុស COVID-19 គឺជាទូទៅ​វាយលុក​ទៅ​លើ​សួត​ ប៉ុន្តែ​គ្រូពេទ្យ​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា​វីរុស​នេះក៏​បាន​វាយលុក​ផ្នែក​ផ្សេង​នៃ​រាងកាយដែរ ​នោះ​គឺ​បេះដូង។​​

    ការសិក្សាមួយ​ចេញផ្សាយ​ថ្ងៃ​ទី២៧ ខែ​មីនា​នៅ​ JAMA Cardiology បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​អ្នក​ជំងឺ​៥នាក់ មានលើសពី​ម្នាក់​ដែល​មាន​ការ​ខូចខាត​បេះដូង​បង្ក​ដោយ​វីរុស COVID-19 នៅ​ទី​ក្រុង​អ៊ូហាន ប្រទេស​ចិន។ អ្នក​ជំងឺ​មួយ​ចំនួន​មាន​ប្រវត្តិ​មាន​ជំងឺ​បេះដូង និង​អ្នក​មួយ​ចំនួន​គឺ​មិន​មាន​ទេ។

    អ្នក​ឯកទេស​ផ្នែក​បេះដូង​បាន​លើក​ឡើង​ថា​នេះ​អាច​មក​ពីកត្តា​ផ្សេងៗ​ដូចជា​បេះដូង​ពិបាក​ក្នុង​ការ​បូម​ឈាម​ដោយ​សារ​ខ្វះ​អុកស៊ីសែន ឬ​វីរុស​បាន​លុកលុយ​ចូលទៅ​ក្នុង​កោសិកា​បេះដូង​ផ្ទាល់ ហើយ​ដើម្បី​កំចាត់​វីរុស​ធ្វើ​ឲ្យ​មាន​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​ច្រើន​ដែល​វាយ​ប្រហារ​បេះដូង។

    វេជ្ជបណ្ឌិត Mohammad Madjid ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាលាវេជ្ជសាស្រ្ត​ McGovern បាន​និយាយ​ថា​​វីរុស COVID-19 នេះ​មិន​មែន​ជា​វីរុស​តែ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​បេះដូង​ទេ។ ការសិក្សា​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៨ នៅក្នុង New England Journal of Medicine ថា​នៅ​ពេល​ឆ្លង​វីរុស​ផ្ដាសាយ ហានិភ័យ​គាំងបេះដូង​ក៏​កើនឡើងដែរ។

    ដោយឡែក អំឡុងពេល​ផ្ទុះ​ការរាតត្បាតនៃជំងឺ​ផ្តាសាយពីមុន អ្នក​ជំងឺ​ស្លាប់​ដោយសារ​បញ្ហា​បេះដូង​ច្រើន​ជាងស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ នេះបើតាម​ការ​ចេញ​ផ្សាយ​របស់​ការ​សិក្សា​​នៅ JAMA Cardiology ដដែល។ ការ​ឆ្លង​ដោយ​វីរុស​អាច​រំខាន​ដល់​ចរន្តឈាម​ទៅ​កាន់​បេះដូង​បណ្តាលឲ្យ​ចង្វាក់បេះដូង​មិន​ប្រក្រតី និងបង្កឲ្យ​ខ្សោយបេះដូង។

    វីរុស​នេះ​អាចនឹង​វាយប្រហារ​បេះដូង​ដោយ​ផ្ទាល់។ វេជ្ជបណ្ឌិត Erin Michos អ្នក​ដឹកនាំ​ផ្នែក​បង្ការ​ជំងឺ​បេះដូង​នៅ​សាលាវេជ្ជសាស្ត្រ John Hopkins បាន​និយាយ​ថា​មាន​អ្នក​ជំងឺ​ដែល​មិន​មាន​ជំងឺ​បេះដូង​បានទទួលរង​ការ​ខូចខាត​បេះដូង។ ការ​ខូចខាត​បេះដូង​នេះមិន​កើតមានក្នុងករណីរោគសញ្ញា​ស្រាល​​របស់​វីរុស COVID-19ទេ ភាគច្រើន​កើតទៅលើ​អ្នក​ជំងឺ​ដែល​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ។

    ទោះបីជា​វីរុស​នេះ​វាយប្រហារ​ទៅ​លើ​សួត​ក៏ដោយ តែ​វីរុសនេះមាន​នៅ​ក្នុង​ចរន្តឈាម​ដែល​​អាច​ឲ្យ​វីរុស​វាយប្រហារ​ទៅ​លើ​សរីរាង្គ​ផ្សេងៗ រួមទាំង​បេះដូងដែរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    កោសិកា​បេះដូង និង​សួត​គឺ​មាន​ប្រូតេអ៊ីន​ខាងក្រៅ​ដូចគ្នា​មាន​ឈ្មោះ​ថា angiotensin-converting enzyme 2 (ACE2) ដែល​ជា​ច្រក​ចូល​របស់​វីរុស COVID-19​ទៅ​ក្នុង​កោសិកា។ ប៉ុន្តែ​អង់ស៊ីម​នេះ​គឺ​ជា​អាវុធ​មុខ​ពីរ​ដោយ​ ACE2 ដើរតួជា​ច្រក​ចូល​របស់​វីរុស​ទៅ​កាន់​កោសិកា​ និង​បំបែក​ខ្លួនផង និង​មាន​នាទី​ប្រឆាំង​ការ​រលាក​​ដោយ​ទប់ស្កាត់​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​បង្ក​ការ​ខូចខាត​ទៅ​លើ​កោសិកា​ផ្សេងៗ​ក្នុង​រាងកាយផង។

