backup og meta

រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 19, 2022

    រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងទាំងនេះ

    អំឡុងពេលពពោះ ចាស់ៗពីដើមតែងតែបារម្ភ ណែនាំយើងកុំធ្វើនេះ កុំធ្វើនោះ តាមបទពិសោធពួកគាត់ធ្លាប់ឆ្លងកាត់ ដោយ​រាប់បញ្ចូលទាំងអារឿងរួមភេទទៀតផង ពិសេសគឺ​ពេល​ជិតគ្រប់ខែតែម្ដង​។ ចាស់ៗត្រណមណាស់ ខ្លាចអ៊ីចេះ ខ្លាចអ៊ីចុះ ! ប៉ុន្តែវេជ្ជស្រាស្រ្តសម័យនេះ​មិនបានហាមទេ ថែមទាំងលើកទឹកចិត្តឲ្យយើង​រួម​ភេទ​ដល់​ថ្ងៃ​សម្រាល​ទៀតផង គ្រាន់តែធ្វើក្នុងសកម្មភាព​​ថ្នមៗ​គ្រប់​គ្រាន់​ហើយ​ ខណៈមូលហេតុ គឺដោយសារគុណប្រយោជន៍ដ៏អស្ចារ្យខាងក្រោមនេះឯង។​

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ

    ១- ជាវិធីមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុតដើម្បីរក្សាទំនាក់ទំនងប្តីប្រពន្ធ

    គ្នាយើងអាចប្រហែលជាកម្រគិតដល់រឿងរួមភេទ ព្រោះគ្នាយើងពិសេសស្រីៗអាចនឹងគិតថា​ការរួមភេទ​ពេល​កំពុង​ពពោះ​នឹងធ្វើឲ្យកូនក្នុងផ្ទៃយើងឈឺចាប់បាន។ ដល់ពេលឈប់ប្រើទស្សនៈបែបនេះទៀតហើយ ! ដរាបណាវេជ្ជបណ្ឌិត មិនបានណែនាំយើងកុំឲ្យបន្តរួមភេទពេលពពោះនោះ មានន័យថា រួមភេទពេលពពោះ​នៅតែមានសុវត្ថិភាពសម្រាប់ម៉ាក់ៗ​និងបេប៊ី។

    ហេតុនេះ កុំបារម្ភអី ! យ៉ាងណាក៏ដោយ ពេលយើងរួមភេទ​ក៏មិនបណ្តាលឲ្យប៉ះពាល់អូនៗក្នុងផ្ទៃ ឬ​បង្ក​ហានិភ័យ​​ឆ្លង​​មេរោគ​ទៅ​អូន​នោះ​ដែរ ​(ត្រួវច្បាស់ថា ដៃគូរួមភេទយើង​គ្មានជំងឺកាមរោគ)។ បើទោះជាស្រីៗកំពុងពពោះ មានបញ្ហាសុខភាពមួយចំនួន​ក្តី​ ប៉ុន្តែការឈានដល់ចំណុចកំពូល គឺមិនអាចបង្កើនឱកាសនាំឲ្យរលូតកូន ឬសម្រាលមុនខែនោះដែរ។

    គណនាថ្ងៃសម្រាលកូន នៅទីនេះ

    ២-អារម្មណ៍កាន់តែអស្ចារ្យជាងធម្មតា

    បម្រែបម្រួលអ័រម៉ូនពេលពពោះ អាចជួយឲ្យចំណង់ផ្លូវភេទយើងកាន់តែពុះកញ្ជ្រោលជាងពេលធម្មតា​ទៅ​ទៀត​។ ​ចុះ​​មាន​​ដឹង​​អ្វីកាន់​តែ​អស្ចារ្យជាង​នេះ​ដែរ​អត់?​ កំណើនលំហូរឈាមទាំងអស់ទៅកាន់បបូរទ្វារមាស នឹងធ្វើឲ្យអារម្មណ៍រំជើបរំជួលកើនឡើងក្នុងកម្រិត​ខ្ពស់​បំផុត ​ហើយវានឹងផ្តល់នូវបទពិសោធផ្លួវភេទដ៏ពុះកញ្ជ្រោល រោលរាល ជាមួយនឹងការឈានដល់ចំណុចកំពូលយើងមិនធ្លាប់​ឆ្លង​កាត់​ពី​មុន​ក្នុង​ជីវិត​។ អំឡុងពេលនេះ គ្នាយើងអាចនឹងរកឃើញតំបន់ស្រណុកសុខស្រួល និង​ផ្តល់​ភាព​រីករាយ​ឲ្យ​យើង ដែល​ធ្លាប់​ដឹង​ពី​មុន​មក។

    ៣- បន្ថយរោគសញ្ញាពេលពពោះ

    ទទួលយកការរួមភេទពេលពពោះ ស្មើនឹងការហាត់ប្រាណ​ពីក្នុងរាងកាយ។ តាមពិត រួមភេទអាចជួយដល់សុខភាពរាងកាយច្រើនសន្ធឹកសន្ធាប់។ ដឹងថាល្អម៉េចខ្លះអត់? គុណប្រយោជន៍ជាច្រើន អាចផ្តល់ឲ្យយើងនូវ​ភាព​កក់​ក្តៅ​ ធូរអារម្មណ៍ ស្រស់​ស្រាយ ចេញ​ផុត​ពីអ្វី​ដែលប៉ះ​ពាល់​អារម្មណ៍​របស់យើងពេញមួយថ្ងៃមកនេះ ហើយគុណប្រយោជន៍ច្រើនបំផុតមានដូចជា៖

    បន្ថែមការដុតកាឡូរី គ្នាយើងអាចនឹងដុតកាឡូរីបន្ថែមប្រមាណ ៥០ កាឡូរី អំឡុងពេលយើងរួមភេទ ប្រហែល​​កន្លះ​​ម៉ោង។ បើទោះ​ជាវាមិនទាន់ស្មើនឹងការហាត់ប្រាណរបស់យើងក្តី ប៉ុន្តែក៏ល្អជាងមិនបានធ្វើអ្វីសោះដែរ។

    ជួយឲ្យសម្ពាធឈាមធ្លាក់ចុះ៖ នៅពេលដែលសម្ពាធឈាមយើងស្ថិតក្នុងកម្រិតល្អអំឡុងពេលពពោះ ជារឿងអស្ចារ្យបំផុតសម្រាប់សុខភាពស្រីៗគ្នាយើង។ វាអាចជួយយើងឲ្យគេងកាន់តែស្រួល ហើយការរួមភេទជាទូទៅ នឹងធ្វើឲ្យអារម្មណ៍យើងធូរស្រាល ព្រោះការរួមភេទវាដូចគ្នាទៅនឹងការលំហែរកាយដូច្នោះដែរ។

    រំសាយការឈឺចាប់រាងកាយ និងអារម្មណ៍មិនផាសុកភាព៖ សញ្ញាឈានដល់ចំណុចកំពូល គឺជាការ​បញ្ចេញ​អ័រម៉ូន​ Oxytocin ដែល​​ជា​​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ សប្បាយរីករាយ ដែលអាចចាត់ទុកជាថ្នាំបំបាត់ការឈឺចាប់បាន។ ចំពោះក្បាច់រួមភេទសម្រាប់ស្រីៗពពោះ មិនត្រឹមតែមិនធ្វើឲ្យធុញទ្រាន់ទេ ថែមទាំងអាចបំបាត់អាការៈឈឺខ្នង និងរមួលក្រពើថែមទៀត។

    ៤- រួមភេទពេលពពោះ អាចជួយជំរុញសុខភាពផ្លូវចិត្ត

    អារម្មណ៍សប្បាយរីករាយទាំងអម្បាលម៉ាន ពិសេសទាំងដឹងថាកូនយើងកំពុងជិតចេញមកហើយ មើល​ពិភព​លោក​ដ៏​ស្រស់​ស្អាត​នេះក៏ដោយ ពេលខ្លះក៏នៅតែមិនអាចបញ្ឈប់ភាពថប់បារម្ភ ការយំយែក និងស្ត្រេសបានទាំងអស់នោះទេ គួរតែអរគុណដល់អ័រម៉ូនយើងទើបត្រូវ។

    ស្រីៗពពោះ អាចមានទំនោរខ្លាំងទៅលើផ្លូវអារម្មណ៍​ ប៉ុន្តែរួមភេទ ជាវិធីសាស្ត្រអស្ចារ្យមួយដើម្បីទៅបង្អាក់ផ្លូវអារម្មណ៍ទាំងនេះ។ លើសពីនេះ អ័រម៉ូន Oxytocin ដែលកើនឡើងខ្លាំងពេលយើងឈានដល់ចំណុចកំពូល នឹងជំរុញយើងឲ្យងាក​ទៅ​រកអារម្មណ៍​ស្រលាញ់ រីករាយ ធ្វើឲ្យកាន់​តែ​ស្និទស្នាល​ជាមួយដៃគូ​ថែម​មួយ​កម្រិត​។

    ៥- មានគុណប្រយោជន៍ច្រើនចំពោះគភ៌ក្នុងផ្ទៃ

    រួមភេទពេលពពោះ មិនត្រឹមមិនបង្កការឈឺចាប់ដល់កូនយើងប៉ុណ្ណោះទេ ប៉ុន្តែបែរជាផ្តល់វិជ្ជមានយ៉ាងច្រើនជំនួសមកវិញសម្រាប់​កូន​យើង​ក្នុង​ផ្ទៃ។

    ជាក់ស្តែងអារម្មណ៍ស្រស់ស្រាយយើងកាន់តែមានច្រើន មានន័យថា កូនយើងក៏អាចកាត់បន្ថយអ័រម៉ូនស្ត្រេសដូចជាអ័រម៉ូន Cortisol ចេញពីខ្លួនដូចគ្នា ខណៈអ័រម៉ូននេះ វាមានឥទ្ធិពលអវិជ្ជមានទៅលើការលូតលាស់របស់អូនៗ ទាំងមុន និងក្រោយពេលសម្រាល។

    រួមភេទពេលពពោះផ្សេងទៀត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម