បច្ចុប្បន្នបច្ចេកទេសវេជ្ជសាស្ត្រទំនើប អាចជួយសម្រួលផ្នែកសម្ភពបានច្រើន។ តែទោះជាបែបនោះម៉ាក់ៗមួយចំនួន ក្រោយសម្រាលកូនហើយនៅស្ដាប់បង្គាប់ចាស់ៗ ដោយប្រកាន់ខ្ជាប់ទម្លាប់បែបបុរាណដដែល ព្រោះខ្លាចមានបញ្ហាទាស់ផ្សេងៗ។
បច្ចុប្បន្នបច្ចេកទេសវេជ្ជសាស្ត្រទំនើប អាចជួយសម្រួលផ្នែកសម្ភពបានច្រើន។ តែទោះជាបែបនោះម៉ាក់ៗមួយចំនួន ក្រោយសម្រាលកូនហើយនៅស្ដាប់បង្គាប់ចាស់ៗ ដោយប្រកាន់ខ្ជាប់ទម្លាប់បែបបុរាណដដែល ព្រោះខ្លាចមានបញ្ហាទាស់ផ្សេងៗ។

បញ្ហានេះដែរត្រូវលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បកស្រាយថា ស្ត្រីក្រោយសម្រាលកូនហើយអាចធ្វើអ្វីបានតាមចិត្ត ដោយគ្មានផលប៉ះពាល់ឡើយ។ វេជ្ជបណ្ឌិតរូបនោះបានឲ្យដឹងថា “ទាស់” គ្មាននៅក្នុងវេជ្ជសាស្រ្តឡើយ ហើយអ្នកសម្រាលកូនរួចអាចធ្វើអ្វីបានគ្រប់យ៉ាងដូចមុនពេលសម្រាលដែរ តែមុនយើងធ្វើអ្វីត្រូវដឹងពីស្ថានភាពសុខភាពយើងសិន។
គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
លោកបញ្ជាក់ថារឿងដំបូងដែលមិនធ្វើឲ្យស្រ្តីទាស់ក្រោយសម្រាលនោះ គឺការងូតទឹក តែបែរចាស់ពីមុនហាមដាច់ខាតមិនឲ្យងូត ព្រោះសរសៃនៅខ្ចីអាចនាំឲ្យត្រជាក់ជ្រុល ទៅជាព្រឺរងាទាស់។ ការងូតទឹកក្រោយសម្រាលជួយឲ្យអារម្មណ៍ល្អ ធ្វើឲ្យស្ត្រីស្រឡះក្នុងខ្លួន និងជាអនាម័យខ្លួនប្រាណ ហើយបើមិនបានងូតទឹកច្រើនថ្ងៃ ធ្វើឲ្យរាងកាយកខ្វក់ បង្កទៅជាមេរោគ ហើយម្ដាយត្រូវឱបកូន បីកូន បំបៅកូន ងាយនឹងឆ្លងមេរោគនោះទៅកូនទៀត។ មួយវិញទៀតបើទើបសម្រាលថ្មីៗ នៅមានអាការៈវិលមុខ អស់កម្លាំង ចូលបន្ទប់ទឹកត្រូវប្រយ័ត្នរអិល ឬការដួល ព្រោះបណ្ដាលឲ្យមានគ្រោះថ្នាក់បាន។
បន្ថែមពីលើការងូតទឹកធម្មតាវេជ្ជបណ្ឌិតផ្នែកសម្ភពរូបនោះក៏បន្តទៀតថា ស្ត្រីក្រោយសម្រាលអាចកក់ និងសិតសក់បានធម្មតាទៀតផង មិននាំឲ្យទាស់ ឬឈឺក្បាលឡើយ។ តែបើតាមជំនឿបែបបុរាណគេមិនឲ្យស្ត្រីកក់ និងសិតសក់ឡើយ ព្រោះគិតថានៅសរសៃខ្ចី ប្រសិនបើអេះ ឬទាញនាំឲ្យប៉ះពាល់ទៅសរសៃក្បាល នាំឲ្យឈឺក្បាលចាប់ជាប្រចាំ។ ផ្ទុយទៅវិញគ្រូពេទ្យអនុញ្ញាតឲ្យម៉ាក់ៗធ្វើតាមចិត្តដូចមុនពេលសម្រាល ព្រោះតែកក់ ឬសិតមិនបានជាប់ទាក់ទិននឹងការឈឺក្បាលឡើយ តែមកពីបញ្ហាផ្សេងៗទៀតដូចជាគេងមិនលក់ គិតច្រើន ញ៉ាំអាហារមិនបានគ្រប់គ្រាន់ និងហត់នឿយជាប្រចាំទៅវិញទេ។

