backup og meta

Myocardial Ischemia (ស្លោកសាច់ដុំបេះដូង)

Myocardial Ischemia (ស្លោកសាច់ដុំបេះដូង)

និយមន័យ

១- អ្វី​ជា​ជំងឺ​ស្លោក​សាច់ដុំបេះដូង?

ជំងឺ​​ស្លោកសាច់ដុំ​បេះដូង កើត​ឡើង​នៅ​ពេល​ចរន្ត​ឈាម​ឈប់​ហូរទៅផ្នែក​​របស់​បេះដូង​ ធ្វើ​ឲ្យ​ខូច​សាច់​ដុំ​បេះដូង។ បេះដូង​ត្រូវ​ការ​ជាចាំ​បាច់ ​ផ្គត់​ផ្គង់​អុក​ស៊ី​ហ្សែន ​និង​សារ​ធាតុ​ចិញ្ចឹម​ដូច​សាច់​ដុំ​ផ្សេងៗ​នៅរាង​កាយ។ សរសៃ​ឈាម​បេះដូង​ធំពីរ ដឹក​នាំឈាម​មាន​អុក​ស៊ី​ហ្សែន ​ទៅ​កាន់​សាច់​ដុំ​បេះដូង ហើយ​ក្នុង​សរសៃ​បេះដូង​មួយ​ណា​ស្ទះ​ភ្លាម​ៗ ​បេះដូង​នឹង​ខ្វះ​អុក​ស៊ី​ហ្សែន ​ហៅថាជំងឺស្លោកសាច់ដុំ​បេះដូង ហើយ​បើ​ពន្យារ​ពេល​ព្យាបាល​កាន់​តែ​យូរ កោសិកា​ខ្វះ​អុក​ស៊ី​ហ្សែន នឹង​ងាប់។

២- កើត​ឡើង​ញឹកញាប់​ដែរទេ?

ជំងឺ​នេះ​កើត​ឡើងអាច​ជាប់​​ទាក់​ទងកត្តា​អាយុ ​បើយើង​កាន់​តែ​ចាស់ កត្តា​ប្រឈម​នឹង​កើន​ឡើង។ ចំពោះ​ប្រុសៗ កត្តា​ប្រឈម​កើន​ឡើងចាប់ពី​អាយុ ​៤៥​ឆ្នាំ ចំពោះ​ស្រីៗ​កត្តា​ប្រឈម​កើន​ឡើង​ចាប់​ពី​អាយុ ​៥៥​ឆ្នាំ។ ប៉ុន្តែយើង​នៅតែអាច​គ្រប់​គ្រង​កត្តា​ប្រឈម​មួយ​ចំនួន។

រោគសញ្ញា

៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ជាក់​លាក់​មាន​ដូចជា ​ឈឺ​ទ្រូង និង​ហត់ ប៉ុន្តែ​រោគ​សញ្ញា​អាច​ប្រែ​ប្រួល​អាស្រ័យ​ស្ថាន​ភាព​ជំងឺ ហើយរោគ​សញ្ញា​ជាទូទៅ​មាន​ដូច​ជា៖

– ហត់

– បែក​ញើស

– ចង្អោរ

– ក្អួត

ថប់​បារម្ភ

– ក្អក

– វិល​មុខ

– បេះដូង​ដើរ​ញាប់

– តឹង​ទ្រូង ឬ​ណែន​ទ្រូង

– ឈឺ​ទ្រូង ខ្នង ថ្គាម និង​ផ្នែក​ខាង​លើ​រាង​កាយ យូរ​ជាង​ ២-​៣ ​នាទី ​ ម្តង​បាត់​ម្តង​ឈឺ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កត់​សម្គាល់​រោគ​សញ្ញា​ គឺ​សំខាន់​ណាស់ ព្រោះ​ជំងឺ​ប្រភេទ​នេះ​អាច​មិនមាន​រោគសញ្ញា​ និង​ស្ថានភាព​ដូច​គ្នាទាំង​អស់​ទេ។ ឈឺ​ទ្រូង​ គឺ​រោគ​សញ្ញា​សំខាន់​ទាំង​បុរស​ និង​ស្ត្រី ប៉ុន្តែ​រោគសញ្ញា​មួយ​ចំនួន​ទៀត​កើត​ឡើង​លើ​ស្ត្រី​ ច្រើន​ជាង​បុរស ​ដូច​ជា៖

– ហត់

– ឈឺ​ថ្គាម

– ចង្អោរ

– ក្អួត

– ឈឺ​ខ្នង​ផ្នែក​ខាង​លើ

– ស្រាល​ក្បាល​ធេងធោង

ជា​ការ​ពិត ​ស្រីៗ​មួយ​ចំនួន​កើត​ជំងឺ​នេះមាន​រោគ​សញ្ញា​ដូច​ផ្តា​សាយ​ធំ

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​សំណួរគប្បី​ពិភាក្សាជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗមាន​រោគ​សញ្ញា​ផ្សេង​គ្នា គប្បីពិគ្រោះ​ជា​មួយ​គ្រូពេទ្យពី​អ្វី​ដែល​ល្អ​សម្រាប់​ស្ថាន​ភាព​​ជំងឺ។

គាំងបេះដូង

មូលហេតុបង្ក

៥- មូលហេតុមាន​អ្វី​ខ្លះ?

ករណីក្រិន​សរសៃ​ឈាម​អាក់​ទែ​ នាំឲ្យ​ស្ទះ​ឈាម ជា​ហេតុ​កោសិកា​ និង​ជាលិកា​ទទួល​ឈាម​មាន​អុកស៊ីហ្សែន មិន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ ហើយខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​​ក្រិនសរសៃ​អាក់​ទែ៖

– ខ្លាញ់៖ ញ៉ាំ​អាហារ​មាន​ខ្លាញ់​ខ្ពស់​អាច​កក​ជា​កំ​ណក។

– អាយុ៖ សមត្ថភាព​បេះដូង​ និង​សរសៃ​ឈាម ​ធ្វើ​ការ​ដើម្បី​ច្របាច់​ និង​ទទួល​ឈាម អាស្រ័យ​លើ​កត្តា​អាយុ​ដូចគ្នា។ សរសៃ​អាក់​ទែ​អាចចុះ​ខ្សោយ និង​បាត់​បង់​ភាព​យឺត ងាយ​ស្រួល​បង្កើត​ជា​កំណក។

– កូលេស្តេរ៉ូល​ខ្ពស់៖ ​ជា​សារធាតុ​ពណ៌​លឿង​រអិល មាន​នៅ​ក្នុង​រាង​កាយ ​និងចំណី​អាហារ​មួយ​ចំនួន​យើង​បរិភោគ។ សារធាតុ​នេះ​អាច​កើន​ឡើង​​ក្នុង​ឈាម​ ជាហេតុធ្វើ​ឲ្យ​ស្ទះ​សរសៃ​អាក់​ទែ បង្ក​កំណក​រឹង​មួយទប់​ចរន្ត​ឈាម​ទៅ​កាន់​បេះដូង​ និង​សរីរាង្គ​ផ្សេងៗ។

នៅ​មាន​មូល​ហេតុ​មួយ​ចំនួននាំ​ឲ្យ​សរសៃ​អាក់ទែ​ដូច​ជា៖

– ជក់​បារី និង​ស្រូប​បារី

– ថយចុះ​មុខ​ងារ ​អាំង​ស៊ុយ​លីន ជំងឺ​ធាត់ ឬ​ទឹក​នោម​ផ្អែម

– រលាក​សន្លាក់ ជំងឺ Lupus (ប្រព័ន្ធភាព​ស៊ាំ​ប្រឆាំង​ខ្លួនឯង) ឬ​បង្ក​រោគ និង​រលាក​មិន​ដឹងមូល​ហេតុ។

អត្ថបទគួរអាន៖

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​មួយ​ចំនួន​បង្កើន​ផល​ប៉ះ​ពាល់​នាំឲ្យ​ប្រឈម​ជំងឺ​ស្លោក​បេះដូង​ ដូចជា៖

– សម្ពាធ​ឈាម​ខ្ពស់៖ ជា​កត្តា​ប្រឈម​ខ្លាំង ខណៈ​ជា​​ធម្មតា​សម្ពាធ​ឈាម ស្ថិត​នៅ​ក្រោម ១២០/៨០ មីល្លីម៉ែត្រ​បារ៉ត ដោយ​អាស្រ័យ​លើ​អាយុ។ សម្ពា​ធឈាម​កាន់ខ្ពស់ យើង​ងាយ​ប្រឈម​​បញ្ហា​បេះដូង ពិសេស​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាមបេះដូង​ និងបង្កើន​កំណក។

