backup og meta

អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ បើប្រើថ្នាំលេបលែងត្រូវ គួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 16, 2021

    អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ បើប្រើថ្នាំលេបលែងត្រូវ គួរធ្វើម៉េច?

    ជាទូទៅ​ប្រសិនជា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ​២ យើង​តែង​ចាប់ផ្ដើម​ការ​ព្យាបាល​ដោយ​ការ​ផ្លាស់ប្ដូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ប្រើប្រាស់​ថ្នាំ​លេប។ សម្រាប់​គ្នា​យើង​មួយចំនួន ការ​ព្យាបាល​នេះ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​បាន​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​សម្រាប់​គ្នាយើង​មួយ​ចំនួន​ទៀត ការ​ព្យាបាល​នេះ​មិន​គ្រប់​គ្រាន់​ទេ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​នៅ​តែ​​កើន​ឡើង​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​របប​អាហារ និង​ហាត់ប្រាណ​ជា​ប្រចាំ​រួម​ទាំង​ផឹក​ថ្នាំ​តាម​វេជ្ជបញ្ជា​ហើយ​ក៏​ដោយ។

    មូលហេតុ​ដែល​ធ្វើឲ្យ​ថ្នាំលេប​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​អ្នក​ជំនាញ​គិត​ថា​នេះ​មក​ពី​កោសិកា​មួយ​ប្រភេទ​នៅ​ក្នុង​លំពែង​ឈ្មោះ​ថា កោសិកា Beta ដែល​មាន​តួនាទី​បញ្ចេញ​អ័រម៉ូន​អាំងស៊ុយលីន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កោសិកា Beta អាច​នឹង​មាន​ដំណើរការ​មិន​​ល្អ​ ហើយ​នេះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។

    ថ្នាំ​លេប​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ចំនួន​គឺ​ជួយ​បង្កើន​បរិមាណ​អាំងស៊ុយលីន​ចេញ​ពី​កោសិកា Beta ទៅ​ក្នុង​លំហូរ​ឈាម​។ ប៉ុន្តែ​នៅ​ពេល​ប្រើ​ថ្នាំ​យូរ​ទៅ​ កោសិកា Beta ក្នុង​រាងកាយ​អាច​នឹង​មិន​អាច​ធន់​នឹង​ថ្នាំ​ដែល​ជំរុញ​ការ​ផលិត​អាំងស៊ុយលីន និង​បញ្ចេញ​ក្នុង​រាងកាយ​បាន។ ដោយ​មូលហេតុ​នេះ​រួម​ជាមួយ​​នឹង​កត្តា​ផ្សេង​ទៀត​ដូចជា​រាងកាយ​ឆ្លើយ​តប​ទៅ​នឹង​អាំងស៊ុយលីន​មិន​បាន​ល្អ​ក៏​អាច​បកស្រាយបាន​ថា​ជាមូលហេតុ​ដែល​​ថ្នាំ​លេប​លែង​មាន​ប្រសិទ្ធភាពផងដែរ។

    សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែមប្រភេទ២ ​មួយ​ចំនួន​តូច​ថ្នាំលេប​មិន​អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​មក​កម្រិត​ធម្មតា​ទេ។ ជាទូទៅ​អ្នក​ដែល​ប្រើ​ថ្នាំ​ហើយ​មិន​មាន​ប្រសិទ្ធភាព​គឺ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែមក្នុង​រយៈ​ពេល​​ច្រើន​ជាង​១០​ឆ្នាំ ឬ​អ្នក​ដែល​បាន​ទទួល​អាំងស៊ុយលីន​ក្នុង​កម្រិត​ណាមួយ​ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ​ត្រូវការ​ការ​ព្យាបាល​ច្រើន​ជាង​ថ្នាំលេប។

    ត្រៀមកើតទឹកនោមផ្អែម

    នៅ​ពេល​ថ្នាំលេប​លែង​មាន​ប្រសិទ្ធភាព​ ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​កំណត់​ការ​ព្យាបាល​ផ្សេង​ទៀត​។ សម្រាប់​អ្នក​មួយ​ចំនួន ជំហាន​បន្ទាប់​គឺ​ការ​ចាក់​អាំងស៊ុយលីន។ ក្រៅ​ពី​ការ​ចាក់​អាំងស៊ុយលីន​ក៏​មាន​ថ្នាំចាក់​ប្រភេទ​​ផ្សេង​ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន។ ក្នុង​ចំណោម​ថ្នាំ​ចាក់​នោះ​គឺ​អ័រម៉ូន amylin ដែល​គេ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ជាមួយ​អាំងស៊ុយលីន​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ថ្នាំ​មួយ​ប្រភេទ​ទៀត​គឺ​ incretin mimetics ដែល​ជួយ​បង្កើន​ការ​បញ្ចេញ​អាំងស៊ុយលីន​ទៅ​ក្នុង​លំហូរឈាម​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។

    ចំណែក​ឯ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ជំងឺ​ធាត់ ជំងឺ​ធាត់​ខ្លាំង ឬ​ស្រក​ទម្ងន់ ការ​វះកាត់កែប្រែលើ​ប្រព័ន្ធ​រំលាយអាហារ ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​កាត់បន្ថយ​ទម្ងន់​រាងកាយ។ អ្នក​ដែល​ធ្វើ​ការ​វះកាត់​នេះ​ឃើញ​ថា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ត្រលប់​មក​កម្រិត​ធម្មតា​ដោយសារ​ការ​ស្រក​ទម្ងន់។ ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​មាន​ BMI ច្រើន​ជាង​៣៥ ការ​វះកាត់​នេះ​គឺ​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា។

    សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​ថ្នាំ​លេប​លែង​មាន​ប្រសិទ្ធភាព​ យក​ល្អ​គួរ​មាន​គំនិត​វិជ្ជមាន និង​បន្ត​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ អ្នក​វិទ្យាសាស្ត្រ​កំពុង​ខិតខំ​ស្វែង​រក​វិធីព្យាបាល​ផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម