អង់គ្លេសអនុញ្ញាតជាផ្លូវ​ការឲ្យប្រើថ្នាំ remdesivir ​ព្យាបាលអ្នកជំងឺ​ COVID-19

    អង់គ្លេសអនុញ្ញាតជាផ្លូវ​ការឲ្យប្រើថ្នាំ remdesivir ​ព្យាបាលអ្នកជំងឺ​ COVID-19

    រដ្ឋាភិបាល​​អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ remdesivir ក្នុងការ​ព្យាបាល​ជំងឺ​បង្កដោយ​វីរុស COVID-19 ដោយថា​ថ្នាំនេះ​​មាន​ប្រសិទ្ធភាព​​ជួយ​ឲ្យ​​អ្នក​ជំងឺ​បាន​ជាសះស្បើយ​កាន់តែលឿន​ជាង​មុន​។

    ថ្នាំ remdesivir គឺ​ជា​ថ្នាំ​ប្រឆាំង​វីរុស​ដែល​ដំបូង​ឡើយ​គេ​ប្រើ​សម្រាប់ព្យាបាល​ជំងឺ Ebola។ អាជ្ញាធរ​​អង់គ្លេស​បាន​លើក​ឡើង​ថា​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ពី​ប្រសិទ្ធភាព​ថ្នាំ​នេះ​ទៅ​លើ​អ្នក​ជំងឺ​ដែល​​បាន​ជ្រើសរើសសម្រាប់​ការ​ព្យាបាល​កន្លង​មក​។ ដោយសារ​ការ​ផ្គត់ផ្គង់​មាន​កំណត់ ថ្នាំ​នេះ​នឹង​ប្រើប្រាស់​ទៅ​លើ​អ្នក​ដែល​ត្រូវ​ការ​ចាំបាច់​​ប៉ុណ្ណោះ។

    ទិន្នន័យ​ដំបូង​បាន​ឲ្យ​ដឹង​ថា​ថ្នាំ​នេះ​អាច​ពន្លឿន​​រយៈពេល​ក្នុង​ការ​ជា​សះស្បើយ​រហូត​ដល់​៤ថ្ងៃបើធៀបទៅ​នឹង​អ្នកជំងឺ​មិន​ប្រើ​ថ្នាំនេះ ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាង​ដែល​ថា​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​ទេ។ ថ្នាំ remdesivir នេះ​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​សាកល្បង​ជុំវិញ​ពិភពលោកនៅឡើយ​ដែរ​។

    វេជ្ជបណ្ឌិត Stephen Griffin មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Leeds បាន​និយាយ​ថា​នេះ​អាច​ជា​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ពេល​នេះ។ អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​នឹង​ទទួល​បាន​ថ្នាំ​នេះ​មុន​គេ ។ អ្វី​ដែល​គេ​រំពឹង​ពី​ថ្នាំ​នេះ​គឺ​ជួយ​ឲ្យ​អត្រា​នៃ​ការ​ជា​សះស្បើយ​មាន​ភាព​ប្រសើរ​ឡើង និង​បន្ថយ​អត្រា​មរណៈ។

    ក្រៅពី​ថ្នាំ remdesivir គ្រូពេទ្យ​​ក៏​កំពុង​ធ្វើ​ការ​ព្យាបាល​សាកល្បង​លើ​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ hydroxychloroquine និង​ថ្នាំ​ប្រឆាំង​វីរុស HIV។ ប៉ុន្តែ​ការ​តេស្ដ​លើ​ថ្នាំ hydroxychloroquine ត្រូវ​បាន​បញ្ឈប់​នៅ​ក្នុង​ការ​តេស្ដ​សាកល្បង​មួយ​ចំនួន​ដោយ​សារ​​បញ្ហា​សុវត្ថិភាព។

    អង្គការ​សុខភាព​ពិភព​បាន​និយាយ​ថា​ការ​ផ្អាក​ការ​ធ្វើ​តេស្ដ​លើ​ថ្នាំ​គ្រុនចាញ់ប្រភេទ​នេះ​គឺ​ជា​ការ​ការពារ បន្ទាប់​ពី​មាន​ការ​សិក្សា​រក​ឃើញ​ថា​ថ្នាំ​ hydroxychloroquine នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់ និង​ផល​វិបាកទៅ​លើ​ចង្វាក់​បេះដូង។ ដោយ​ឡែក​នៅ​ប្រទេស​អង់គ្លេស ការ​តេស្ដ​សាកល្បង​ទៅ​លើ​ការ​ជា​សះស្បើយ​នៅ​បន្ត​ធ្វើ ប៉ុន្តែ​ការ​ប្រើប្រាស់​ថ្នាំ​គ្រុនចាញ់​នេះ​ទៅ​លើ​ក្រុម​គ្រូពេទ្យ​ក្នុង​គោលបំណង​ការពារ​ការ​ឆ្លង​ត្រូវ​បាន​ផ្អាកហើយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.bbc.com/news/health-52805828

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 27/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត