អ្នកវិទ្យាសាស្ត្រជាច្រើន បានបង្ហាញពីភាពជោគជ័យរបស់ឱសថព្យាបាលជំងឺទឹកនោមផ្អែម និងអត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ ឱសថបញ្ចុះជាតិស្ករក្នុងឈាមហៅកាត់ថា GLP-1 ក៏ត្រូវបានចាត់ទុកថា ជាឱសថទិព្វ ផងដែរ។
តម្រូវការឱសថសម្រកទម្ងន់នេះ ដែលត្រូវបានលក់ក្រោមឈ្មោះយីហោជាច្រើនដូចជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅតែបន្តកើនឡើង ស្របពេលដែលការសិក្សានាពេលថ្មីៗ បង្ហាញថា ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋអាមេរិកចំនួន៨នាក់ បានប្រើប្រាស់ ឬកំពុងប្រើប្រាស់ឱសថទាំងនេះ ដើម្បីព្យាបាលជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺធាត់។
ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!
បណ្តាញសារព័ត៌មាននានា រួមទាំងអ្នកជំងឺ និងវេជ្ជបណ្ឌិតជាច្រើននាក់ បានចាត់ទុក GLP-1 ជា «ឱសថទិព្វ» ដោយសារតែប្រសិទ្ធភាពនៃការសម្រកទម្ងន់ដ៏គួរឱ្យកត់សម្គាល់របស់វា ក្នុងចំណោមអ្នកប្រើប្រាស់។ ទោះបីជាមានការបង្ហាញពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃឱសថនេះក៏ដោយ ប៉ុន្តែ ព័ត៌មានអំពីផលប៉ះពាល់របស់ឱសថនេះលើប្រព័ន្ធសរីរាង្គរាងកាយ មិនទាន់មានភាពទូទំទូលាយនៅឡើយទេ។
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រជាច្រើននាក់នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុងទីក្រុង St. Louis និងប្រព័ន្ធថែទាំសុខភាព និងកិច្ចការអតីតយុទ្ធជន St. Louis បានធ្វើការវាយតម្លៃជាប្រព័ន្ធចំពោះលទ្ធផលសុខភាព ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមច្រើនជាង២លាននាក់ ដែលកំពុងតែប្រើប្រាស់ឱសថសម្រកទម្ងន់នេះ។ អ្នកវិទ្យាសាស្ត្រទាំងនោះ បានរកឃើញអត្ថប្រយោជន៍ជាច្រើនទាក់ទងនឹងសុខភាពប្រព័ន្ធសរសៃប្រសាទ និងអាកប្បកិរិយា ប៉ុន្តែ ពួកគេក៏រកឃើញពីហានិភ័យនៃការប្រឈមនឹងបញ្ហារលាកលំពែង និងតម្រងនោម ផងដែរ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយក្នុងសៀវភៅវេជ្ជសាស្ត្រ Nature កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
លោក Ziyad Al-Aly គ្រូពេទ្យជំនាញខាងជំងឺរាតត្បាត និងរោគសរសៃប្រសាទដែលព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ WashU Medicine-affiliated John J. Cochran Veterans ក្នុងទីក្រុង St. Louis និងជាអ្នកនិពន្ធការស្រាវជ្រាវនេះ មានប្រសាសន៍ថា៖ «ដោយសារតែភាពថ្មីថ្មោង និងការកើនឡើងនូវប្រជាប្រិយភាពលើឱសថទាំងនេះ វាពិតជាសំខាន់ណាស់ក្នុងការត្រួតពិនិត្យជាប្រព័ន្ធលើប្រសិទ្ធភាពរបស់វាចំពោះប្រព័ន្ធរាងកាយទាំងអស់ ដើម្បីយល់ច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិ»។
