មហារីកក្រពេញទីរ៉ូអុីតគឺជាដុំសាច់នៅក្នុងក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញមានរាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់ពោន។ តើអ្នកណាខ្លះងាយប្រឈមកើតជំងឺមហារីកក្រពេញទីរ៉ូអុីត?
យោងតាមវិទ្យាស្ថានជាតិមហារីករបស់អាមេរិក មនុស្សដែលមានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអុីតអាចជា៖
១. ស្រ្តី
ស្ត្រីងាយប្រឈមកើតមហារីកក្រពេញទីរ៉ូអុីតជាងបុរសដល់ទៅ ៣ដង។ មហារីកក្រពេញទីរ៉ូអុីតអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែជាញឹកញាប់កើតលើស្ត្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ និងលើបុរសដែលមានអាយុចាប់ពី ៦០ ទៅ ៧០ឆ្នាំ។
២. អ្នកប៉ះពាល់នឹងវិទ្យុសកម្មក្នុងកម្រិតខ្ពស់
អ្នកដែលធ្លាប់ព្យាបាលក្បាល ក ឬទ្រូងដោយវិទ្យុសកម្ម ឬអ្នកដែលរស់នៅតំបន់ដែលមានការសាយភាយថាមពលនុយក្លេអ៊ែរ ឬអ្នកដែលបានប៉ះពាល់វិទ្យុសកម្មដែលចេញពីអាវុធនុយក្លេអ៊ែរ មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអុីត។
៣. អ្នកលើសទម្ងន់ ឬធាត់
យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានឱ្យដឹងថា អ្នកដែលលើសទម្ងន់ ឬធាត់មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអុីត។ ប្រសិនបើសន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់យើងកើនឡើង ហានិភ័យនៃការកើតមហារីកក្រពេញទីរ៉ូអុីតក៏កើនឡើងដែរ។
៤. ប្រវត្តិគ្រួសារកើតមហារីកក្រពេញទីរ៉ូអុីត ឬបញ្ហាក្រពេញទីរ៉ូអុីត
មហារីកក្រពេញទីរ៉ូអុីតអាចកើតលើអ្នកដែលមានសមាជិកគ្រួសារដែលមានក្រពេញទីរ៉ូអុីតរីកធំ (ពកក) រលាកក្រពេញទីរ៉ូអុីត ឬកើតមហារីកក្រពេញទីរ៉ូអុីត។
[embed-health-tool-bmr]
៥. អ្នកខ្វះ ឬលើសជាតិអ៊ីយ៉ូត
កង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យយើងកើតមហារីកក្រពេញទីរ៉ូអុីតលើកោសិកា follicular ។ ផ្ទុយមកវិញ បើយើងលើសជាតិអ៊ីយ៉ូតក្នុងខ្លួន ក៏អាចមានហានិភ័យកើតជំងឺមហារីកក្រពេញទីរ៉ូអុីតលើកោសិកា papillary ដែរ។
ជាធម្មតា មហារីកក្រពេញទីរ៉ូអុីតមិនបង្កជារោគសញ្ញា ឬបង្ហាញអាការៈទេ ប៉ុន្តែនៅពេលមហារីកក្រពេញទីរ៉ូអុីតរីកធំ អ្នកជំងឺអាច៖
- ស្ទាបដឹងថាមានដុំពកនៅពីមុខក
- ប្រែប្រួលសំឡេងដូចជា ស្អក
- ពិបាកដកដង្ហើម
- ពិបាកលេបអាហារ
- ហើមកូនកណ្តុរនៅក
- ក្អកមិនបាត់
- ឈឺក និងបំពង់ក
ភាគច្រើនមហារីកក្រពេញទីរ៉ូអុីតអាចព្យាបាលបាន ប្រសិនបើប្រទះឃើញ និងធ្វើការព្យាបាលនៅដំណាក់កាលដំបូង មុនពេលដែលសាច់មហារីកដុះធំជាងក្រពេញទីរ៉ូអុីត។ ដូច្នេះប្រសិនបើយើងមានអាការៈ ឬរោគសញ្ញាណាមួយដែលធ្វើឱ្យយើងព្រួយបារម្ភ គួរទៅជួបគ្រូពេទ្យភ្លាម។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប