មិនថាស្ថិតក្នុងពេលវេលារវល់យ៉ាងណានោះទេ បើឈឺនោមហើយ ត្រូវតែទៅនោមបានឲ្យរហ័ស មិនត្រូវទ្រាំទុកយូរនោះទេ ព្រោះវាអាចប៉ះពាល់ច្រើនទៅដល់សុខភាពផ្នែកតម្រងនោម។ មានករណីមួយចំនួនដែលបង្កឡើងដោយការពន្យារពេលទៅនោមនេះឯង ហើយកើតឡើងជាញឹកញាប់ទៀតផង។
១. ជំងឺរលាកផ្លូវទឹកនោម
ជំងឺនេះមិនប្រកាន់ភេទនោះទេ ព្រោះការណ៍ដែលបង្កើតទម្លាប់ទៅនោមយឺត ឬទ្រាំមិនទៅនោមនោះ អាចនាំឲ្យកើតជំងឺរលាកផ្លូវទឹកនោមបាន ព្រោះថា នៅពេលដែលយើង រក្សាទឹកនោមយូរពេក ពពួកបាក់តេរីដែលមានស្រាប់នៅក្នុងទឹកនោម អាចនឹងកើនឡើងនៅក្នុងប្លោកនោមកាន់តែច្រើនទ្វេរដង ដែលបង្កើនហានិភ័យនៃការវិវត្តទៅជាការឆ្លងមេរោគលើផ្លូវទឹកនោមបាន។
[embed-health-tool-bmr]
ក្នុងករណីដែលឈានដល់ការរលាកផ្លូវទឹកនោមនឹងមានរោគសញ្ញាដូចជា៖
- ទឹកនោមក្ដៅ ហើយនោមក្រហាយ
- ឈឺចាប់នៅក្នុងឆ្អឹងអាងត្រគាក ឬ ពោះខាងក្រោម
- ការនោមញឹក ហើយតិចៗ
- ទឹកនោមឆ្អេះខ្លាំង ឬមានក្លិនមិនល្អ
- ទឹកនោមមានពណ៌ស្រអាប់
- ទឹកនោមមានលាយឈាម
អត្ថបទគួរអាន៖
- ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?
- ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន
- ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម
- ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
- ចូលចិត្តញ៉ាំ ៣ មុខនេះ អាចកើតក្រួសតម្រងនោម ចុកពិបាកឥតអំពើ
- អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន
- អាហារទាំងប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម
- អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?
២. ឈឺចាប់ប្លោកនោម
ការមិនទៅនោមឲ្យបានទៀងទាត់ ក៏អាចនាំឲ្យមានការឈឺចាប់ក្នុងប្លោកនោម ឬតម្រងនោមបាន។ មូលហេតុគឺ ដោយសារតែប្លោកនោម និងសាច់ដុំត្រូវប្រឹងខ្ទប់ទឹកនោមយូរពេក។ ការណ៍នេះបើទោះបីជាយើងនោមរួចក៏ដោយក្ដី ក៏យើងនៅមានអាការៈអាចពិបាកទ្រាំក្នុងការ សម្រាកសាច់ដុំទាំងនោះដែរ បន្ទាប់មកវាក៏អាចចាប់ផ្តើមស្ពឹក និងបណ្តាលឲ្យមានការឈឺចាប់តែម្ដង។ ការឈឺចាប់នេះថ្វីដ្បិតតែមានរយៈពេលខ្លីមែន ប៉ុន្ដែវាក៏ជាបញ្ហារំខាន់ដល់អារម្មណ៍យើងបានដែរ។
៣.ការដាច់រលាត់ប្លោកនោម
គួរដឹងថា ប្លោកនោមគឺជាសរីរាង្គមួយគ្រប់គ្រងដោយស្រទាប់សាច់ដុំធ្វើការកន្ដ្រាក់ និងពង្រីកមាឌទៅតាមបរិមាណទឹកនោមដែលបញ្ជូនពីតម្រងនោម។ កាលដែលបរិមាណទឹកនោមគ្រប់ចំនួន នោះប្លោកនោមនឹងធ្វើការរំញោចទៅកាន់ខួរក្បាលដែលជាមូលហេតុធ្វើឲ្យយើងមានអារម្មណ៍ឈឺនោម។ ប៉ុន្ដែប្រសិនបើខណៈពេលនោះ យើងពន្យារពេល ប្លោកនោមនឹងមានការរីកមាឌកាន់តែរីកធំ ការកន្ដ្រាក់ក៏កាន់តែខ្លាំង បរិមាណទឹកនោមលើសកម្រិត ជាមូលហេតុធ្វើឲ្យមានការដាច់រលាត់ផ្នែកខ្លះនៃប្លោកនោម។ ជាមធ្យមប្លោកនោមរបស់យើង អាចមានសមត្ថភាពស្ដុកទឹកនោមបាន ប្រមាណជាងកន្លះលីតតែប៉ុណ្ណោះ នោះអាស្រ័យទៅលើវ័យ ចំពោះក្មេងអាយុ ១០ឆ្នាំអាចស្ដុកបានប្រមាណជា ៣៦០មីលីលីត្រ។
៤.ក្រួសក្នុងប្លោកនោម
ប្រព័ន្ធតម្រងនោមរបស់យើងអាចកកើតមានក្រួសបាន គឺនៅពេលដែលទឹកនោមបានប្រមូលផ្តុំ ហើយជាប់ក្នុងប្លោកនោមរយៈពេលយូរពេក។ នៅពេលនោះ សារធាតុរ៉ែ អំបិល និងប្រូតេអ៊ីនមួយចំនួន ក៏ចាប់ផ្ដើមកើនឡើងកំហាប់ខ្ពស់ នៅក្នុងប្លោកនោម ហើយពួកវាចាប់ផ្តើមវិវត្ដក្លាយជាដុំគ្រីស្តាល់ និងបង្កើតជាកំណករឹង ឬជាក្រួសតែម្ដង។ ដូច្នេះការរក្សាជាតិទឹក និង ការធ្វើឲ្យប្លោកនោមរបស់យើងអាចបញ្ចេញចោលបានល្អជាប្រចាំក៏ជាចំណែកមួយជួយការពារប្លោកនោម និងក្រួសក្នុងតម្រងនោមបាន។
កម្មវិធីពិនិត្យជំងឺស្ទះដង្ហើមរ៉ាំរ៉ៃអនឡាញ
ជារួមក្នុងករណីភាគច្រើនដែលមិនបានទៅនោមឲ្យទៀតទាត់ តែងតែជាបញ្ហាកើតមានជាខ្លាំងទៅផ្នែកប្លោកនោម។ មានករណីខ្លះក៏ឈានទៅដល់ការហៀរទឹកនោមដោយមិនដឹងខ្លួនទៀតផង។ ទន្ទឹមគ្នានោះ ក៏ធ្លាប់មាន ការចោទសួរថា បើទប់នោមយូរអាចបង្កឲ្យផ្ទុះប្លោកនោមដែរទេ?
ឆ្លើយតបទៅនឹងសំណួរខាងលើនេះ យោងតាមរបាយការណ៍ពីសាកលវិទ្យាល័យ វេជ្ចសាស្ដ្រ Harvard បានចុះផ្សាយកាលពីដើមឆ្នាំ២០២២ នេះថា ការដែលទប់នោមយូរ មិនអាចធ្វើឲ្យផ្ទុះប្លោកនោមបានទេ ព្រោះថាប្លោកនោមគឺជាសរីរាង្គដ៏រឹងមាំមួយ ហើយទំនងជាមិនងាយប្រេះស្រាំនោះដែរ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យខ្លួនយើងមានអាការៈមិនស្រួលរហូតដល់ទីបំផុត យើងក៏បោះបង់ ហើយរត់បត់ជើងតូចជាមិនខាន។ ប៉ុន្ដែមានករណីខ្លះដែលប្លោកនោម អាចធ្លាប់មានប្រវត្ដិការព្យាបាលដោយ ការវះកាត់ ការធ្លាប់មានរបួស ការចុះខ្សោយនៃជញ្ជាំងសាច់ដុំរបស់វា ក៏ស្ថិតក្នុងការព្រួយបារម្ព។