– កូលេស្តេរ៉ូល​ខ្ពស់៖ កាល​ណា​កម្រិតកូលេស្តេរ៉ូល​ខ្ពស់​ក្នុង​ឈាមខ្ពស់ ​ធ្វើ​ឲ្យយើង​មាន​កត្តា​ប្រឈមខ្ពស់​កើត​ជំងឺ​នេះ​ដូចគ្នា។ ហេតុនេះ​ត្រូវ​បន្ថយ​តាម​រយៈញ៉ាំ​អាហារ​សុខភាព ​ឬ​ប្រើ​ពពួកថ្នាំ​ Statins (ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់)។

– ខ្លាញ់​ Triglyceride ខ្ពស់៖ អាច​បង្កើន​កត្តា​ប្រឈម​ដូចគ្នា ព្រោះ​ជា​ប្រភេទ​ខ្លាញ់​ងាយ​កក​ក្នុង​សរសៃ​អាក់​ទែ។ Triglycerides គឺទទួល​ពីចំណី​អាហារយើងញ៉ាំ ​ឆ្លង​ចូល​ក្នុង​ចរន្ត​ឈាម​ និង​ស្តុក​ក្នុង​កូលេស្តេរ៉ូល​ខ្ពស់ នៃ​រាង​កាយ។ ប៉ុន្តែ​មួយ​ចំនួនទៀត ​ស្ថិតនៅ​ក្នុង​សរសៃ​អាក់​ទែហើយ​បង្កើត​ជា​កំណក។

– ជំងឺ​ទឹក​នោម​ផ្អែម៖ ​​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ខ្លាំង ​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​ ជា​ហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺ​សរសៃ​អាក់​ទែ ក៏​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ជំរុញ​ឲ្យ​កើត​ជំងឺ​ស្លោក​បេះដូង។

– ជំងឺ​ធាត់៖ ​បើ​លើស​គីឡូ នោះ​នឹង​មាន​កត្តា​ប្រឈម​ខ្ពស់​ដូចគ្នា

– ជក់​បារី៖ បង្ក​ឲ្យ​មាន​ជំងឺប្រព័ន្ធ​បេះដូង​ផ្សេងៗ

– កត្តា​អាយុ៖ បុរស​ប្រឈម​ខ្ពស់​ក្រោយ​អាយុ ​៤៥​ឆ្នាំ និង​ស្រ្តី​ក្រោយ​អាយុ​ ៥៥​ឆ្នាំ

– ប្រវត្តិ​គ្រួសារ៖ យើង​អាច​កើត​ជំងឺ​នេះ បើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​ជំងឺ​បេះដូង។ ហើយ​កាន់​ប្រឈម​ខ្ពស់ បើ​សមាជិក​គ្រួសារ​ជាបុរស​ជំងឺ​បេះដូង​មុន​អាយុ​ ៥៥​ឆ្នាំ ឬ​សមាជិក​ជា​ស្ត្រី ​កើត​មុន​អាយុ​ ៦៥ ឆ្នាំ។

កត្តា​ផ្សេង​​ប្រឈម​ផ្សេង​ទៀត​មាន​ដូច​ជា៖

– ស្ត្រេស

– អត់​ហាត់​ប្រាណ

– ប្រើ​ថ្នាំ​ញៀន

– ប្រវត្តិ​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​សម្ពាធ​ឈាម​ខ្ពស់់អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូ​ពេទ្យ​នឹងចាប់​ផ្តើម​ប្រវត្តិ​ជំងឺ ​និង​ការ​ពិនិត្យ​រាង​កាយ​ប្រសិន​បើ​សង្ស័យ​ថា​មាន​ជំងឺ​នេះ បន្ទាប់​មកអាច​ឲ្យ​ធ្វើ​តេស្តមួយ​ចំនួន ​ដូចជា៖

– វាស់​ចង្វាក់​បេះដូង (ECG)៖ ថត​ចង្វាក់​បេះដូង​ដោយ​អេឡិត្រូត ពិនិត្យ​ភាព​ខុស​ប្រក្រតី​សកម្មភាព​បេះដូង ព្រោះ​អាច​បង្ហាញ​ពី​ជំងឺ​នេះ។

– អេកូ​បេះដូង៖ ប្រើ​រលក​សំឡេង​ផ្ទាល់​ប៉ះ​បេះដូង តាមរយៈ​ឧបករណ៍​ដាក់​ជាប់​ទ្រូង ​បង្កើត​ជា​វីដេអូ​រូបភាព​បង្ហាញ​ពី​បេះដូង។ ​អេកូ​បេះដូង​ អាច​ប្រាប់​ពី​កន្លែង​ខូច​ខាត និង​កន្លែង​មិន​ច្របាច់​ឈាម។

– Nuclear scan៖ គឺប្រើ​សារធាតុ​វិទ្យុ​សកម្ម​ក្នុង​បរិមាណ​តិចតួច ចាក់​ចូល​ក្នុង​សរសៃ​ឈាម។ ពេល​ហាត់​ប្រាណ សារធាតុ​នេះ​នឹង​តាម​ដាន​បេះដូង ​ដោយ​​ហូរ​ចូល​ក្នុង​បេះដូង​ និង​សួត​ ដើម្បី​រក​បញ្ហា​លំ​ហូរ​របស់​ឈាម។

– ថត​សរសៃ​ឈាម​បេះដូង៖ ​ចាក់​ថ្នាំ​ទៅ​ក្នុង​សរសៃ​ឈាម​បេះដូង​ជា​មុន ទើប​ប្រើ​ម៉ាស៊ីន​កាំ​រស្មី​អ៊ិច​ថត ​ជា​រួបភាព​បង្ហាញ​លម្អិត​នៅ​ខាង​ក្នុង​របស់​សរសៃ​ឈាម។

– Cardiac CT scan៖ ​​ជា​តេស្ត​​អាច​បង្ហាញ​ថា​សរសៃ​បេះដូង​ឡើង​កំណក​ស្ទះ។

– Stress test៖ ពិនិត្យ​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​ដង្ហើម​ នៅ​ពេល​ដើរ​លើ​ម៉ាស៊ីន​រត់ ឬ​ធាក់​កង់។ ធ្វើ​លំហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​បេះដូង​ច្របាច់​ញាប់​ជាង​ធម្មតា ដូច្នេះ​​ធ្វើ​តេស្ត​នេះ​អាច​រក​ឃើញ​​ភាព​ខុស​ប្រក្រតី​របស់​បេះដូង​ផង​ដែរ។

៨- ព្យាបាល​ដោយវិធី​ណា?

ជំងឺ​នេះ​ត្រូវ​ការ​ព្យាបាល​ភ្លាម​ៗ ដោយ​ចាប់​ផ្តើម​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ ព្យាបាល​ដោយ​វះ​កាត់ ដើម្បី​​ជួស​ជុល​សរសៃ​ឈាម​ស្ទះ​ ជួយ​ឲ្យ​អាច​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ អំឡុង​ពេល​វះកាត់ គ្រូពេទ្យ​នឹង​ដាក់​បំពង់​តូច​វែង ​ហៅថា កាតេទែ​ ចូល​ក្នុង​សរសៃ​អាក់​ទែ​ស្ទះ។ បន្ទាប់​មក​ផ្លុំ​ប៉េងប៉ោង​តូច​មួយ ដែល​មាន​ភ្ជាប់​និង​កាតេទែ​ដើម្បី​សរសៃ​អាក់​ទែម្តង​ទៀត ជាហេតុ​ឲ្យ​ឈាម​ហូរ​បាន។ គ្រូ​ពេទ្យ​នឹង​ដាក់​បំពង់​តូច​មាន​សំណាញ់​នៅ​កន្លែង​ស្ទះ​ដែល​ជួយ​ការពារកុំ​ឲ្យ​បិទ​ម្តង​ទៀត។

ក្នុង​ករណី​ខ្លះ​គ្រូពេទ្យ​វះកាត់​បង្កើត​ផ្លូវ​ថ្មី ហើយ​វិធី​នេះ នឹង​ប្តូរ​ផ្លូវ​សរសៃ​អាក់ទែ ​និង​សរសៃ​វែន ជួយឈាម​អាច​ហូរ​ជុំវិញ​កន្លែង​ស្ទះ នឹង​តម្រូវ​ឲ្យ​ធ្វើ​ភ្លាមៗ​បន្ទាប់​ពី​មាន​ជំងឺ​ស្លោក។ ប៉ុន្តែ​ករណី​ខ្លះ អាច​ធ្វើ​បាន​ក្នុង​ចន្លោះ​ពី ៤-៥ ​ថ្ងៃ​បន្ទាប់​ពី​គ្រោះ​ថ្នាក់​ ដើម្បី​ទុក​ពេល​ឲ្យ​បេះដូង​សម្រាក។

ព្យាបាល​​ដោយ​ប្រើ​ថ្នាំ​ទប់​កំណក​ឈាម​ដូច​ជា Aspirin ប្រើ​សម្រាប់​បំបែក​កំណក​ឈាម ​ធ្វើ​ឲ្យ​ឈាម​ហូរ​ល្អក្នុង​សរសៃ​អាក់​ទែ​តូចៗ ហើយ​ប្រភេទ​ថ្នាំ​ទាំង​នោះ​មាន​ដូចជា៖