ចំណែករឿងមួយទៀតដែលម៉ាក់ៗអាចធ្វើបាន ដោយមិនព្រួយរឿងទាស់ដែរនោះ គឺការញុាំអាហារ បន្លែ និងផ្លែឈើគ្រប់យ៉ាង។ កាលពីមុនចាស់ៗតែងហាមមិនឲ្យញ៉ាំអាហារមានបន្លែឡើយ គឺឲ្យញ៉ាំតែអាហារក្រៀមក្រោះដូចជាសាច់អាំង ចៀន…។ ទម្លាប់ញ៉ាំអាហារខ្សោះជីវជាតិទាំងនេះទៅវិញទេ ដែលនាំឲ្យទៅជាស្គមជ្រុល រាងកាយមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយរាងកាយប្រែជាគ្មានសាច់ឈាមឡើយ ស្បែកមិនភ្លឺថ្លា និងប្រែជាខ្មៅស្រអាប់។ យកល្អញ៉ាំអាហារជាប្រភេទស្ងោរ ស៊ុប មានសាច់ បន្លែ តែត្រូវលាងសម្អាត និងចម្អិនឲ្យឆ្អិនល្អ ទើបញ៉ាំទៅមិនរាករូស ឬចុកឆ្អល់ និងហើមពោះ។
គួរអាន៖
ងាកមកមើលរឿងដែលចាស់ៗតែងហាមឃាត់មួយទៀតនោះ គឺការមើលទូរទស្សន៍ និងទូរស័ព្ទ ព្រោះយល់ឃើញថា ការមើលរបស់អស់ទាំងនោះនាំឲ្យស្រវាំងភ្នែក និងពេលចាស់ទៅមើលមិនច្បាស់តែម្ដង។ តែបើតាមការបកស្រាយរបស់គ្រូពេទ្យវិញ បានបញ្ជាក់ថាភ្នែករបស់យើងគ្មានអ្វីប្រែប្រួល ឬក៏ខូចទេ គ្រាន់តែម៉ាក់ខ្លះមើលច្រើនពេក ទើបការសម្លឹងអ្វីផ្ដោតយូរអាចនាំឲ្យវិលមុខ សម្រាកមិនបានគ្រប់គ្រាន់។ ណាមួយបើមើលកូនបណ្ដើរ លេងទូរស័ព្ទបណ្ដើរអាចមិនផ្ចង់អារម្មណ៍មើលថែកូនបានល្អ ឬអាចធ្វើឲ្យបែកបាក់ ឬកំពប់អីវ៉ាន់ទៀតផង។ វេជ្ជបណ្ឌិតបានបន្តទៀតថា កុំថាឡើយអ្នកកូនខ្ចីមនុស្សធម្មតាពេលមើលច្រើនក៏មិនល្អដែរ ធ្វើឲ្យគេងមិនលក់ រួយគ្រាប់ភ្នែក និងបញ្ហាដទៃទៀតជាច្រើន។ ដូចនេះគួរមើលវាក្នុងកម្រិតសមល្មមទៅបាន ហើយអ្នកមានការងាររកស៊ី និងកិច្ចការចាំបាច់ត្រូវប្រើ អាចបន្តទៀតបាន ព្រោះជារឿងចៀសមិនបាន តែបើសម្រាប់មើលរឿង មើលចម្រៀង លេងបណ្ដាញសង្គម គួរតែផ្អាកទៅ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Labor and delivery, postpartum care
https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/postpartum-complications/art-20446702
Postpartum Complications: Symptoms and Treatments
https://www.healthline.com/health/pregnancy/postpartum-complications
7 Common Postpartum Conditions New Mothers Should Know About
https://www.dignityhealth.org/articles/7-common-postpartum-conditions-new-mothers-should-know-about
Overview of Postpartum Care
https://www.msdmanuals.com/home/women-s-health-issues/postpartum-care/overview-of-the-postdelivery-postpartum-period
Potential Postpartum Complications
https://www.beaumont.org/services/womens-services/maternity/after-pregnancy/moms-health/potential-complications
កំណែប្រែបច្ចុប្បន្ន
11/11/2022
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