គីសអាចលេចឡើងនៅលើតម្រងនោម ជាពិសេសនៅពេលដែលយើងមានវ័យកាន់តែច្រើន។ ជាក់ស្ដែង ជិតពាក់កណ្ដាលនៃអ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើង មានគីសនៅតម្រងនោម ហើយគីសប្រភេទនេះកើតលើបុរសច្រើនជាងស្ត្រី និងពេលខ្លះមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់។
គីស ឬថង់ទឹកតូចៗ អាចលេចឡើងនៅផ្នែកខាងក្រៅនៃតម្រងនោម ហើយជារឿយៗមិនបង្កឲ្យមានរោគសញ្ញាអ្វីឡើយ។ គីសទាំងនេះអាចមានទំហំតូចប៉ុនគ្រាប់សណ្ដែក ឬធំប៉ុនកូនហ្គោល មានរាងមូល ឬរាងពងក្រពើ ហើយមិនប៉ះពាល់ដល់មុខងាររបស់តម្រងនោមនោះទេ។
រោគសញ្ញាសំខាន់ៗ
យើងអាចសង្កេតឃើញរោគសញ្ញាទាំងនេះ ប្រសិនបើដុំគីសលូតលាស់ បែកធ្លាយ ឬឆ្លងមេរោគ៖
- ឈឺចាប់ ឬមិនស្រួលនៅតំបន់ពោះផ្នែកខាងលើ
- មានឈាមនៅក្នុងទឹកនោម ឬពិបាកនោម
- សម្ពាធឈាមខ្ពស់
- គ្រុនក្ដៅ
ប្រសិនបើមានរោគសញ្ញាទាំងនេះ យើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ពីព្រោះថាដុំគីស អាចបណ្ដាលឲ្យមុខងារតម្រងនោមថយចុះ។
ក្រុមគ្រូពេទ្យនៅមិនទាន់ដឹងច្បាស់នៅឡើយថា ប្រភេទដុំគីសធម្មតានៅលើតម្រងនោមបង្កឡើងដោយមូលហេតុអ្វី។ ហេតុដូច្នេះហើយ ទើបធ្វើឲ្យយើងពិបាកក្នុងការបង្ការដុំគីសប្រភេទនេះ។ ទន្ទឹមនឹងនេះ ជំងឺមួយចំនួនក៏អាចបណ្ដាលឲ្យកើតគីសតម្រងនោម ដែលរួមមាន ជំងឺតម្រងនោម Polycystic (PKD) ។ អ្នកដែលកើតជំងឺមួយនេះ អាចកើតមានពពួកដុំគីសនៅក្នុងតម្រងនោម ហើយថែមទាំងអាចនាំឲ្យមុខងារតម្រងនោមដំណើរការខុសប្រក្រតីផងដែរ។
អ្នកដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការកើតដុំគីស
ដុំគីសធម្មតាអាចលេចឡើងនៅពេលដែលយើងមានវ័យកាន់តែចាស់។ ចំណែកឯអ្នកជក់បារី ឬមានសម្ពាធឈាមខ្ពស់ ក៏មានឱកាសខ្ពស់ក្នុងការកើតគីសតម្រងនោមដូចគ្នា។ មួយវិញទៀត អ្នកដែលមានជំងឺហ្សែន (Genetic predisposition) ឬអ្នកដែលមានបញ្ហាសុខភាព ដូចជាជំងឺតម្រងនោម Polycystic ក៏ងាយកើតមានដុំគីសតម្រងនោមដែរ។