    នៅ​ពេល​វីរុស​ចូល​ទៅ​ក្នុង​ប្រូតេអ៊ីន ACE2 ប្រូតេអ៊ីន​នេះ​នឹង​កាត់បន្ថយ​ការ​ការពារ​ការ​រលាក​។ ដូចនេះ​វីរុស​នឹង​បង្ក​ការ​ខូចខាត​កោសិកា​ដោយ​ផ្ទាល់ និង​រារាំង​រាងកាយ​ពី​ជាលិកា​ការពារ​ការ​រលាក។ វេជ្ជបណ្ឌិត Michos បាន​បន្ត​ថា​ប្រសិនជា​បេះដូង​រង​ការ​រលាក និង​ខូចខាត​ដោយសារ​វីរុស បេះដូង​នឹង​មិន​អាច​ដំណើរ​ការ​បាន​ទេ។

    ម៉្យាងទៀត វីរុស COVID-19 អាច​នឹង​បង្ក​ការ​ខូចខាត​ដល់​បេះដូង​ដោយ​ប្រយោល​ដែល​បណ្ដាល​មក​ពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ជំងឺ​។ ក្នុង​ករណី​នេះ​ភាគច្រើន​កើតលើ​​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​មាន​កម្រិត​រលាក​ខ្ពស់​ក្នុង​រាងកាយ។ ស្ថានភាព​នេះ​គេ​ហៅ​ថា ​Cytokine storm ​ដែលកោសិកាបញ្ចេញដោយប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងវីរុស និងការរលាក។ Cytokine​ storm នេះបង្ក​ការ​ខូចខាត​ដល់​សរីរាង្គ​ផ្សេងៗ​មាន​បេះដូង និង​ថ្លើម​ជាដើម។

    អ្នក​ស្រី Michos បាន​បន្ត​ទៀត​ថា​សម្រាប់​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​បេះដូង​ស្រាប់​គឺ​មាន​ហានិភ័យ​ខ្ពស់​ស្ថិតក្នុង​អាការៈ​ធ្ងន់ធ្ងរ និងអាច​ស្លាប់។ នេះ​ដោយសារ​តែ​បេះដូង​របស់​អ្នកទាំងនោះ​គឺ​មាន​ការលំបាក​ក្នុង​ការ​ដំណើរការ​ស្រាប់​ និង​ខ្វះ​អុកស៊ីសែន​ដែល​បង្ក​ដោយ​សួត​របស់អ្នកជំងឺ​​ក៏​មិន​ដំណើរការបាន​​ត្រឹមត្រូវ​។

    សម្រាប់​ការ​ព្យាបាល​ទៅ​បញ្ហា​បេះដូង​នេះ​គឺ​មាន​ការ​លំបាក​ព្រោះ​ថា​ត្រូវ​ដឹង​ពី​មូលហេតុ​នៃ​ការ​បង្ក​ការ​ខូចខាត​នេះ។ ឧទាហរណ៍​ ប្រសិន​ជា​វីរុស​លុកលុយ​បេះដូង​ដោយ​ផ្ទាល់ នោះ​អ្នកជំងឺ​ត្រូវ​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស។ ប៉ុន្តែ​ក្នុង​ករណី​មក​ពី​ប្រព័ន្ធភាពស៊ាំ​ជា​អ្នក​បង្ក​ការ​ខូចខាត អ្នក​ជំងឺ​ត្រូវការ​ថ្នាំ immunosuppressants។

    បច្ចុប្បន្ន​នៅ​មិន​ទាន់​ការ​ព្យាបាល​ជាក់លាក់​សម្រាប់​វីរុស COVID-19ទេ។ ការ​ព្យាបាល​ភាគច្រើន​គឺ​ព្យាបាល​តាមរោគសញ្ញា និង​បញ្ចូល​អុកស៊ីសែន​ដល់​អ្នក​ជំងឺ។ អ្នកស្រី​ Michos បាន​ឲ្យ​ដឹង​ថា​គោលដៅ​សម្រាប់​ពេល​នេះ​គឺ​រក​មូលហេតុ​ដែល​បង្ក​ការ​ខូចខាត​ដល់​បេះដូង និង​អ្នក​ជំងឺ​ប្រភេទ​ណា​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​នេះ ដើម្បី​ស្វែងរក​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​បេះដូង​ពី​ការ​ខូចខាត​នេះ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livescience.com/how-coronavirus-affects-heart.html?

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: