ម៉ាក់ប៉ាថ្មីថ្មោងជាច្រើនទំនងជាមិនដឹងថា ការអនុញ្ញាតឱ្យអ្នកផ្សេង ឬខ្លួនឯងថើបមាត់និងមាត់ផ្ទាល់ អាចចម្លងមេរោគ និងបាក់តេរី ដល់កូនបានឡើយ។ ទង្វើបែបនេះ ក៏អាចធ្វើឱ្យកូនឆ្លងមេរោគពីយើងតាមរយៈមាត់ និងផ្លូវដង្ហើមដែលករណីខ្លះធ្ងន់ធ្ងរខ្លាំង។
ម៉ាក់ប៉ាថ្មីថ្មោងជាច្រើនទំនងជាមិនដឹងថា ការអនុញ្ញាតឱ្យអ្នកផ្សេង ឬខ្លួនឯងថើបមាត់និងមាត់ផ្ទាល់ អាចចម្លងមេរោគ និងបាក់តេរី ដល់កូនបានឡើយ។ ទង្វើបែបនេះ ក៏អាចធ្វើឱ្យកូនឆ្លងមេរោគពីយើងតាមរយៈមាត់ និងផ្លូវដង្ហើមដែលករណីខ្លះធ្ងន់ធ្ងរខ្លាំង។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា មានមេរោគជាច្រើនអាចឆ្លងពីមាត់ និងខ្យល់ដកដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ឬពងបែកមាត់ ដែលអាចធ្វើឲ្យទារកឈឺ និងស្លាប់បាន។
លោកបានបន្ថែមទៀតដែរថា មាត់ជាកន្លែងប្រមូលផ្ដុំទៅដោយបាក់តេរីរាប់រយប្រភេទ ហើយបើយើងយកមាត់ទៅថើបមាត់ក្មេងវាអាចឆ្លងតាមទឹកមាត់ ឬទឹករងៃពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេសជំងឺគួរឲ្យខ្លាច Herpes Simplex Virus ដែលជាពពួកជំងឺរើម។
មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធភាពស៊ាំរបស់កូននៅខ្សោយនៅឡើយ ដែលមិនអាចប្រឆាំងនឹងវីរុស ឬជំងឺផ្សេងៗបានច្រើនឡើយ។ ថ្វីបើទឹកដោះដំបូងដែលសម្បូរទៅដោយអង់ទីក័រការពារជំងឺក៏ដោយ ក៏មិនគ្រប់គ្រាន់ទាំងស្រុងដែរ ព្រោះតែប្រព័ន្ធការពាររបស់ទារកស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។ ដូច្នេះអ្នកត្រូវថែទាំទារកដោយយកចិត្តទុកដាក់បំផុត និងមិនគួរថើបមាត់កូនផ្តេសផ្តាសឡើយ ដោយរង់ចាំឱ្យមានប្រព័ន្ធការពាររាងកាយរឹងមាំសិន។

ចំពោះករណីមួយទៀត អ្នកដែលមានបញ្ហាផ្លូវដង្ហើមអាចឆ្លងទៅទារក នាំឲ្យរលាកទងសួត សួត និងឆ្លងផ្ដាសាយជាដើម។ ក្រៅពីនោះនៅមានជំងឺឡើងកន្ទួល រមាស់ ដែលអាចរីករាលដាលពីមាត់រហូតដល់ផ្នែកផ្សេងៗក៏មាន។ លោកបន្តទៀតកូននៅតូចកំណាញ់កូនបន្តិច ក៏មិនអ្វីដែរ ព្រោះបើឈឺមានតែម៉ាក់ប៉ាប៉ុណ្ណោះដែលពិបាក ហើយបើកូនឈឺធ្ងន់ធ្ងរត្រូវចំណាយអស់ថវិកា និងពេលវេលាច្រើនណាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
21/03/2025
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