សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

ហើមពោះ

មូលហេតុសាមញ្ញ ២ ធ្វើឲ្យមានអាការៈហើមពោះ

បញ្ហា​ហើម​ពោះ​អាច​កើត​មាន​ញឹក​ញាប់​ដែរ បើ​សិន​ជា​​គ្នា​យើង​មាន​ទម្លាប់​រំលង​ពេល​ញ៉ាំ​អាហារ ឬ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ។ ទម្លាប់​សាមញ្ញ​ទាំង​នេះ​ទំនង​ជា​គ្នា​យើង​មិនសូវ​ចាប់​អារម្មណ៍​ថា​​ជា​មូល​ហេតុ​បង្ក​ទេ តែ​ជាក់​ស្តែង​ទម្លាប់​ទាំងនេះ​ជា​មូល​ហេតុ​បង្ក​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេង​ទៀត​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១. រំលង​ការ​ញ៉ាំ​អាហារ​ បើ​និយាយ​ដល់​ការ​រំលង​ការ​ញ៉ាំ​អាហារ គ្នា​យើង​ខ្លះ​ពិត​ជា​ធ្លាប់​មិន​ខាន ហើយ​អ្នក​ខ្លះ​រំលង​ពេល​ញ៉ាំ​អាហារ​ដោយ​សារ​ប្រញាប់​ទៅ​ធ្វើ​ការ ឬ​អ្នក​ខ្លះ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ញ៉ាំ​តែ​កាហ្វេ​ ចាំ​សរុប​ថ្ងៃត្រង់​ក៏​មាន​។ បើ​សង្កេត​ឃើញ​ថា​ចេះ​តែ​ហើម​ពោះ​ញឹក​ញាប់ ចូរ​សង្កេត​វិញ​ថា​តើ​បាន​រំលង​ការ​ញ៉ាំ​អាហារ​ពេល​ណា​មួយ​ឬ​យ៉ាងណា។ ការ​មិន​ញ៉ាំ​អាហារ​ទៅ​តាម​ពេល​ធ្វើ​ឲ្យ​ពោះ​យើង​ទទេ មាន​តែ​អាស៊ីដ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រមួល​ពោះ ហើម​ពោះ មាន​អារម្មណ៍​ចង់​ចង្អោរ ជា​ដើម​។ ហេតុ​អ្វី? ព្រោះ​ថា​ពេល​យើង​រំលង​ការ​ញ៉ាំ​អាហារ ពោះ​យើង​ទទេ ពេល​នោះ​ក្រពះ​មិន​មាន​អ្វី​រំលាយ ទើប​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ទាំង​នេះ​កើត​ឡើង​។ ​​​​​​​​​ដូច​គ្នា​ដែរ​ ឧទាហរណ៍​ថា​បើ​​រំលង​អាហារ​ពេល​ព្រឹក នោះ​ពេល​ដល់​អាហារ​ថ្ងៃ​ត្រង់​​យើង​​អាច​នឹង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ហួស​ពី​អ្វី​ដែល​ក្រពះ​ត្រូវ​ការ​​ ដែល​ការណ៍​នេះ​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ហើម​ពោះ​ដែរ​។ ២. អង្គុយ​យូរ​ម៉ោង​ ការ​ចំណាយ​ពេល​អង្គុយ​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ក៏​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​ហើម​ពោះ​ដែរ​។​ ការ​អង្គុយ​យូរ ធ្វើ​ឲ្យ​ការ​រំលាយអាហារ​យឺត​ជាង​ធម្ម​តា​ ដែល​ការណ៍​នេះ​អាច​​ធ្វើ​ឲ្យ​យើង​ហើម​ពោះ ទល់លាមក និង​ក្រហាយ​ទ្រូង ជា​ដើម។ បន្ថែម​ពី​នេះ ការ​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ធ្វើ​ការ​របស់​ពោះវៀន​មាន​តិច​ជាង​ពេល​យើង​ឈរ។ អ្នក​ជំនាញ​ជឿ​ថា​ពេល​យើង​អង្គុយ​យូរ​ម៉ោង អាហារ​ដែល​យើង​ញ៉ាំ​ពិបាក​ក្នុង​ការ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយអាហារ ដែល​អាច​​ជា​មូល​ហេតុ​នាំ​ឲ្យ​ហើម​ពោះ​។ ​ជា​ការ​ណែ​នាំ​ក្រោយ​ញ៉ាំ​អាហារ​រួច គួរ​ដើរ​ចុះ​ឡើង​បន្តិច បើ​យើង​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ពោះ ដូច​ជា​តឹង​ពោះ ឬ​ហើម​ពោះ​ ព្រោះ​ថា​ការ​ធ្វើ​ចលនា​ក្រោយ​ញ៉ាំ​អាហារ​ជួយ​ដល់​ការ​រំលាយ​អាហារ​​។


ហើមពោះ

ហេតុផលបីយ៉ាង គួរបោះបង់ទម្លាប់ញ៉ាំអាហារលឿនៗចោល

គ្នា​យើង​មួយ​ចំនួន​​​ប្រហែល​ជា​មាន​ទម្លាប់​ញ៉ាំ​អាហារ​លឿន ដោយ​សារ​តែ​មាន​ការ​រវល់​ច្រើន ​ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​លឿន​បែប​នេះ​មិន​មាន​ផល​ល្អ​​ចំពោះ​សុខ​ភាព​យើង​នោះ​ទេ​។ ខាងក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​គ្នា​យើង​គួរ​ប្ដូរ​ទម្លាប់​ញ៉ាំ​អាហារ​លឿន​បែប​នេះនេះ​​។ ១. អាហារ​មិន​ងាយ​​រំលាយ​ បើ​គ្នា​យើង​មាន​ទម្លាប់​ញ៉ាំ​អាហារ​មួយ​ចាន​ចំណាយ​ពេល​តែ​មួយ​ពព្រិច​ភ្នែក នោះ​គ្នា​យើង​ក៏​ទំនង​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​ជា​តឹង​ពោះ ឬ​ហើម​ពោះ​ជា​ដើម។ ពេល​យើង​ញ៉ាំ​អាហារ​លឿន យើង​ទំពា​មិន​បាន​ហ្មត់​ល្អ​នោះ​ទេ ហើយ​ថែមទាំង​បាន​នាំ​យក​ខ្យល់​ចូល​ក្នុង​ពោះ​ច្រើន​ទៀត​​ផង​ ជា​លទ្ធ​ផល​នាំ​ឲ្យ​យើង​មាន​ខ្យល់​ក្នុង​ពោះ និង​ហើម​ពោះ។ ពេល​យើង​ញ៉ាំ​លឿន អាហារ​មិន​ហ្មត់​ល្អ ធ្វើ​ឲ្យ​ពិបាក​រំលាយ នាំឲ្យ​ពោះ​នៅ​តឹង​យូរ​ទម្រាំ​អាហារ​ត្រូវ​រំលាយ​អស់។ ញ៉ាំ​អាហារ​តាម​សម្រួល ទំពា​ឲ្យ​ហ្មត់​ល្អ ជួយ​ឲ្យ​ការ​រំលាយ​អាហារ​បាន​ល្អ​​។ ២. ឡើង​ទម្ងន់​ បើ​និយាយ​ដល់​ឡើង​ទម្ងន់​ស្រី​ៗ​ឮ​ច្បាស់​ជា​ភ្ញាក់​ផ្អើល​មិន​ខាន។ បើ​អ៊ីចឹង​ មិន​ចង់​ឲ្យ​គីឡូ​ឡើង​ទេ ស្រី​ៗ​យើង ឬ​ប្រុសៗ​ក៏​ដោយ​គួរ​ពិនិត្យ​មើល​ពី​ទម្លាប់​ទំពា​អាហារ​របស់​យើង​​ហើយ​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​អាហារ​លឿន​ៗ​ជា​ប្រចាំ​មាន​ឥទ្ធិ​ពល​ខ្លាំង​ដល់​ការ​ឡើង​គីឡូ​។ អ្នក​ជំនាញ​ជឿ​ថា​ក្រពះ​របស់​យើង​ត្រូវ​ការ​ពេល​ប្រហែល​២០​នាទី​ដើម្បី​អាច​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល​ថា​ឆ្អែត​។ ការ​ទំពា​អាហារ​លឿន​ធ្វើ​ឲ្យ​រាង​កាយ​​យើង​បាន​កាឡូរី​ច្រើន​ជាង​តម្រូវ​ការ មុន​ពេល​ដែល​ក្រពះ​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល​ថា​អាហារ​គ្រប់​គ្រាន់​។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ដែរ​ថា​ការ​ញ៉ាំ​អាហារ​យឺត​ៗ​ ក៏​បាន​បន្ថយ​កម្រិត​អ័រម៉ូន​ធ្វើ​ឲ្យ​ឃ្លាន​អាហារ​ឈ្មោះ​ថា ghrelin ថយ​ចុះ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​អាហារ​តិច​។ ផ្ទុយ​មក​វិញ បើ​យើង​ញ៉ាំ​អាហារ​លឿន​ៗ​ រាង​កាយ​យើង​មិន​អាច​ដាក់​សម្ពាធ​លើ​អ័រម៉ូន ghrelin បាន​ទេ និង​ធ្វើ​ឲ្យ​យើង​បន្ត​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ច្រើន​។​ ៣. បញ្ហា​សុខ​ភាព​រយៈ​ពេល​វែង​ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​លើ​ព្រឹត្តិបត្រ ​BMC Public Healthកាល​ឆ្នាំ​២០១៨ ​ដែល​សិក្សា​លើ​មនុស្ស​៨០០០​ នាក់​បាន​បង្ហាញ​ថា​​អ្នក​ញ៉ាំ​អាហារ​លឿន​ៗ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​លើស​ឈាម កើន​ឡើង​ខ្លាញ់​ក្បាល​ពោះ កូលេស្តេរ៉ូល​ឡើង​ខ្ពស់ និង​កម្រិត​ជាតិ​ស្ករ​ឡើង​ខ្ពស់​ដែរ​។ ​ការ​ញ៉ាំ​អាហារ​លឿន​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​មិន​អាច​កំណត់​បាន​ជាក់​លាក់​ពី​អ្វី​ដែល​យើង​បាន​ញ៉ាំ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ពិបាក​កំណត់​ថា​ពេល​អាហារ​បន្ទាប់​ត្រូវ​ញ៉ាំ​កម្រិត​ណា។ ញ៉ាំ​អាហារ​លឿន​នៅ​ពេល​ថ្ងៃត្រង់ អាច​នាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​ល្ងាច​។ ដូច​នេះ​ហើយ គ្នា​យើង​គួរ​ចំណាយ​ពេល​ញ៉ាំ​អាហារ​រង្វង់​២០​នាទី ដើម្បី​ឲ្យ​ក្រពះ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ជូន​សញ្ញា ទៅ​ខួរ​ក្បាល​ថា​អាហារ​យើង​ញ៉ាំ​គ្រប់​គ្រាន់​។​ ការ​ញ៉ាំ​អាហារ​លឿន​ៗ​ធ្វើ​ឲ្យ​ពិបាក​បញ្ជូន​សញ្ញា​នេះ ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​ច្រើន​ជាង​​អ្វី​ដែល​ក្រពះ​ត្រូវ​ការ​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដឹងអត់! ព្រីងមានប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ​

រដូវ​នេះ​ ប្រទេស​កម្ពុជា​យើង​កំពុង​តែ​សម្បូរ​ព្រីង​ ហើយ​គ្នា​យើង​មិន​តិច​នាក់​ទេ​ ទំនង​ជា​ចូល​ចិត្ត​ញ៉ាំ។ ផ្លែ​ឈើ​​តាម​រដូវ​មួយ​ប្រភេទ​នេះ មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​បែប​ណា​ដែរ? ខាង​ក្រោម​នេះ​ជា​ផល​ប្រយោជន៍​ផ្លែ​ព្រីង​ចំពោះ​សុខភាព​ដែល​គ្នា​យើង​ទំនង​មិន​សូវ​បាន​ដឹង​​ទាកទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ១. ផល​ប្រយោជន៍​ប្រព័ន្ធ​រំលាយ​អាហារ​ ព្រីង​ត្រូវ​បាន​អ្នក​ជំនាញ​ជឿ​​ថា​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់ ព្រោះ​ថា​ផ្លែឈើ​ប្រភេទ​នេះ​មាន​មាន​កាឡូរី​ទាប និង​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗផ្សេង​ទៀត​​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​បញ្ចេញ​ខ្លាញ់​ដែល​លើស​ចេញ​ពី​រាង​កាយ​បាន​យ៉ាង​ល្អ។ ព្រីង​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​រាក​រ៉ាំរ៉ៃ​ផង​ដែរ។ មួយ​វិញ​ទៀត ព្រីង​ ក៏​ជួយ​ដោះស្រាយ​បញ្ហា​ហើម​ពោះ ឬ​ហ្គាស​ក្នុង​ពោះ​ដូច​គ្នា​។ បន្ថែម​ពី​នេះ​ព្រីង ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ។ ផ្លែឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សារ​ធាតុ​បញ្ចុះ​នោមជួយ​ឲ្យ​រាង​កាយ និង​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ និង​បន្ថយ​អាការៈ​ទល់លាមក​ ជួយ​ឲ្យ​បត់ជើង​បាន​ស្រួល​។ ២. ព្រីង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​អ្វី​ខ្លះ?​ ព្រីង​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​កាឡូរី​ទាប​នោះ​ទេ តែ​ផ្លែ​នេះ​មាន​ផ្ទុក​វីតាមីន C ជាតិ​ដែក កាល់ស្យូម ម៉ាញ៉េស្យូម និង​អាស៊ីត​ហ្វូលិក​។ ដូច​គ្នា​ដែរ ព្រីង ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំ​ង​អុកស៊ីត​កម្ម សារធាតុ​បញ្ចុះ​នោម និង​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​។ ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ព្រីង​ទាំង​នេះ ក្រៅពី​មាន​ប្រយោជន៍​ដល់​សុខភាព​ប្រព័ន្ធ​រំលាយអាហារ ក៏​នៅ​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​បញ្ហា​ថ្លើម​ផ្សេង​ទៀត។ ដូច​គ្នា​ដែរ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏​អាច​ញ៉ាំ​ផ្លែ​ព្រីង​នេះ​បាន​ដែរ​។


ជំងឺរាក

រាករូស​​​ក្រោយ​ផឹក​គ្រឿង​ស្រវឹង​បណ្ដាល​មក​ពី​អ្វី​? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ផឹក​គ្រឿង​ស្រវឹង​​​អាច​​បង្ក​ឲ្យ​មាន​​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​រាងកាយ​របស់​យើង​។​ ​ពិត​ណាស់​ ផល​ប៉ះពាល់​ទាំង​នេះ​អាច​មាន​លក្ខណៈ​​ខុស​ៗ​គ្នា​​ ដែល​មាន​ដូចជា​ការ​​ពិបាក​ក្នុង​ការ​ទប់​លំនឹង​ រហូត​ដល់​ខ្សោយ​ក្រពះ​ពោះវៀន​ ។​ ​ជាតិ​អាកុល​​ងាយ​ស្រួល​ស្រូប​​ចូល​​ទៅ​ក្នុង​ជាលិកា​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​។​ អាការៈ​រាក​រូស​​ក្រោយ​ផឹក​គ្រឿងស្រវឹង​អាច​ជា​លទ្ធផល​អវិជ្ជមាន​មួយ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​ ហើយ​វា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត​ផង​ដែរ​។ មូលហេតុ​អ្វី​បាន​ជា​​រាក​ ក្រោយ​ផឹក​គ្រឿង​ស្រវឹង​? ប្រសិនបើ​យើង​បាន​ញ៉ាំ​អាហារ​ទ្រាប់​ពោះ​នៅ​ពេល​ផឹក​គ្រឿង​ស្រវឹង​ អត្រា​នៃ​ការ​ស្រូប​យក​គ្រឿង​ស្រវឹង​​​មាន​​ភាព​យឺតយ៉ាវ។​ ដូច្នេះ​ហើយ​ ទើប​គ្នា​យើង​ដែល​មិន​ញាំអាហារ​ទ្រាប់ពោះ ​មាន​អារម្មណ៍ថា​​​​​​​ប៉ះពាល់​​​គ្រឿង​ស្រវឹង​លឿន​​​នៅ​ពេល​ពោះ​ទទេ​។ ជាក់​ស្ដែង​ ជាតិ​អាកុល​រំខាន​ដល់​សមត្ថភាព​​របស់​ពោះវៀន​ធំ​ក្នុង​ការ​ស្រូប​យក​ទឹក​ ដែល​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​លាមក​​​ក្លាយ​ទៅ​ជា​សំបោរ​រាវ​។ អេតាណុល​ ជា​ប្រភេទ​ជាតិ​អាកុល​ទូទៅ​ដែល​យើង​ផឹក​ ដែល​អាច​ធ្វើ​ឲ្យ​រលាក​​បំពង់​ក្រពះ​ពោះវៀន​។​ ​ការ​ក្រហាយ​ និង​ការ​រលាក​ កើត​ឡើង​បណ្ដាល​មក​ពី​សមត្ថភាព​នៃ​​​​ជាតិ​អាកុល​ក្នុង​ការ​ផលិត​អាស៊ីដ​ក្រពះ​ច្រើន​។​ ​ស្រាបៀ​ និង​ស្រា​ក្រហម​​ច្រើន​តែ​មាន​ផល​ប៉ះពាល់​នេះ​ ដែល​បណ្ដាល​ឲ្យ​យើង​រាករូស​។ ​​​​អ្នក​ងាយ​រាក​រូស​ នៅ​ពេល​ផឹក​គ្រឿង​ស្រវឹង​ ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ ជំងឺ​ Crohn’s (ជំងឺរលាកពោះវៀនធំមួយប្រភេទ) ​ជំងឺ​ក្រពះ​ពោះវៀន​ផ្សេង​ទៀត​ អាលែកហ្ស៊ី​នឹង​អាហារ​មួយ​ចំនួន​ ទម្លាប់​ផឹក​ស្រា​ជា​ប្រចាំ​ ឬ​ផឹក​ស្រា​ច្រើន​ជ្រុល​ អាច​បង្កើន​លទ្ធភាព​នៃ​ជំងឺ​រាករូស​ ​ញ៉ាំ​អាហារ​ច្រើន​ពេក​ នៅ​ពេល​ផឹក​ស្រា​ អាច​បណ្ដាល​ឲ្យ​រាក​បាន​ ពីព្រោះ​​រាងកាយ​របស់​យើង​មិន​អាច​ធ្វើ​ការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​​ ​ការ​ព្យាបាល​​អាការៈ​រាករូស​ ក្រោយ​ផឹក​គ្រឿង​ស្រវឹង​ ប្រសិនបើ​យើង​ប្រឈម​នឹង​អាការៈ​រាករូស​នេះ​ ​​គប្បី​ញ៉ាំ​អាហារ​ដែល​ងាយ​រំលាយ​ដូចជា​ បាយ​ ចេក​ និង​នំប៉័ង​អាំង​ ប្រើប្រាស់​ថ្នាំ​បំបាត់​រាករូស​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ជៀសវាង​ញ៉ាំ​អាហារ​ដែល​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​ ដូចជា​កាហ្វេអ៊ីន​ អាហារ​ដែល​ផលិត​ពី​ទឹក​ដោះ​គោ​ ឬ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ ជាតិ​ខ្លាញ់​ច្រើន​ និង​ហឹរ​ខ្លាំង​។ បញ្ចៀស​អាការៈ​រាករូស​​​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ ​ផឹក​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ញ៉ាំ​អាហារ​តុល្យភាព​ មុន​ផឹក​គ្រឿង​ស្រវឹង​ដើម្បី​ពន្យឺត​​ការ​ស្រូប​យក​​ជាតិ​អាកុល​​ទៅ​​ក្នុង​រាងកាយ​ ផឹក​ទឹក​​ផ្លាស់​គ្នា​ ខណៈ​ពេល​ផឹក​គ្រឿង​ស្រវឹង​ ដើម្បី​រក្សា​​តុល្យភាព​នៃ​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រាករូស​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ផោមញឹកអ៊ីចឹង មានបញ្ហាសុខភាពអត់?

ផោម​ជា​រឿង​ធម្មតា​មួយ​សម្រាប់​មនុស្ស​យើង ប៉ុន្តែ​ថា​បើ​ផោម​ច្រើន​ពេក និង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ចូល​រួម​សកម្មភាព​សង្គម​ដោយ​សារ​តែ​បញ្ហា​ផោម​ញឹក​​មិន​អាច​គ្រប់​គ្រង​បាន​ នោះ​ជា​ពេល​ដែល​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​។ ១. ចំនួន​ផោម​ប្រចាំ​ថ្ងៃ​ មនុស្ស​យើង​ម្នាក់​ៗ​អាច​មាន​ចំនួន​ផោម​ប្រ​ចាំ​ថ្ងៃ​ខុស​ៗ​គ្នា ប៉ុន្តែ​ជា​ទូ​ទៅ​មនុស្ស​យើង​ម្នាក់​អាច​ផោម​ចន្លោះ​ពី​៥​ទៅ​១៥​ដង​ក្នុង​មួយ​ថ្ងៃ​។ ​មួយ​វិញ​ទៀត អ្នក​ជំនាញ​ខ្លះ​​ថា​ ក្នុង​ករណី​​យើង​ផោម​លើស​ពី​២៣ ដង​ក្នុង​មួយ​ថ្ងៃ​អាច​ចាត់​ទុក​ថា​ខុស​ធម្មតា ប៉ុន្តែ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​នោះ​ដែរ​។ ចំណែក​ក្លិន​របស់​ផោម​វិញ វា​អាស្រ័យ​លើ​អាហារ​ដែល​យើង​បា​ន​ញ៉ាំ។ អាហារ​មួយ​ចំនួន​ធ្វើ​ឲ្យ​ផោម​មាន​ក្លិន​ស្អុយ​ខ្លាំង​។ អាហារ​ដែល​យើង​ញ៉ាំ​នឹង​បង្កើន​ជា​ហ្គាស​នៅ​ក្នុង​ពោះ​វៀន​តូច និង​ពោះវៀន​ធំ​អំឡុង​ពេល​រំលាយ​។ ប្រូតេអ៊ីន​បាន​ពី​សាច់​សត្វ និង​ស៊ុត ជា​ដើម អាច​បង្ក​ឲ្យ​ផោម​មាន​ក្លិន​ស្អុយ ប៉ុន្តែ​អាហារ​មាន​ជាតិ​សរសៃ​រលាយ​​ដូច​ជា​បន្លែ និង​ផ្លែ​ឈើ ពេល​ផោម​មិន​មាន​ក្លិន​អាក្រក់​នោះ​ទេ​។ ផោម​មាន​ក្លិន​ស្អុយ​មិន​មែន​មាន​ន័យ​ថា​យើង​មាន​បញ្ហា​សុខ​ភាព​នោះ​ទេ គ្រាន់​តែ​វា​អាច​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​នៅ​ពេល​ផោម​ចំ​ពេល​យើង​នៅ​ជាមួយ​អ្នក​ផ្សេង​។ យ៉ាងណា ​បើ​យើង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ការ​ផោម​ញឹក ឬ​គិត​ថា​​បញ្ហា​ផោម​នេះ​បង្ក​ការ​លំបាក​ដល់​ជីវិត​ប្រចាំ​ថ្ងៃ យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​ ​​២. តិចនិក​កាត់​បន្ថយ​ហ្គាស​ក្នុង​ពោះ​ បើ​យើង​មិន​ចង់​ផោម​ញឹក​ដែល​អាច​នាំ​ឲ្យ​ខ្មាស​គេ យើង​គួរ​អនុវត្ត​តិចនិក​នេះ៖​ ​ហាត់​ប្រាណ៖ ពេល​យើង​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​បាន​កាន់​តែ​ច្រើន នោះ​យើង​ក៏​អាច​កម្ចាត់​ហ្គាស​ក្នុង​ពោះវៀន​បាន​ច្រើន​តាម​ហ្នឹង​ដែរ​។ គ្នា​យើង​មាន​បញ្ហា​ផោម​ញឹក អាច​ផ្ដោត​ការ​ហាត់​ប្រាណ​លើ​សាច់​ដុំ​ពោះ ដែល​ជួយ​ដល់​ការ​ធ្វើ​​ចលនា​នៅ​ពោះ​វៀន។ គ្នា​​យើង​គួរ​ហាត់​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​បាន​យ៉ាង​តិច​ពី​បី​ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍​។​ បន្លែ​គួរ​កម្រិត​ការ​ញ៉ាំ៖ ​កំពុង​មាន​បញ្ហា​ផោម​ញឹក គ្នា​យើង​គួរ​កម្រិត​ការ​ញ៉ាំ​បន្លែ​ដូច​ជា​ស្ពៃក្ដោប ខាត់ណាខៀវ និង​ទំពាំង​បារាំង ជា​ដើម ព្រោះ​ថា​បន្លែ​ប្រ​ភេទ​នេះ​ផលិត​ហ្គាស​ច្រើន​ជាង​ប្រភេទ​បន្លែ​ផ្សេង​ទៀត​។ យ៉ាងណា ដោយ​សារ​តែ​បន្លែ​ប្រភេទ​នេះ​សម្បូរ​សារធាតុ​ចិញ្ចឹម ដូច​នេះ​គ្នា​យើង​មិន​ត្រូវ​រំលង​បន្លែ​ទាំង​នេះ​​គ្រប់​ពេល​នោះ​ទេ​។ កាត់​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង និង​អាហារ​ផ្អាប់៖ គ្រឿង​កំប៉ុង​​មាន​ជាតិ​កាបូន ដូច​ជា​ទឹកក្រូច ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​អាហារ​ផ្អាប់ ធ្វើ​ឲ្យ​កើត​ហ្គាស​ ឬ​បាន​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ក្នុង​ពោះ​វៀន​​​ធ្វើ​ឲ្យ​កើត​មាន​ហ្គាស​ក្នុង​ពោះ​ច្រើន​។ ក្រៅពី​នេះ យើង​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​ជា​មុន​តែ​ញឹក​ ញ៉ាំ​អាហារ​ និង​ផឹក​ទឹក​យឺត​ៗ​កុំ​បង្ខំ និង​កុំ​ទំពា​ស្ករ​កៅស៊ូ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ទំពា​ស្ករ​កៅស៊ូ​ ក្រោយបាយជះ​ឥទ្ធិពល​​ដល់​ការ​ធ្វើ​មេតាប៉ូលីស​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្វើ​មេតាប៉ូលីស​គឺ​​ជា​ដំណើរការ​ដែល​រាងកាយ​បំប្លែង​អាហារ​ និង​ភេសជ្ជៈ​ទៅ​ជា​ថាមពល។​ ​ពិត​ណាស់​ ដំណើរការ​ទំពា រំលាយ​អាហារ​ និង​បញ្ជូន​អាហារ ក៏​ត្រូវការ​ថាមពល​ផង​ដែរ​ ដែល​កត្តា​នេះ​អាច​​បង្កើន​​ការ​ធ្វើ​មេតាប៉ូលីស​។​ ​ពិត​ណាស់​ វា​គឺ​ជា​ដំណើរការ​ធម្មជាតិ​ ដែល​មាន​ឥទ្ធិពល​​លើ​អាយុ​ ទម្ងន់​រាងកាយ​ និង​​ភេទ​។ ​ចំណែក​ឯ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ក៏​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​ដូច​គ្នា​។​ សូម្បី​តែ​​ការ​ទំពា​ស្ករ​កៅស៊ូ​ ក៏​ត្រូវ​ការ​​ចលនា​ថ្គាម​ ដូច្នេះ​ហើយ​សកម្មភាព​នេះ​មាន​​​តម្រូវ​​ការ​ថាមពល​ជា​ចាំបាច់​។ ប្រសិទ្ធភាព​​នៃ​ការ​ទំពា​ស្ករ​កៅស៊ូ​ ​​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​Rhode Island​ បាន​សិក្សា​ស្វែង​យល់​​ពី​ផល​ប៉ះពាល់​នៃ​ការ​ទំពា​ស្ករ​កៅស៊ូ​ទៅ​លើ​ការ​​ធ្វើ​មេតាប៉ូលីស​។​ លោក​សាស្ត្រាចារ្យ​Kathleen Melanson បាន​រក​ឃើញ​ថា​ អ្នក​ដែល​ទំពា​ស្ករ​​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​រយៈពេល​​​២០​នាទី​ ចំនួន​៣​ដង​ ប្រើប្រាស់​កាឡូរី​ចំនួន​៦៧​តិច​ជាង​​​ធម្មតា​ និង​​កើន​ឡើង​ការ​ធ្វើ​មេតាប៉ូលីស​ចំនួន​៥%​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ទំពា​ស្ករ​កៅស៊ូ​រយៈពេល​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​ទ្រទ្រង់​ដល់​ការ​សម្រក​ទម្ងន់​​​ថែម​ទៀត​ផង​។ ជំរុញ​ការ​ធ្វើ​មេតាប៉ូលីស​យ៉ាង​មាន​ប្រសិទ្ធភាព​ ​​​បន្ថែម​ពី​​លើ​ការ​ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​ញឹកញាប់​ គ្នា​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ជា​រៀងរាល់​ថ្ងៃ​ ដើម្បី​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូចជា​ការ​ការ​ឡើង​ចុះ​កាំ​ជណ្ដើរ​ និង​រត់​ត្រឹក​ៗ​​ចំនួន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ គួបផ្សំ​នឹង​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​​ផ្ទុក​ប្រូតេអ៊ីន​ កាបូអ៊ីដ្រាត​ចម្រុះ ​និង​ខ្លាញ់​សុខភាព​ជា​ញឹកញាប់​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​ក៏​អាច​ជួយ​បញ្ចៀស​ការ​ញ៉ាំ​អាហារ​សម្រន់​​មិន​ចាំបាច់​ ដែល​ជួយ​ឲ្យ​យើង​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​បាន​យ៉ាង​​​ល្អ​​។


ការលូតលាស់បាក់តេរីក្នុងពោះវៀន

បាក់តេរីក្នុងពោះវៀនខ្លះធ្វើឲ្យមនុស្សឡើងគីឡូ មិនងាយស្រក

បើ​និយាយ​ដល់​បាក់តេរី​ក្នុង​ពោះ​វៀន កាល​ពី​ជាង​​មួយ​ទសវត្សរ៍​មុន​ទំនង​ជា​មិន​មាន​អ្នក​ជឿ​ទេ​ថា​​បាក់តេរី​ទាំង​នេះ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​យើង​ឡើង​គីឡូ​បាន​។ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ឆ្នាំ​២០២១​នេះ គេ​ឃើញ​ថា​ថា​បាក់តេរី​ក្នុង​ពោះ​វៀន​មួយ​ចំនួន​ពិត​ជា​បាន​ជួយ​បំបែក​អាហារ​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​កាឡូរី និង​ខ្លាញ់​បាន​កាន់តែ​ច្រើន ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​ឡើង​គីឡូ ឬ​ពិបាក​សម្រក​ទម្ងន់​​។ ​ប្រហែល​មួយ​សតវត្សរ៍​មក​ហើយ ដែល​អ្នក​វិទ្យាសាស្រ្ត​ដឹង​ថា​បាក់តេរី​រស់​នៅ​ក្នុង​ពោះ​វៀន​របស់​មនុស្ស​យើង ប៉ុន្តែ​គ្រាន់​តែ​គិត​ថា​ពពួក​បាក់តេរី​ទាំង​នោះ​មាន​ប្រយោជន៍​តិច​តួច​ដល់​សុខភាព និង​បាន​ត្រឹម​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​ពោះ​វៀន​មនុស្ស​តែប៉ុណ្ណោះ​។ ក្នុង​រយៈពេល​ក្រោយៗ​មក​អ្នក​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ពី​ចំនួន​ និង​រូប​រាង​ហ្សែន​របស់​បាក់តេរី​នៅ​ក្នុង​ពោះ​វៀន​ទាំង​នោះ។ អ្វី​ដែល​បាន​រក​ឃើញ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្ឡាំង​។ បាក់តេរី​នៅ​ក្នុង​ពោះ​វៀន​របស់​មនុស្ស​យើង​មាន​ចំនួន​ហ្សែន​ពី​២៥០​ទៅ​៨០០​ដង​ច្រើន​ជាង​ហ្សែន​របស់​មនុស្ស​យើង​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ថា​បាក់តេរី​ទាំង​នេះ​បាន​បង្កើត​សារធាតុ​ផ្សេងៗ​ចូល​ទៅ​ក្នុង​ចរន្តឈាម​របស់​មនុស្ស​ ដែល​មាន​ឥទ្ធិ​ពល​លើ​សារធាតុ​គីមី​រាង​កាយ​។ ក្នុង​ន័យ​នេះ​ហើយ បាន​ជា​បាក់តេរី​ក្នុង​ពោះ​វៀន​​ទំនងជា​មាន​ឥទ្ធិពល​លើ​សុខភាព​។ ចុះ​បាក់តេរី​មាន​ឥទ្ធិពល​លើ​ការ​ឡើង​ទម្ងន់​បែប​ណា? ពេល​យើង​ញ៉ាំ​អាហារ ពោះ​វៀន​របស់​យើង​នឹង​បំបែក​អាហារ​ជា​ចំណែក​តូចៗ​ ហើយ​មាន​តែ​បំណែក​អាហារ​តូចៗ​បំផុត​ប៉ុណ្ណោះ​ដែល​អាច​ត្រូវ​ស្រូប​ចូល​ទៅ​ក្នុង​ឈាម​។ អាហារ​ដែល​នៅ​សល់​នឹង​ត្រូវ​បញ្ចេញ​ចោល​ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​​មិន​មែន​គ្រប់​កាឡូរី​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​សុទ្ធ​តែ​អាច​ចូល​ទៅ​ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​នោះ​ទេ។ ប៉ុន្តែ​ពពួក​បាក់តេរី​ម្យ៉ាង នៅ​ក្នុង​ពោះ​វៀន​មនុស្ស​មួយ​ចំនួន​ បាន​ជួយ​បំបែក​អាហារ​នេះ​បន្ថែម​ទៀត​ឲ្យ​កាន់​តែ​ល្អិត​មែន​ទែន​។ បាក់តេរី​ប្រភេទ​នេះ​ជួយ​បំបែក​អាហារ​ឲ្យ​កាន់តែ​តូច​និង​ងាយ​ស្រួល​សម្រាប់​ការ​រំលាយ ដែល​នាំ​ឲ្យ​បន្ថែម​កាឡូរី​ចូល​ទៅ​ក្នុង​រាង​កាយ អាច​នាំ​ឲ្យ​យើង​ឡើង​គីឡូ។ មួយ​វិញ​ទៀត​​បាក់តេរី​ក្នុង​ពោះ​វៀ​ន​ប្រភេទ​នេះ ក៏​មាន​ទំនាក់​ទំនង​ក្នុង​យន្ត​ការ​ធ្វើ​មេតាប៉ូលិស​ដែល​ធ្វើ​ឲ្យ​ការ​ស្រួប​យក​ខ្លាញ់​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​។​ ប៉ុន្តែ​នៅ​ពេល​ការ​ស្រូប​យក​ខ្លាញ់​នោះ​កាន់​តែ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ទៅ​ជា​ធាត់​ទៅវិញ​។​​ ដូច​នេះ ជា​ទ្រឹស្ដី​ បើ​សិន​ជា​រាង​កាយ​យើង​មាន​បាក់តេរី​ប្រភេទ​នេះ​កាន់តែ​ច្រើន យើង​នឹង​កាន់​តែ​ពិបាក​ក្នុង​ការ​សម្រក​គីឡូ​។


ជំងឺឫសដូងបាត

បន្ទោបង់មានឈាម សុទ្ធតែកើតជំងឺឫសដូងបាតមែនទេ?

ជា​ទូទៅ​ជំងឺ​ឫសដូង​បាត​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​សំខាន់ៗ​ចំនួន ៣ ទី១​អ្នក​ជំងឺ​បន្ទោបង់​មក​មាន​ឈាម ទី២​មាន​លៀន​ចេញ​​ដុំ​ក្នុង​ទ្វារធំ និង​ទី៣​មាន​ដុំ​ឈាម​កកនៅខាងក្រៅរន្ធគូទ ជិតក្រសាល់គូទ។ ទោះ​យ៉ាង​ណា ការ​បន្ទោរបង់​មាន​ឈាម​មក​ជាមួយ មិន​មែន​សុទ្ធ​តែ​ជា​សញ្ញា​នៃ​ជំងឺ​ឫសដូង​បាត​នោះ​ទេ។ បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ នាយ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត សញ្ញា​ច្បាស់​លាស់​របស់​ជំងឺ​ឫសដូងបាត គឺ​បន្ទោបង់​មក​មាន​ឈាម​ដូច​អារ​ក​មាន់ មាន​ន័យថា ជា​ឈាម​ក្រហម​ស្រស់​ដែល​ធ្លាក់​ក្រោយ​ពេល​បន្ទោបង់​លាមក។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែង​តែ​ច្រឡំ និង​គិត​ថា ឲ្យ​តែ​បន្ទោបង់​មាន​ឈាម កើត​ជំងឺ​ឫសដូង​បាត​ទាំង​អស់ តែ​តាម​ពិត​មិន​មែន​បែប​នោះ​ទេ មាន​ករណី​ខ្លះ​បន្ទោបង់​មក​ឈាម​លាយ​សម្បោរ ដែល​បញ្ហា​នេះ បើ​កើត​មាន​រយៈ​ពេល​យូរ មិន​មែន​ជា​រោគ​សញ្ញា​ឫសដូងបាត​ទេ អាច​ជា​ឈាម​ដោយសារ​មហារីក​នៅ​ម្តុំ​រន្ធបាត។ “តាម​ការ​ពិត​ឈាម​មិន​សុទ្ធ​ពេក​ទេ ដែល​ខ្ញុំ​ប្រើ​ពាក្យ​សាមញ្ញ​ថា ដូច​កោស​រម្អិល​ឈាម​ត្រី ដែល​យើង ទើប​តែ​ធ្វើ​ស្រកា​ត្រី​រួច យើង​កោស​ទៅ​ឈាម​ហ្នឹង​ក្រហម ហើយ​មាន​រម្អិល​អន្តាយៗ នោះ​ភាគច្រើន​មិន​មែន​ជា​ឈាម​របស់​ឫសដូង​ទេ គឺ​ជា​ឈាម​របស់​មហារីក​ទៅ​វិញ”។ វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ នាយ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត


រលាកពោះវៀនរ៉ាំរ៉ៃ

ភើ ញឹកញាប់ពេកនាំខ្មាសគេ គួរដោះស្រាយបែបណា?

ភើ​ ជា​អាការៈ​ធម្មជាតិ​មួយ និង​ជា​រឿង​ទូទៅ​មួយ​ដែរ​​។ បើ​ភើ​ច្រើន​ដង​ និង​មាន​ទាំង​ហើម​ពោះ និង​ឈឺ​​ក្នុង​ពោះ​ផង​នោះ វា​នឹង​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​សកម្មភាព​ប្រ​ចាំ​ថ្ងៃ និង​អាច​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​ផង​ដែរ​។ យ៉ាងណា បើ​គ្រាន់​តែ​ភើ​ មិន​បង្ហាញ​ពី​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ទេ ហើយ​អាច​ដោះ​ស្រាយ​បាន​ដោយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​មួយ​ចំនួន​។​ ភើ ជា​វិធី​មួយ​ដែល​រាង​កាយ​យើង​បញ្ចេញ​ខ្យល់​លើស​ពី​ប្រព័ន្ធ​រំលាយអាហារ​ផ្នែក​ខាង​លើ។ ភើ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សារ​ការ​ស្រូប​ខ្យល់​ចូល​ក្នុង​​ពោះ​ច្រើន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​លឿន​ ឬ​ច្រើន​ពេក ឬ​ផឹក​ភេសជ្ជៈ ទំពា​ស្ករ​កៅស៊ូ ឬ​ញ៉ាំ​បណ្ដើរ​និយាយ​បណ្ដើរ​ជា​ដើម​។ ខ្យល់​ទាំង​នោះ​ កម្រ​នឹង​ទៅ​ដល់​ក្រពះ​ ប៉ុន្តែ​នៅ​ក​ច្រើន​ក្នុង​បំពង់​អាហារ​។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដោះ​ស្រាយ​ភើ​៖ ​​​ញ៉ាំ ឬ​ផឹក​យឺត​ៗ​៖ ការ​ញ៉ាំ​យឺត​ៗ​អាច​ជួយ​ឲ្យ​យើង​លេប​ខ្យល់​ចូល​ក្នុង​ពោះ​តិច​ដែរ។ ដូច​នេះ គ្នា​យើង​គួរ​ចំណាយ​ពេល​វេលា​សមរម្យ​មួយ​ក្នុង​ការ​ញ៉ាំ​អាហារ ជា​ជាង​ញ៉ាំ​លឿន ប្រញាប់ នាំឲ្យ​ខ្យល់​ចូល​ក្នុង​ពោះ​ច្រើន​។ ​ចៀសវាង​ភេសជ្ជៈកាបូន និង​ស្រាបៀរ​៖ ស្រាបៀរ​ និង​ភេសជ្ជៈ​ប្រភេទ​នេះ អាច​បញ្ចេញ​កាបូឌីអុកស៊ីត​។ ភេសជ្ជៈ​កាបូន ​សម្ដៅ​ដល់​ភេសជ្ជៈ​កំប៉ុង​ដូច​ជា​ទឹកក្រូច ទឹក​សូដា ឬ​ភេសជ្ជៈ​ផ្អែម​ផ្សេង​​ទៀត​។ ចៀសវាង​ទំពា​ស្ករ​កៅស៊ូ​៖ ពេល​យើង​ទំពា​ស្ករ​កៅស៊ូ ឬ​ជញ្ជក់​ស្ករ​គ្រាប់ អាច​ធ្វើ​ឲ្យ​យើង​ស្រូប​ខ្យល់​ចូល​ក្នុង​រាង​កាយ​ច្រើន​ជាង​ធម្មតា​។ ធ្វើ​ចលនា​៖ ក្រោយ​ញ៉ាំ​អាហារ​ហើយ គ្នា​យើង​គួរ​ដើរ​ចុះ​ឡើង​បន្តិច​ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ កុំ​ជក់​បារី៖ ពេល​ស្រូប​ផ្សែង​បារី អ្នក​ជក់​បារី​ក៏​ស្រូប​ខ្យល់​ចូល​ក្នុង​ពោះ​ដូច​គ្នា​។​ ក្នុង​ករណី​ភើ​ ​នៅ​តែ​បន្ត​កើត​មាន បូក​រួម​ទាំង​អាការៈ​ហើម​ពោះ​ បង្ក​ការ​រំខាន​ដល់​សកម្មភាព​ប្រ​ចាំ​ថ្ងៃ​ញឹក​ញាប់ នោះ​អាច​ថា​យើង​មាន​បញ្ហា​សុខភាព​ណាមួយ​ផ្សេង​ទៀត​ហើយ​ដែរ។ ការណ៍​នេះ​ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រឹក្សា​យោបល់ និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

