ស្រីៗជាធម្មតា មានសុខភាពទន់ខ្សោយជាងប្រុសៗ អាចប្រឈមជំងឺកាចសាហាវជាច្រើនពេលឈានចូលដល់វ័យចំណាស់ ក្នុងនោះជំងឺគួរឲ្យព្រួយបារម្ភបំផុត គឺមហារីកមាត់ស្បូន។ បើមិនចង់កើតជំងឺនេះ ទៅថ្ងៃមុខ អានអត្ថបទ “Hello គ្រូពេទ្យ” ហោចណាស់ អាចឲ្យគ្នាយើងត្រៀមខ្លួនបង្ការបានដែរ។
ប្រមាណ ៨០ភាគរយ នៃស្រីៗមានជំងឺកាមរោគ អាចវិវត្ដទៅជាមហារីកមាត់ស្បូនបានយ៉ាងងាយ ដោយសារមេរោគនោះ។ ឯរោគសញ្ញាទូទៅនៃមហារីកមាត់ស្បូនមាន៖
១- ហូរឈាមតាមទ្វារមាស
ហូរឈាមចន្លោះរដូវ ជារឿងធម្មតាសម្រាប់ស្រីៗគ្នាយើងកំពុងប្រើថ្នាំពន្យារកំណើត។ ប៉ុន្តែករណីហូរឈាមពីប្រដាប់ភេទចន្លោះរដូវក្រោយរួមភេទ ឬក្រោយអស់រដូវ គួរទៅពិនិត្យជាមួយគ្រូពេទ្យ ព្រោះអាចជាសញ្ញាមហារីកមាត់ស្បូន។
២- ឆ្អល់ក្តៅចុងដង្ហើម ឬពិបាករំលាយអាហារ
មានអារម្មណ៍មិនស្រួលក្នុងពោះ ឬក៏ឈឺឆ្អល់ក្រោយពេលញ៉ាំអាហារក្នុងបរិមាណច្រើន ពិសេសអាហារសម្បូរខ្លាញ់ ឬហឹរ អាចជារឿងធម្មតា ប៉ុន្តែបើអាការៈទាំងនេះកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ ឬបង្កឲ្យឈឺចាប់ខ្លាំង។ គប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
៣- ហើមពោះមិនបាត់
ស្រីៗគ្នាយើងជួបអាការៈហើមពោះម្តងម្កាល ហើយភាគច្រើននឹងបាត់ទៅវិញដោយឯកឯង។ ប៉ុន្តែ ប្រសិនស្រីៗគ្នាយើងមានអាការៈបែបនេះលើស ២ សប្តាហ៍ឡើងទៅ កុំអែអង់ ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
៤- បែកញើសខ្លាំងពេលយប់
អាការៈបែកញើសពេលយប់ អាចជាសញ្ញាឆ្លងមេរោគណាមួយ ឬបង្ហាញប្រាប់ថា រាងកាយយើងកំពុងប្រតិកម្មជាមួយថ្នាំណាមួយ។ ស្រីៗដល់វ័យអស់រដូវ អាចជួបប្រទះនឹងអាការៈបែបនេះដូចគ្នា។ ប៉ុន្តែ អាការៈបែកញើសកាន់តែធ្ងន់ធ្ងរ ដូចជា បែកញើសជោកតែម្តង អាចជាសញ្ញាមហារីកមាត់ស្បូន ត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់។
៥- សុដន់ប្រែប្រួល
គ្នាយើងមិនគួរចាប់អារម្មណ៍តែដុំនៅលើសុដន់នោះទេ គួរកត់សម្គាល់ការប្រែប្រួលផ្សេងៗទៀត ដូចជា ទំហំ រូបរាង លក្ខណៈរបស់ស្បែក អាការៈកន្ទួលក្រហម អាការៈឈឺ មានសារធាតុរាវហូរចេញពីចុងសុដន់ (គ្មានកូន ឬមិនកំពុងបំបៅដោះ) ជាដើម។ កុំរង់ចាំយូរប្រញាប់ទៅពិគ្រោះយោបល់ជាមួយពេទ្យភ្លាម។
៦- មានឈាមក្នុងទឹកនោម
បើមានករណីនេះ ចាំបាច់ណាស់ត្រូវទៅពេទ្យប្រឹក្សា និងធ្វើរោគវិនិច្ឆ័យ ទោះបីជាអាការៈនោមឈាម ងាយស្រួលព្យាបាល តែអាចជាសញ្ញាមួយមហារីកមាត់ស្បូនដូចគ្នា។
៧- មានឈាមក្នុងលាមក
ឈាមក្នុងលាមក ភាគច្រើនបណ្តាលមកពីជំងឺឫសដូងបាត ប៉ុន្តែក៏អាចជាសញ្ញាមហារីកមាត់ស្បូនដូចគ្នា។
៨- ក្អកឈាម
អាការៈក្អកឈាម មិនថាក្នុងឈាមមានពណ៌អ្វីក៏ដោយ (ឈាមក្រមៅ ឬស្រស់) ទាមទារឲ្យមានការពិនិត្យពីគ្រូពេទ្យបន្ថែម។ ទោះបីមើលទៅហាក់មិនធ្ងន់ធ្ងរ ប៉ុន្តែត្រូវតែពិនិត្យ និងធ្វើរោគវិនិច្ឆ័យច្បាស់លាស់។
៩- ឈឺចាប់ដោយគ្មានមូលហេតុ
ពេលសរីរាង្គណាមួយមានបញ្ហា អាការៈឈឺចាប់អាចកើតឡើងភ្លាមៗ គ្នាយើងនឹងជួបប្រទះអាការៈទាំងនេះកាន់តែញឹកញាប់ នៅពេលវ័យកាន់តែច្រើន ព្រោះថាសរីរាង្គកាន់តែទ្រុឌទ្រោមដូចគ្នា។ យ៉ាងណា បើមានផ្នែកណាមួយមានការឈឺចាប់ខ្លាំងដោយគ្មានមូលហេតុ ហើយមិនបាត់ទៅវិញលើសពី ៤សប្តាហ៍ ជួបពេទ្យឲ្យបានឆាប់។
អាការៈទាំងអស់រៀបរាប់ខាងលើ មិនមែនជារោគសញ្ញាជំងឺមហារីកមាត់ស្បូនតែមួយនោះទេ នៅមានជំងឺជាច្រើនផ្សេងទៀតដែលបណ្តាលឲ្យមានអាការៈបែបនេះ ហេតុនេះគប្បីធ្វើការពិគ្រោះ និងប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យ បើយើងប្រទះឃើញអាការៈណាមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]