កូន​ក្រៅ​ស្បូន​​មក​ពី​បញ្ហា​ច្រើន ម៉ាក់ៗ​ប្រហែស​​តែ​បន្តិច​គ្រោះថ្នាក់​ដល់​ជីវិត

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ពេល​ពពោះ​ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ជួប​រឿង​ខក​បំណង មាន​កូន​ក្រៅ​ស្បូន។ តើ​បញ្ហា​នេះ​មក​អ្វី? យើង​អាច​បង្ការ​បញ្ហា​នេះ​បាន​មុន​ទេ?

១- អ្វី​ទៅ​ជាកូន​ក្រៅ​ស្បូន?
កូន​ក្រៅ​ស្បូន គឺ​ជា​ការ​តាំងទី និង​ការ​លូតលាស់​របស់​គភ៌​នៅ​កន្លែង​ផ្សេង​ក្រៅពី​ស្បូន ដូចជា នៅដៃ​ស្បូន កន្សោម​កូន ប្រហោង​ពោះ មាត់ស្បូន តំណរវាងតួស្បូន និងដៃស្បូន។ នេះ​បើ​តាមការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អ្នក​ឯកទេស​ជំងឺ​ទូទៅ។

២- កូនក្រៅស្បូនមកពីអ្វី?
មាន​កត្តា​ច្រើន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្រីៗ​ក្នុង​វ័យ​បន្តពូជ​ឈាន​ទៅ​មាន​កូន​ក្រៅ​ស្បូន។

– មាន​ជំងឺ​រលាក​អាង​ត្រគាក
– មាន​ប្រវត្តិ​កូន​ក្រៅ​ស្បូន
– ធ្លាប់​វះកាត់​ដៃស្បូន​ពី​មុន
– ប្រើ​ថ្នាំ​ជំនួយ​ឲ្យ​មាន​កូន
– ការចាក់បញ្ចូលមេជីវិត
– ប្រើ​ថ្នាំ​ពន្យារ​កំណើត
– មាន​ផ្ទៃពោះ​នៅ​អាយុ​ច្រើន
– ជក់​បារី
– ដៃ​ស្បូន​បង្កើត​ជា​គន្លឹកគន្លាក់​ដោយ​ខ្លួនឯង។

៣- រោគសញ្ញា

មាន​រោគសញ្ញា​មួយ​ចំនួន​ដែល​ស្រីៗ​យើង​អាច​សម្គាល់​បាន​នៅ​ពេល​ពពោះ​ខែ​ដំបូងៗ ដែល​រោគសញ្ញា​ទាំង​នោះ​មាន​ដូចជា៖

– បាត់រដូវ
– ស្លេកស្លាំង
– ចុកពោះខ្លាំង
– ធ្លាក់ឈាម
– ឈឺអាង​ត្រគាក
– រឹងសរសៃ​ពោះ។

៤- មាន​កូន​ក្រៅ​ស្បូន​ធ្វើ​ម៉េច?

ស្រីៗ​ដែល​មាន​កូន​ក្រៅ​ស្បូន​គ្មាន​ជម្រើស ក្រៅ​ពី​ការ​វះកាត់​យក​ចេញ​នោះ​ទេ ព្រោះ​គភ៌​មិន​អាច​លូតលាស់​នៅ​ក្រៅ​ស្បូន​។ មិន​ត្រូវ​ប្រហែស​ឡើយ កូន​ក្រៅ​ស្បូន​អាច​ឲ្យ​ម៉ាក់ៗ​ហូរ​ឈាម​ក្នុង​ពោះ ឈាន​ដល់​គ្រោះថ្នាក់​ជីវិត ប្រសិន​បើ​មក​ជួប​គ្រូពេទ្យ​មិន​ទាន់​ពេល។

ដូច្នេះ​ហើយ​ស្រីៗ​យើង ត្រូវ​តែ​ទៅពេទ្យ​ពិនិត្យផ្ទៃពោះ និង​មើល​អេកូ​ពេល​ដឹង​ថា​មាន​កូន​ភ្លាម ដើម្បី​ដឹង​ថា​កូន​យើង​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។

៥- វិធីបង្ការកូនក្រៅស្បូន

កូន​ក្រៅ​ស្បូន​ជា​រឿង​ធ្ងន់ធ្ងរ តែ​ស្រីៗ​យើង​ក៏​អាច​បង្ការ​បាន​មុន​ដែរ ដូចជា៖

– មិន​ឲ្យ​មានឆ្លង​រោគ​នៅ​ទ្វារមាស
– មិនត្រូវ​វះកាត់​ដៃស្បូន​
– កុំប្រើ​ថ្នាំ​ជំនួយ​ឲ្យ​មាន​កូន
– មុន​នឹង​ប្រើ​ថ្នាំ​ពន្យារ​កំណើត ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ
– មិន​ត្រូវ​មាន​កូននៅ​អាយុ​ច្រើនពេក
– កុំជក់​បារី ឬផឹកស្រា។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មេសា 5, 2019 | កែសម្រួលចុងក្រោយ ខែ​មេសា 5, 2019

អ្នកអាចចូលចិត្ត