មិនញ៉ាំ​អាហារ​ពេល​ល្ងាច​ អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​មួយ​ចំនួន​ជឿ​ថា​ ការ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​ពួក​គេ​ស្រក​ទម្ងន់​​បាន​ ​តើ​ជំនឿ​នេះ​ គឺ​ជា​ការ​ពិត​ដែរ​ឬ​ទេ​?​ ​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មិន​ញ៉ាំ​អាហារ​ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ថយ​ចុះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​សមត្ថភាព​ក្នុង​ការ​គិត​ពិចារណា ពីព្រោះ​ខួរ​ក្បាល​ប្រើប្រាស់​គ្លុយកូស​ ដើម្បី​​​ដំណើរការ​​ ហើយ​​ប្រសិនបើ​​គ្លុយកូស​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​​ទេ​នោះ​​ រាងកាយ​របស់​យើង​ក៏​មិន​អាច​បំពេញ​ការងារ​​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ​។ ​ជាក់​ស្ដែង ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ធ្វើ​ឲ្យ​មនុស្ស​យើង​​មាន​អារម្មណ៍​នៅមិនសុខ ច្របូកច្របល់​ និង​អស់​កម្លាំង​។​ រាងកាយ​ក៏​ចាប់ផ្ដើម​បង្កើន​​ការ​ផលិត​អ័រម៉ូន​Cortisol ដែល​ធ្វើ​ឲ្យ​យើង​តានតឹង​ និង​ឃ្លាន​។​ លើស​ពី​នេះ​ ការ​មិន​ញ៉ាំ​អាហារ​ក៏​អាច​បណ្ដាល​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​មាន​ការ​យឺតយ៉ាវ ដែល​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ ឬ​ពិបាក​ក្នុង​ការ​ស្រក​ទម្ងន់​។ ​មិន​ញ៉ាំ​អាហារ ធ្វើ​ឲ្យ​រាងកាយ​ឃ្លាន​អាហារ​កាន់​តែ​ខ្លាំង​ ជា​ទូទៅ​ នៅ​ពេល​ដែល​គ្នា​យើង​មិន​ញ៉ាំ​អាហារ​ ឬ​បង្អត់​អាហារ​ខ្លួន​ឯង​រយៈពេល​យូរ​ ​រាងកាយ​របស់​យើង​​នឹង​ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​អាច​ជ្រើសរើស​​អាហារ​ផ្សេង​ៗ​ដែល​មិន​​ល្អ​ចំពោះ​សុខភាព​មក​ញ៉ាំជំនួស​វិញ​ថែម​ទៀត​ផង​។ ​ទម្លាប់​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជះឥទ្ធិពល​ដល់​ការ​ឡើង​ទម្ងន់​ ​​យោង​តាម​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​អូសាកា ដែល​សិក្សា​ពី​ការ​វាយតម្លៃ​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ពេល​ថ្ងៃត្រង់​ និង​ពេល​ល្ងាច បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​យើង​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​។ ជា​ធម្មតា​ អាហារ​ពេល​ល្ងាច ​ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ ដូចជា​ប្រូតេអ៊ីន​ដែល​គ្មាន​ខ្លាញ់​ និង​បន្លែ​ ដូច្នេះ​ហើយ​ ការ​ខកខាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​គុណភាព​អាហារ​ថយ​ចុះ​។ ​ ​ ​តិចនិក​កុំ​ឲ្យ​រំលង​ការ​ញ៉ាំ​អាហារ​​​​ ទោះ​បី​ជា​យើង​រវល់​យ៉ាង​ណា​ក៏​ដោយ​ ការ​ញ៉ាំ​អាហារ​​ឲ្យ​បាន​ទៀងទាត់ គឺ​ជា​រឿង​សំខាន់​ណាស់​។​ ​ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ។ ញ៉ាំ​តិចៗ​ ប៉ុន្តែ​ញឹកញាប់​ ​ញ៉ាំ​​អាហារ​សម្រន់​ផ្សេង​ៗ​ ​​ដូចជា​ទឹក​ដោះ​គោ​ជូរ​ ​ឬ​គ្រាប់​ធញ្ញជាតិ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ និង​ជាតិ​សរសៃ​ខ្ពស់​។ រៀបចំ​ផែនការ​អាហារ​​ទុក​ជា​មុន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