– ថ្នាំ​រំលាយ​កំណក​ឈាម

– ថ្នាំ Nitroglycerin អាច​ប្រើ​ពង្រីក​សរសៃ​ឈាម

– ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់ ជួយ​បន្ថយ​អារម្មណ៍​ឈឺ​ចាប់

– ACE inhibitors អាច​បញ្ចុះ​សម្ពាធ​ឈាម និង​បន្ថយ​សម្ពាធ​បេះដូង

– ថ្នាំ​ប្រឆាំង​ប្លាកែត​  Clopidogrel ប្រើ​សម្រាប់​ការពារ​ករណី​កក​ថ្មីៗ ដែល​ជា​ការ​​លូត​លាស់​នៃ​កំណក​ឈាម​ចាស់

– Beta-blockers ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ ​សាច់​ដុំ​បេះដូង​បាន​សម្រាក។ ជួយ​កំណត់​ភាព​ធ្ងន់​ធ្ងរជំងឺ​ស្លោក​បេះ​ដូង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– ឈប់​ជក់​បារី៖ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​វិធី​ឈប់​ និងចៀស​វាង​​រង​ផ្សែង​បារី​ពី​អ្នក​ដទៃ។

– ព្យា​បាល​ជំងឺ​ផ្សេង៖ ព្យាបាល​ជំងឺ​ផ្សេងៗ ដែល​ជា​កត្តា​ប្រឈម​សម្រាប់​​ជំងឺស្លោក​បេះដូង ​ដូច​ជា ទឹក​នោម​ផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​ជាតិខ្លាញ់​ក្នុង​ឈាម​ខ្ពស់។

– ញ៉ាំ​អាហារ​សុខ​ភាព៖ កំណត់​ការ​ញ៉ាំ​តែ​ប្រភេទ​ខ្លាញ់​ឆ្អែត និង​ញ៉ាំ​​គ្រាប់​ធញ្ញ​ជាតិ ផ្លែ​ឈើ និង​បន្លែ​ឲ្យ​ច្រើន។ ដឹង​ពី​កម្រិត​កូលេស្តេរ៉ូល​ត្រឹមត្រូវ​ជា​រឿង​សំខាន់​បំផុត​ ត្រូវ​សាក​សួរ​គ្រូពេទ្យ។

– ហាត់​ប្រាណ៖ ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ មុន​ហាត់​ប្រាណ​ ដើម្បី​ជួយ​ឲ្យលំហូរ​ឈាម​បាន​ល្អ។

– រក្សា​ទម្ងន់​៖ ​បើ​លើស​ទម្ងន់ គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ពីវិធី​សម្រក​ទម្ងន់។

– កាត់​បន្ថយ​ស្ត្រេស៖ អនុវត្ត​វិធី​សុខភាពគ្រប់​គ្រង​ស្ត្រេស ​ដូចជា​​ទុកឲ្យ​សាច់​ដុំ​សម្រាក និង​ដក​ដង្ហើម​វែងៗ។

– តាម​ដាន​សុខភាព៖ កត្តា​ប្រឈម​ចម្បង​មាន​ដូចជា ជាតិ​ខ្លាញ់​ខ្ពស់ សំពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹក​នោម​ផ្អែម មិន​មាន​រោគ​សញ្ញា​នៅ​ដំណាក់​កាល​ដំបូង​ទេ។ ​រក​ឃើញ​ឆាប់ និង​ព្យាបាល​ទាន់ពេល អាច​កំណត់​ដំណាក់​កាល​​ប្រសើរសម្រាប់​​សុខភាព​បេះ​ដូង។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Myocardial ischemia. http://www.mayoclinic.org/diseases-conditions/myocardial-ischemia/basics/lifestyle-home-remedies/con-20035096. Accessed 19 Feb, 2017.

Myocardial ischemia. http://www.healthline.com/health/acute-myocardial-infarction#Overview1. Accessed 19 Feb, 2017.

Myocardial ischemia. http://www.webmd.com/heart-disease/understanding-heart-attack-basics#1. Accessed 19 Feb, 2017.

កំណែ​ប្រែបច្ចុប្បន្ន

24/06/2022

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

របៀបជ្រើសរើស ប្រភេទអាហារប្រូតេអ៊ីន សម្រាប់សុខភាពបេះដូង

ប្រការគួរធ្វើ និងចៀសវាងសម្រាប់អ្នកមានហានិភ័យគាំងបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Jun 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម