អំឡុងពេលពពោះ ម៉ាក់ៗណាដែលមិនចង់ដឹងភេទកូនក្នុងផ្ទៃឲ្យបានលឿននោះ។ ដូចនេះហើយ ទើបមានការលើកឡើងមួយដែលថា ពេលពពោះ ធុំក្លិនគ្រឿងក្រអូបមិនបាន ស្បែកប្រែជាស្រអាប់ ហើយឡើងមុនពេញមុខ អាចបញ្ជាក់ថាកូនក្នុងផ្ទៃជាកូនស្រី ឬប្រុសបាន។ បើតាមពេទ្យជំនាញ ការលើកឡើងបែបនេះពិតមែនអត់?
ដើម្បីឆ្លើយតបចម្ងល់នេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញផ្នែកសម្ភព និងរោគស្ត្រីបានពន្យល់ឲ្យដឹងថា ការលើកឡើងបែបនេះ គឺគ្រាន់តែជាការចំណាំរបស់ស្ត្រីមានផ្ទៃពោះម្នាក់ៗប៉ុណ្ណោះ នៅមិនទាន់មានភស្តុតាងបែបវិទ្យាសាស្ត្រណាមកអះអាងនៅឡើយទេ។
“ភាគច្រើនខ្ញុំសង្កេតឃើញថា វាជាការចំណាំតាមគ្នារបស់ម៉ាក់ៗពពោះ នៅពេលពួកគាត់និយាយគ្នាលេងអ៊ីចឹង។ ម៉ាក់ៗខ្លះ ចំណាំបែបនេះ ហើយកូនកើតមកត្រូវតាមភេទដែលគាត់គិតទុក ក៏គិតថា កាលណាមានអាការៈស្អប់ក្លិនក្រអូប ឬស្បែកឡើងខ្មៅអាចឲ្យដឹងពីភេទកូនមែន។”
ទាក់ទងនឹងបញ្ហានេះដែរ វេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពរូបនេះ បានបញ្ជាក់បន្តថា វានៅមិនទាន់មានការសិក្សាផ្នែកវិទ្យាសាស្ត្រណាមួយមកបញ្ជាក់ពីការចំណាំតៗគ្នានេះថា ពិត ឬមិនពិតនោះទេ។ ប៉ុន្តែ នៅអំឡុងពេលពពោះ គឺក្រុមគ្រូពេទ្យតែងតម្រូវឲ្យស្ត្រីពពោះទៅពិនិត្យមើលអេកូជាប្រចាំ ដើម្បីកំណត់មើលសុខភាពទូទៅរបស់កូននៅក្នុងផ្ទៃ ក៏ដូចជាអាចបញ្ជាក់កាន់តែច្បាស់ពីភេទរបស់គភ៌។ ជាទូទៅ នៅពេលពពោះបាន៣ ទៅ៤ខែ គ្រូពេទ្យអាចពិនិត្យមើលដឹងពីភេទរបស់គភ៌ហើយ។
[embed-health-tool-due-date]