“Hello គ្រូពេទ្យ” ជឿថា កុមាររាកជាការបារម្ភដ៏ធំមួយរបស់ឪពុកម្ដាយភាគច្រើន ព្រោះរាកអាចបណ្ដាលឲ្យបាត់បង់ជាតិទឹក និងឡើងកន្ទួលរមាស់ ដោយសារខោទឹកនោម។ ក្មេងៗរាកអាចនឹងខ្សោះខ្សោយកម្លាំងកាយ ស្ងួតភ្នែក ឬស្ងួត និងស្អិតមាត់ជាដើម។ ចុះនៅសុខៗ ម៉េចបានអាអូនរាក? សូមស្វែងយល់មូលហេតុខាងក្រោម៖
១- ការបង្កដោយ វីរុស
ពពួកមេរោគ ដូចជា Rotavirus, Adenovirus, Calicivirus, Astrovirus និងមេរោគ ផ្តាសាយ ក៏អាចធ្វើឲ្យរាករូសក្អួត ចុកពោះ ក្ដៅខ្លួន រងាញាក់ និងឈឺខ្លួន។
២-ការបង្កដោយបាក់តេរី
ពពួកបាក់តេរី ដូចជា Salmonella , Shigella, Staphylococcus, Campylobacter ឬ E.coli ក៏អាចធ្វើឲ្យរាកដែរ។ បើសិនជាកូនតូចរាកដោយសារបាក់តេរីណាមួយ បង្កការរាកនោះអាចធ្ងន់ធ្ងរ ដូចជា ចុកពោះខ្លាំង លាមកមានឈាម ឬក្ដៅខ្លួនជាដើម។
ការបង្ករោគដោយសារបាក់តេរីមួយចំនួន អាចជាវិញខ្លួនឯង តែប្រភេទខ្លះ ដូចជា ពួក E.coli ដែលមានក្នុងសាច់ ឬអាហារផ្សេងទៀតដែលមិនបានចម្អិន ត្រឹមត្រូវ អាចនឹងបង្កជាជំងឺធ្ងន់ធ្ងរ។ បើអាអូនមានអាការៈធ្ងន់បែបនេះ ប្រញាប់យកកូនទៅមន្ទីរពេទ្យជាបន្ទាន់។ ទៅដល់ពេទ្យ ឬគ្លីនិក គ្រូពេទ្យអាចយកលាមកទៅពិនិត្យ ដើម្បីឲ្យប្រាកដប្រជាពីបាក់តេរីដែលបង្ក។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

៣- រោគក្នុងត្រចៀក
ករណីខ្លះ រោគក្នុងត្រចៀក អាចបង្កឲ្យរាកផងដែរ។ យើងអាចអង្កេតដឹងតាមរយៈអាអូន (អត់ទាន់ចេះនិយាយ) មួម៉ៅច្រើន និងទាញត្រចៀក ឬ (បើធំ ហើយចេះនិយាយ) គេត្អូញប្រាប់ពីការឈឺត្រចៀក។ កូនសំណព្វអាចក្អួត អត់សូវចង់ញ៉ាំ ឬក៏ប្រហែលជាទើបតែមានជំងឺផ្ដាសាយថ្មីៗ។
៤- ប៉ារ៉ាស៊ីត
ក៏អាចបង្កឲ្យរាកដែរ។ ជាក់ស្ដែង ជំងឺ Giardiasis បណ្តាលមកពីប៉ារ៉ាស៊ីតតូចៗ ដែលភ្នែកទទេមិនអាចមើលឃើញ និងរស់នៅក្នុងពោះវៀន។ បើសង្ស័យថា អាអូនឆ្លងប៉ារ៉ាស៊ីតនេះ យើងអាចសង្កេតមើលអាការៈមួយចំនួន ដូចជា រាក ហើមពោះ ផោមញឹក ចុកពោះ លាមកប្រេងៗ និងមានក្អួតជាដើម។ ជំងឺប្រភេទនេះងាយឆ្លងណាស់ ជាពិសេសពេលក្មេងៗនៅជុំគ្នា។
៥- ថ្នាំផ្សះ
បើសង្កេតឃើញអាអូនរាក អំឡុង ឬក្រោយពេលប្រើថ្នាំផ្សះ ដោយសារតែថ្នាំនោះទៅសម្លាប់ទាំងបាក់តេរីល្អ និងមិនល្អក្នុងពោះវៀន។ បើមិនច្បាស់ កុំចេះតែសង្ស័យ ហើយឲ្យថ្នាំកូនលេបផ្ដេសផ្ដាស ដោយមិនមានវេជ្ជបញ្ជា លើកលែងតែពេទ្យអនុញ្ញាត។
៦- ញ៉ាំទឹកផ្លែឈើ ច្រើនពេក
ពោះវៀនក្មេងអាចមិនសូវស្រួល ពេលញ៉ាំទឹកផ្លែឈើ ទឹកក្រូច ឬទឹកផ្អែមៗច្រើនពេក ដែលអាចបណ្ដាលឲ្យលាមករាវជាងធម្មតា។ អ៊ីចឹង កុំបណ្ដោយឲ្យក្មេងញ៉ាំទឹកកំប៉ុង ឬទឹកផ្អែមច្រើនពេក ប៉ុន្តែបើដឹងមូលហេតុហើយ សូមបន្ថយបរិមាណភេសជ្ជៈទាំងនេះ។
៧- ជំងឺ Toddler’s diarrhea (ការរាករូសរបស់ក្មេងៗ)
បើអាអូនរាក លាមកមានលាយដុំអាហារ ឬសារធាតុរម្អិល (សម្បោរ) និងមានក្លិនស្អុយអាក្រក់ ហើយជុះច្រើនដងក្នុងមួយថ្ងៃៗ នោះគេអាចមានជំងឺ toddler’s diarrhea នេះហើយ។
៨- ប្រតិកម្មចំណី
កុំបង្អង់! រកជំនួយភ្លាម បើកូនមានបញ្ហាពិបាកដកដង្ហើម ឬហើមមុខ បបូរមាត់។ តែប្រតិកម្មអាហារ អាចជាបញ្ហាស្រាល ឬធ្ងន់តាមស្ថានភាពនៃប្រតិកម្ម និងកើតភ្លាមៗ ឬ ២-៣ ម៉ោង ក្រោយញ៉ាំ។ រោគសញ្ញា រួមមាន រាករូស ផោម ចុកពោះ និងឈាមក្នុងលាមក។ ក្នុងករណីធ្ងន់ធ្ងរ អាចឡើងកន្ទាលត្រអាក រមាស់ ហើម និងពិបាកដកដង្ហើម។
៩- អាហារមិនរំលាយ
ខុសពីប្រតិកម្មអាហារ។ ការមិនរំលាយអាហារ (ប្រភេទណាមួយជាក់លាក់) ជាប្រតិកម្មមិនប្រក្រតី ហើយមិនពាក់ព័ន្ធនឹងប្រព័ន្ធការពារទេ។ បើសិនជាអាអូនមិនរំលាយអាហារ ដែលមានជាតិស្ករឡាក់តូស មានន័យថា រាងកាយគេមិនបានបង្កើតអង់ស៊ីម ឡាក់តាស គ្រប់គ្រាន់ចាំបាច់សម្រាប់រំលាយ ស្ករឡាក់តូស (ឡាក់តូស មាននៅក្នុងផលិតផលពីទឹកដោះគោ) ឬក្នុងករណីអាអូនរាកធ្ងន់ធ្ងរ អាចអូសបន្លាយដល់ពីរសប្ដាហ៍ឯណោះ។ ពេលស្ករឡាក់តូស មិនបានរំលាយក្នុងពោះវៀន វាអាចបណ្ដាលឲ្យរាក ចុក ហើមពោះ ឬផោម។ ជាធម្មតា អាការៈទាំងនេះចាប់ផ្ដើមកើតមានចន្លោះពីកន្លះម៉ោងទៅ ២ ម៉ោង ក្រោយញ៉ាំ (ផលិតផល) ទឹកដោះគោ។
១០- ពុល
ករណីនេះ ត្រូវច្បាស់ក្នុងចិត្ត ឬសួរកូន (បើអាអូននិយាយបាន) ថា តើគេមានបានលេង ឬលេបរបស់មួយចំនួន ដូចជា ថ្នាំសារធាតុគីមី ឬរុក្ខជាតិតូចៗណាមួយទេ។ បើធ្ងន់ធ្ងរ កូនយើងមិនដឹងខ្លួន ឬពិបាកដកដង្ហើម សូមយកកូនទៅពេទ្យជាបន្ទាន់។ រោគសញ្ញាអាចមានភាពល្ហិតល្ហៃ ឬប្រកាច់ ជាដើម។ ករណីស្រាល បើគ្រាន់តែរាកម្ដងម្កាល មិនមានអ្វីត្រូវបារម្ភទេ។
ករណីចាំបាច់ណាខ្លះ ត្រូវទៅព្យាបាល ? សូមទាក់ទងទៅគ្រូពេទ្យកុមារ បើអាអូនមានរោគសញ្ញា ដូចខាងក្រោម៖
– លាមកលាយឈាម ឬសម្បោរ
– ស្ងួត និងស្អិតមាត់
– លែងសូវលេងច្រើន ដូចសព្វដង
– គ្មានទឹកភ្នែកពេលយំ
– មិនបត់ជើងតូច រយៈពេល ៦ ម៉ោង
– ឈឺពោះ
– ក្អួត។