ឱសថ GLP-1 ដែលត្រូវចាក់១លើកក្នុង១សប្តាហ៍ ជួយបង្កើតលំនាំអ័រម៉ូនធម្មជាតិ ដែលទប់ស្កាត់ចំណង់អាហារ និងកាត់បន្ថយការរំលាយអាហារ ដើម្បីបង្កើតឱ្យមានភាពឆ្អែតរយៈយូរ។ ការមានរបបអាហារប្រកបដោយសុខភាព និងការធ្វើលំហាត់ប្រាណជាប្រចាំ ក៏ជួយដល់ការស្រកទម្ងន់ផងដែរ។
[embed-health-tool-ovulation]
មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Washington បានធ្វើការវិភាគកំណត់ត្រាវេជ្ជសាស្ត្រដែលមិនបានកំណត់អត្តសញ្ញាណ ក្នុងប្រព័ន្ធទិន្នន័យមួយ ដែលត្រូវបានរក្សាទុកដោយនាយកដ្ឋានកិច្ចការអតីតយុទ្ធជនរបស់សហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្ត្រទាំងនោះបានធ្វើការប្រៀបធៀបលទ្ធផលសុខភាពមនុស្សចាស់ចំនួន១៧៥នាក់ ដែលបានប្រើប្រាស់ឱសថ GLP-1 ដើម្បីព្យាបាល់ជំងឺទឹកនោមផ្អែម និងអ្នកដែលទទួលការព្យាបាលជាមួយនឹងឱសថធម្មតា ដូចជា Jardiance, Glipizide និង Januvia។
ជាលទ្ធផល ឱសថ GLP-1 បានបង្ហាញពីអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះសុខភាពសរសៃប្រសាទ និងអាកប្បកិរិយា ស្របពេលដែលឱសថនេះ ក៏ជួយកាត់បន្ថយហានិភ័យនៃការប្រកាច់ និងការញៀនសារធាតុដូចជា គ្រឿងស្រវឹង កញ្ឆា សារធាតុរំញោច និងអាភៀន។ អ្នកដែលប្រើឱសថសម្រកទម្ងន់នេះ ក៏បានកាត់បន្ថយហានិភ័យនៃការចង់ធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ជំងឺញ៉ាំច្រើន និងជំងឺផ្លូវចិត្ត ដូចជា វិកលចរិត ជាដើម។
ការស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Washington ក៏បានរកឃើញផងដែរ អំពីការកាត់បន្ថយហានិភ័យនៃជំងឺប្រព័ន្ធសរសៃប្រសាទ ដូចជា ជំងឺភ្លេចភ្លាំង និងជំងឺវង្វេងវង្វាន់ ស្របពេលឱសថ GLP-1 ក៏មានសក្តានុពលក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផ្សេងទៀត។
លោកវេជ្ជបណ្ឌិត Al-Aly បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវរបស់លោក ក៏បានរកឃើញពីផលប៉ះពាល់នៃការប្រើប្រាស់ឱសថនេះផងដែរ ដូចជា ការប្រឈមនឹងមានបញ្ហាក្រពះពោះវៀន ដូចជា ចង្អោរ ក្អួត រាគ ខ្វិនក្រពះ (ក្នុងករណីកម្រ) និងរលាកលំពែង និងតម្រងនោម ជាដើម។
បើទោះបីផលប៉ះពាល់ទាំងនេះ មិនមែនជាបញ្ហាទូទៅក៏ដោយ ប៉ុន្តែ ផលប៉ះពាល់ អាចនឹងមានសភាពធ្ងន់ធ្ងរ ហេតុនេះ វេជ្ជបណ្ឌិតទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះសញ្ញានៃជំងឺរលាកលំពែង និងតាមដានមុខងារតម្រងនោមចំពោះអ្នកជំងឺដែលប្រើប្រាស់ឱសថ GLP-1៕
ចំណុចសំខាន់
ប៉ុន្តែ ឱសថនេះ ក៏ផ្តល់ផលប៉ះពាល់មួយចំនួនផងដែរ ដូចជា ការប្រឈមនឹងមានបញ្ហាក្រពះពោះវៀន ដូចជា ចង្អោរ ក្អួត រាគ ខ្វិនក្រពះ (ក្នុងករណីកម្រ) និងរលាកលំពែង និងតម្រងនោម ជាដើម។