សម្រួល​ភាពតានតឹង អំឡុងការរាលដាល​វីរុស ​COVID-19 ដោយ​វិធីទាំងនេះ​

    សម្រួល​ភាពតានតឹង អំឡុងការរាលដាល​វីរុស ​COVID-19 ដោយ​វិធីទាំងនេះ​

    ការ​ព្រួយ​បារម្ភ​របស់​សាធារណៈ​ជន​​កាន់​តែ​កើន​ឡើង បន្ទាប់​ពី​ការ​រាលដាល​នៃ​វីរុស COVID-19 ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​នៅ​កម្ពុជា​ ចំនួន​១២​ករណី​រួច​មក។ ដើម្បី​កុំ​ឲ្យ​សាធារណៈ​ជន​មាន​ភាព​តានតឹង​ខ្លាំង​អំឡុង​ពេល​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​(CDC) នៃ​ក្រសួង​សុខាភិបាល បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​វិធី​ដោះ​ស្រាយ​ភាព​តានតឹង​ដល់​សាធារណៈ​ជន​ទាំង​អស់។

    ទី១៖ សូម​និយាយ​ជជែក​ជាមួយ​មនុស្ស​ដែលយើងទុក​ចិត្ត​អាច​ជួយ​បាន ពិសេស​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​​ដើម្បី​បន្ធូរ​អារម្មណ៍។

    ទី២៖ ប្រសិន​យើងត្រូវ​តែ​សម្រាកនៅផ្ទះ សូម​រក្សា​របៀប​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ទៀង​ទាត់ ហើយ​រក្សា​ទំនាក់​ទំនង​ក្នុងសង្គម​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​នៅ​ផ្ទះ​យើង និង​តាម​រយៈ​អ៊ីមែល ឬ​ទូរស័ព្ទ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ដទៃ។

    ទី៣៖ កុំជក់បារី ផឹកគ្រឿង​ស្រវឹង ឬ​សារធាតុ​ញៀន​ផ្សេងៗ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ផ្លូវចិត្ត។ ប្រសិន​យើង​មាន​អារម្មណ៍​ធុញ​ថប់​ច្របូក​ច្របល់ សូម​ពិភាក្សា​ជាមួយ​មន្រ្តី​សុខា​ភិ​បាល​ ឬ​អ្នក​ផ្តល់​ប្រឹក្សា។​ ក្នុង​ករណី​ដែល​មាន​តម្រូវ​ការ​ចាំ​បាច់ សូម​រៀប​ចំ​ផែន​ការ​ទុក​ជា​មុន ដូច​ជា ថា​តើ​យើង​​ត្រូវ​ទៅ​កន្លែង​ណា ហើយ​ស្វែង​រក​ការ​ជួយ​ដោយ​របៀប​ណា សម្រាប់​តម្រូវ​ការសុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

    ទី៤​៖ ស្វែង​រក​ព័ត៌មាន​ពិត។​ ប្រមូល​ព័ត៌មាន​ដែល​អាច​នឹង​ជួយយើង​សម្រេច​ចិត្ត​ទៅ​លើ​ហានិភ័យ​ដោយ​ភាព​ត្រឹម​ត្រូវ ដូចនេះ​យើង​​អាច​មាន​ការ​ប្រុងប្រយ័ត្ន​បាន​ត្រឹមត្រូវ។ សូម​ស្វែង​រក​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន ដូច​ជា​ទំព័រ​ហ្វេសប៊ុក​របស់នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ឬ​ក្រសួង​សុខាភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ និង​អង្គ​ការ​សុខភាព​ពិភព​លោក។​

    ទី៥៖ សូម​កាត់បន្ថយ​ការ​ព្រួយបារម្ភ និង​ភាព​ឡេះឡាស់ ដោយ​កាត់​បន្ថយ ការ​មើល ឬ​ស្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​អ្នក​យល់​ថា​ធ្វើ​ឲ្យ​យើងកាន់​តែ​ពិបាក​ចិត្ត។

    ទី៦៖ សូម​ប្រើប្រាស់​ជំនាញ​​ដែល​យើងធ្លាប់​បាន​ប្រើ​ក្នុង​ការ​ជួយ​ដោះស្រាយ រឿងរ៉ាវ​បញ្ហា​ជីវិត​មិន​ល្អ​កន្លង​មក ហើយ​ប្រើ​ជំនាញ ឬ​របៀប​ដោះស្រាយ​ភាព​តានតឹង​ផ្លូវចិត្ត​ក្នុង​ពេល​នៃ​ការ​ផ្ទុះ​រាត​ត្បាត​ជំងឺ COVID-19។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត