backup og meta

ដឹងអត់ថា ស្រ្តីគួរធ្វើតេស្តពិនិត្យរកជំងឺមហារីកសុដន់នៅអាយុប៉ុន្មាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 26, 2023

    ដឹងអត់ថា ស្រ្តីគួរធ្វើតេស្តពិនិត្យរកជំងឺមហារីកសុដន់នៅអាយុប៉ុន្មាន?

    ជំងឺមហារីកសុដន់ជាជំងឺកាចសាហាវដែលបានឆក់យកជីវិតស្រ្តីជាច្រើននាក់ក្នុងមួយឆ្នាំៗ។ ជំងឺនេះ​គ្មាន​វ៉ាក់សាំងការពារទេ តែស្រ្តីអាចកាត់បន្ថយអត្រាគ្រោះថ្នាក់​នៃមហារីកសុដន់ដោយ​ធ្វើតេស្ត​រក​មហារីកសុដន់មុនពេលកោសិកាមហារីករីករាលដាល ព្រោះការព្យាបាលនៅដំណាក់កាល​ដំបូង​មាន​ភាពងាយស្រួលនិងមានឱកាសជាសះស្បើយខ្ពស់។ តើស្រ្តីគួរធ្វើតេស្តពិនិត្យ​រកជំងឺ​មហារីក​សុដន់នៅអាយុប៉ុន្មាន តាមវិធីណាខ្លះនិងញឹកញាប់ប៉ុនណា?

    ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺមហារីកសុដន់ ស្រ្តីអាចធ្វើតេស្តពិនិត្យរក​មហារីក​សុដន់​តាម​រយៈការស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ការថតអេកូសុដន់និងការថតកៀបសុដន់ (Mammogram)។

    ១. ការស្ទាបពិនិត្យសុដន់ដោយខ្លួនឯង

    ការស្ទាបពិនិត្យសុដន់ដោយខ្លួនឯងអាចជួយស្រ្តីដឹងពីស្ថានភាពសុដន់ខ្លួន​ឯង។ ស្រ្តីពេញ​វ័យ​ចាប់​ពី​អាយុ២០ឆ្នាំឡើងគួរពិនិត្យនិងស្ទាបរកដុំមហារីកសុដន់​ដោយ​ខ្លួនឯង​ជាប្រចាំរៀងរាល់ខែ បន្ទាប់​ពី​ថ្ងៃ​មករដូវដំបូង​៧-១០ថ្ងៃ ព្រោះក្រោយពេលមករដូវ​ហើយ ​សុដន់ស្រ្តីមិនមានភាព​តឹង រឹងនិងឈឺទេ ដោយសារបំរែបំរួលអ័រម៉ូនមានការថយចុះ។ ចំណែក​ស្រ្តី​វ័យអស់រដូវ​គួរស្ទាបពិនិត្យសុដន់ដោយ​ខ្លួន​ឯង​នៅថ្ងៃដដែលៗ​ជារៀងរាល់ខែ ឧទាហរណ៍ ថ្ងៃទី១ជារៀងរាល់ខែ។

    ស្រ្តីអាចធ្វើការស្ទាបពិនិត្យសុដន់ខ្លួនឯងដោយមើលកញ្ចក់។ ប្រសិន​បើ​ស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តី​ត្រូវ​លើកដៃខាងស្តាំដាក់លើក្បាល ហើយយក​ម្រាមដៃខាងធ្វេងស្ទាបរកកូនកណ្តុរ ឬដុំនៅ​តំបន់​ឆ្អឹង​ដងកាំបិត កនិង​ក្រោមក្លៀក ហើយអូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់។

    បន្ទាប់​មកស្ទាបមើលដុំក្នុងសុដន់ដោយប្រើម្រាមដៃចង្អុរ កណ្តាលនិងនាង​​ស្ទាបសុដន់​ជាចលនា​រង្វង់​ពីគល់សុដន់រហូតដល់ចុងសុដន់ រួចច្របាច់​ចុងសុដន់មើល។

    ក្នុងអំឡុងពេលស្ទាបពិនិត្យសុដន់ បើស្រ្តីប្រទះឃើញសុដន់មានការប្រែប្រួលដូចខាងក្រោម ស្រ្តីគួរ​ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ព្រោះអាចជារោគសញ្ញាមហារីកសុដន់៖

    • សុដន់សងខាងប្រែប្រួលរូបរាង អាចរីកធំខុសធម្មតា ឬធំម្ខាងតូចម្ខាង
    • លើសុដន់ឬក្រោមក្លៀកមានដុំពក
    • ស្បែកឬចុងសុដន់មានស្នាម ខួចឬខូងចូលក្នុងដូចសំបកក្រូចពោធិ៍សាត់
    • ស្បែកឬចុងសុដន់មានការរលាក ឡើងក្រហមឬក្តៅ
    • ចុងសុដន់លិបចូលក្នុង
    • ចុងសុដន់មានហូរទឹករងៃ ឈាមឬទឹកដោះ ពេល​សង្កត់​លើឬច្របាច់ (ក្នុងករណីស្រ្តីមិន​បំបៅដោះ​ឬមានផ្ទៃពោះ)

    ២. ការថតអេកូសុដន់

    ជាទូទៅស្រ្តីគួរថតអេកូសុដន់ចាប់ពីអាយុ២០-៣៩ឆ្នាំជារៀងរាល់ឆ្នាំដើម្បី​រកជំងឺមហារីកសុដន់។ ការ​ថតអេកូសុដន់គឺជាការថតសុដន់ដោយ​ប្រើរលកសំឡេងដើម្បីចាប់យករូបភាពក្នុងសុដន់ដែលអាចឱ្យគ្រូពេទ្យដឹងពីស្ថានភាពក្នុងសុដន់រួមមានគីស ដុំស្លូតឬដុំកាច (ដុំមហារីក) ជាដើមច្បាស់។ ជាងនេះ​ទៅទៀតស្រ្តីមានផ្ទៃពោះក៏អាចថតអេកូសុដន់បានដែរ និង​មានសុវត្ថិភាព។

    ក្នុងករណីស្រ្តីបានរកឃើញរោគសញ្ញាសង្ស័យថាជាមហារីកសុដន់ក្រោយពេលស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ឬក្រោយពេលគ្រូពេទ្យឃើញមានការប្រែប្រួលក្នុង​សុដន់របស់​ស្រ្តីតាម​រយៈ​ការ​ថត​កៀប​សុដន់ គ្រូពេទ្យនឹង​ថតអេកូសុដន់ស្រ្តីបន្ថែមដើម្បីឱ្យដឹងពីស្ថានភាពក្នុងសុដន់កាន់តែច្បាស់ ថា​ជា​កោសិកាមហារីកឬមិនមែន ដោយសារក្នុងការថតអេកូសុដន់​​គ្រូពេទ្យអាចកាន់​ឧបករណ៍​ថត​អេកូ​អូស​ពិនិត្យលម្អិតលើទីតាំងជាលិកាសុដន់ដែលសង្ស័យថាជារោគសញ្ញាមហារីក។

    ម្យ៉ាងទៀតគ្រូពេទ្យក៏ធ្វើការថតអេកូសុដន់ស្រ្តីបន្ថែមដើម្បីរក​កោសិ​កា​​មហារីកដែរ បើ​ក្រោយ​ពិនិត្យ​ឃើញថាជាលិកាសុដន់ស្រ្តីក្រាស់តាមរយៈការថតកៀបសុដន់ ព្រោះការថតកៀបសុដន់មិន​អាច​បែងចែកច្បាស់រវាងកោសិកាមហារីកនិងជាលិកាសុដន់ទេ បើជាលិកាសុដន់​ស្រ្តី​ក្រាស់​ជាង​ធម្មតា។

    ថតអេកូសុដន់

    ៣. ការថតកៀបសុដន់

    ការថតកៀបសុដន់អាចរកឃើញជំងឺមហារីកសុដន់ចាប់តាំងពីដំណាក់កាលដំបូងពោលគឺពេលកោសិកា​មហារីកនៅតូច​និងមុនពេលកោសិកា​មហា​រីក​ចេញរោគសញ្ញា។ ក្នុងអំឡុងពេលថតកៀបសុដន់ សុដន់​របស់ស្រ្តីត្រូវថតដោយកៀបជាមួយបន្ទះថ្លាពីរដើម្បីឱ្យជាលិកាសុដន់លាចេញ។ បន្ទាប់​​មក​កាំ​រស្មី​អ៊ិចចាប់ផ្តើមថតចាប់យករូបភាពសុដន់ រួចបង្ហាញជារូបភាពស-ខ្មៅនៅលើអេក្រង់កុំព្យូទ័រ។ ស្រ្តីគួរធ្វើការថតកៀបសុដន់តាមការណែនាំដូចខាងក្រោម៖

    • ស្រ្តីអាយុ៤០-៥៥ឆ្នាំគួរថតកៀបសុដន់១ឆ្នាំម្តង
    • ស្រ្តីអាយុ៥៥-៧៤ឆ្នាំគួរថតកៀបសុដន់២ឆ្នាំម្តង
    • ស្រ្តីមានប្រវត្តិគ្រួសារកើតមហារីកសុដន់គួរថតកៀបសុដន់ចាប់ពីអាយុ៣០ឆ្នាំឡើង

    ថតកៀបសុដន់ (Mammogram)

    ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ជំងឺមហារីកសុដន់ ស្រ្តីពេញវ័យគួរធ្វើការស្ទាប​ពិនិត្យសុដន់​ដោយ​ខ្លួនឯងជារៀងរាល់ខែ និងធ្វើការថតអេកូសុដន់ជារៀងរាល់ឆ្នាំ​នៅអាយុ២០-៣៩ឆ្នាំ​ ឬកៀបសុដន់ជា​រៀងរាល់ឆ្នាំ​ឬ​២ឆ្នាំម្តងបន្ទាប់ពីអាយុ៤០ឆ្នាំឡើង ទោះបីជារកមិនឃើញរោគសញ្ញា​មហារីកសុដន់​នៅ​ពេលស្ទាបពិនិត្យសុដន់ដោយខ្លួនឯងក៏ដោយ ព្រោះការ​ស្ទាបពិនិត្យសុដន់ដោយខ្លួនឯង​អាចរកមិន​ឃើញមហារីកសុដន់មុន​ពេលចេញរោគសញ្ញា។ មួយវិញទៀតបើស្រ្តី​ស្ទាប​មិន​ច្បាស់ ស្រ្តីអាចមិន​​ដឹងថា​ខ្លួនមានមហារីកសុដន់ទេ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ស្រ្តីអាចកាត់បន្ថយអត្រាគ្រោះថ្នាក់នៃមហារីកសុដន់ដោយធ្វើតេស្តពិនិត្យរកជំងឺមហារីកសុដន់តាមរយៈការស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ការថតអេកូសុដន់និងការថតកៀបសុដន់។
    – ស្រ្តីពេញវ័យចាប់ពីអាយុ២០ឆ្នាំឡើងគួរពិនិត្យនិងស្ទាបរកដុំមហារីកសុដន់​ដោយ​ខ្លួនឯង​ជាប្រចាំរៀងរាល់ខែ។
    – បន្ថែមពីការពិនិត្យនិងស្ទាបរកដុំមហារីកសុដន់​ដោយ​ខ្លួនឯង ស្រ្តីគួរ៖
    • ថតអេកូសុដន់៖ ចាប់ពីអាយុ២០-៣៩ឆ្នាំជារៀងរាល់ឆ្នាំ
    • កៀបសុដន់៖ ជារៀងរាល់ឆ្នាំឬ២ឆ្នាំម្តងបន្ទាប់ពីអាយុ៤០ឆ្នាំឡើង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម