ភាគច្រើន បុរសមានហានិភ័យខ្ពស់ជាងស្ត្រីក្នុងការកើតជំងឺក្រួសតម្រងនោម។ ទោះបីជារោគសញ្ញានៃក្រួសក្នុងតម្រងនោមមានសភាពស្ងប់ស្ងាត់ ប៉ុន្តែវានឹងបង្កជាការឈឺចាប់ធ្ងន់ធ្ងរ និងខ្លាំងក្លា។ ដូច្នេះហើយ គ្នាយើងគប្បីសង្កេតមើលរោគសញ្ញាព្រមាន ក៏ដូចជាធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ទើបជាការប្រសើរ។
១. ការឈឺចាប់ធ្ងន់ធ្ងរ
យើងអាចនឹងមានអារម្មណ៍ឈឺចាប់ខ្លាំងនៅត្រង់ពោះ ខ្នង និងក្រលៀន។ បញ្ហានេះកើតឡើងនៅពេលដែលក្រួសចាប់ផ្ដើមផ្លាស់ទី និងជាប់គាំងនៅក្នុងបំពង់ទឹកនោមដែលតូចចង្អៀត និងបង្កើតជាសម្ពាធនៅក្នុងតម្រងនោម។ នៅពេលដែលក្រួសផ្លាស់ទី ការឈឺចាប់អាចត្រលប់ទៅកាន់ក្រលៀនវិញ។
២. ការប្រែប្រួលទឹកនោម
មានការប្រែប្រួលជាច្រើននៅក្នុងទឹកនោម ដោយសារតែបញ្ហាក្រួសតម្រងនោម។ អាការៈឈឺនោមញឹកញាប់ និងជាប្រចាំកើតឡើងនៅពេលដែលក្រួសចាប់ផ្ដើមផ្លាស់ទី និងទៅដល់ប្លោកនោម ដែលបង្កជាការឈឺចាប់ និងក្រហាយនៅពេលដែលយើងនោម។ បរិមាណទឹកនោមអាចថយចុះ ដោយសារតែក្រួសជាប់គាំងនៅក្នុងបំពង់ទឹកនោម។ វាថែមទាំងអាចបញ្ឈប់លំហូរទឹកនោមទាំងស្រុងថែមទៀតផង។
មួយវិញទៀត យើងក៏អាចនោមមានឈាម ដោយសារតែក្រួសនៅក្នុងបំពង់ទឹកនោម។ ក្លិនទឹកនោមមិនល្អ ព្រមទាំងមានសភាពល្អក់ ក៏អាចបង្ហាញថាយើងមានការឆ្លងមេរោគនៅក្នុងតម្រងនោមដែរ។
៣. គ្រុនក្ដៅ និងគ្រុនរងា
ជាមួយគ្នានេះដែរ អាការៈក្ដៅខ្លួនក៏អាចបង្ហាញពីការឆ្លងមេរោគនៅក្នុងបំពង់ទឹកនោម ឬតម្រងនោមដែលបង្កឲ្យមានផលវិបាកផ្សេងៗ ដែលកើតឡើងរួមជាមួយនឹងជំងឺក្រួសក្នុងតម្រងនោម។
[embed-health-tool-bmi]
៤. ចង្អោរ
អាការៈចង្អោរកើតឡើងដោយសារតែតម្រងនោម និងផ្លូវរំលាយអាហារ មានទំនាក់ទំនងជាមួយនឹងសរសៃប្រសាទ។ រោគសញ្ញាទាំងនេះក៏អាចបណ្ដាលឲ្យយើងមានការឈឺចាប់ធ្ងន់ធ្ងរដូចគ្នា។
៥. រាងកាយចុះខ្សោយ ឬហត់នឿយ
មុខងារតម្រងនោមនឹងថយចុះ ប្រសិនបើយើងមានក្រួសក្នុងតម្រងនោម។ បញ្ហានេះធ្វើឲ្យមានការប្រមូលផ្ដុំជាតិពុលនៅក្នុងរាងកាយ ដែលបណ្ដាលឲ្យយើងមានអារម្មណ៍ហត់នឿយខ្លាំងជាងធម្មតា ក៏ដូចជាប្រឈមនឹងការឈឺចាប់ធ្ងន់ធ្ងរ និងនាំឲ្យរាងកាយកាន់តែទ្រុឌទ្រោមទៅៗ។
យើងមានហានិភ័យកាន់តែខ្ពស់ ប្រសិនបើ៖
- មិនញ៉ាំទឹកគ្រប់គ្រាន់
- មានសាច់ញាតិកើតជំងឺក្រួសតម្រងនោម
- ញ៉ាំស្ករ សូដ្យូម និងប្រូតេអ៊ីនច្រើន
- ធាត់ជ្រុល
- ញ៉ាំអាហារបំប៉នវីតាមីនD និងកាល់ស្យូម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង