និយមន័យ
១- អ្វីទៅជាមហារីកសុដន់?
ក្រោយភាពពេញវ័យ សុដន់ស្រ្ដីផ្ទុកទៅដោយសារជាតិខ្លាញ់ ជាលិកាតភ្ជាប់ និង មានបំពង់តូចៗរាប់ពាន់ និងក្រពេញតូចៗសម្រាប់ផលិតទឹកដោះ។ បំពង់តូចៗមានក្នុងសុដន់ ឬថង់ផលិតទឹកដោះ នឹងដឹកជញ្ជូនទឹកដោះទៅកាន់ចុងសុដន់។
មហារីក កើតឡើងដោយសារកោសិកានៅក្នុងខ្លួនកើនលើសចំនួនខុសធម្មតា បាត់បង់សមត្ថភាពក្នុងការគ្រប់គ្រង ខណៈប្រភេទមហារីកសុដន់ ចែកចេញជា ២ ប្រភេទ៖
– Ductal carcinoma៖ សំដៅនៅពេលមហារីកចាប់ផ្ដើមបង្កឡើងក្នុងបំពង់បង្ហូរទឹកដោះចាប់ពីក្រពេញផលិតទឹកដោះទៅចុងសុដន់ និង ជាប្រភេទមហារីកឧស្សាហ៍ជួបប្រទះជាងគេ។
– Lobular carcinoma៖ សំដៅពេលកោសិកាមហារីក ចាប់ផ្ដើមបង្កឡើងក្នុងក្រពេញផលិតទឹកដោះ។
ករណីមហារីកសុដន់រាលដាល(Carcinoma invasive) ចាប់ផ្ដើមឡើងនៅពេលកោសិកាមហារីករាលដាលចេញពីក្រពេញផលិតទឹកដោះ ឬបំពង់បង្ហូរទឹកដោះ និងឆ្លងចូលទៅកាន់កោសិកាជិតៗ ជាហេតុបង្កើនឱកាស រីករាលដាលទៅកាន់សរីរាង្គផ្សេងទៀតលើក្នុងរាងកាយ។
ករណីមហារីកសុដន់មិនរាលដាល ដែលកោសិកាមហារីកស្ថិតនៅកន្លែងដើមដដែល ហើយមិនទម្លុះចេញមកក្រៅ។ យ៉ាងណាក៏ដោយ កោសិកាទាំងនេះ នៅតែអាចវិវត្តទៅជាមហារីកសុដន់រាលដាលបានដូចគ្នា។
២- កើតឡើងញឹកញាប់ប៉ុណ្ណា?
មហារីកសុដន់ ងាយនឹងកើតឡើងខ្លាំងណាស់ ជាទូទៅ ប៉ះពាល់ទៅស្រ្តីច្រើនជាងបុរស។ បើមានចម្ងល់បន្ថែម គួរពិភាក្សា ឬប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាដំបូងរបស់មហារីកសុដន់ ច្រើនតែមានជាលិការឹងនៅតំបន់ណាមួយក្នុងសុដន់ កូនកណ្តុរនៅក្លៀក ឬក្នុងសុដន់។
រោគសញ្ញាផ្សេងទៀតរួមមាន៖
– ឈឺក្នុងក្លៀក ឬសុដន់ មិនមែនបណ្ដាលពីការមកវដ្តរដូវ
– មានទ្រុឌ ឬស្បែកសុដន់ឡើងក្រហម ដូចផ្លែក្រូច
– រមាស់ចុងសុដន់ម្ខាង
– មានហូរទឹករងៃ ឬខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ
– ចុងសុដន់លិបចូលក្នុង
– សុដន់ម្ខាងធំជាងម្ខាងទៀតខុសពីធម្មតា
– ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់។
ដុំពកខ្លះ អាចមិនមែនជាមហារីក ប៉ុន្ដែស្រីៗគួរទៅពិនិត្យឲ្យបានច្បាស់ជាមួយគ្រូពេទ្យជំនាញ។
នៅមានរោគសញ្ញាមួយចំនួន អាចមិនបានរៀបរាប់ខាងលើ។ បើមានចម្ងល់ពីរោគសញ្ញាណាមួយ សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៤- ពេលណាគួរជួបពេទ្យ?
គួរទៅជួបគ្រូពេទ្យ ប្រសិនបើប្រទះឃើញដុំពក ឬករណីសុដន់រីកធំ ទោះបីជាទើបពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ។
អាន៖
- ស្វែងយល់ពីដំណាក់កាលទាំង៤ របស់ជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់និងការបំបៅដោះកូន
- ស្រីៗវ័យក្មេង អាចកើតជំងឺមហារីកសុដន់ឬអត់?
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
មូលហេតុកើតមហារីកសុដន់ មកទល់នឹងពេលនេះ នៅមិនទាន់ដឹងជាក់ច្បាស់នៅឡើយទេ។ គ្រូពេទ្យគ្រាន់តែដឹងថា ជំងឺមហារីកសុដន់ កើតឡើងពេលកោសិកាសុដន់ចាប់ផ្ដើមលូតលាស់ខុសប្រក្រតី។ កោសិកាទាំងនេះ កកើតច្រើនឆាប់រហ័ស លឿនជាងកោសិកាមានសុខភាពល្អ និងបន្ដបង្កើនចំនួន ក្លាយទៅជាដុំពក។ កោសិកាមហារីក អាចរីករាលដាល ចេញពីសុដន់ទៅកាន់ក្រពេញទឹករងៃ ឬផ្នែកផ្សេងៗនៃរាងកាយ។
មហារីកសុដន់ ភាគច្រើនកើតឡើងបណ្ដាលមកពីកោសិកានៅក្នុងបំពង់បង្ហូរទឹកដោះ។ ម៉្យាងទៀត ក៏អាចបណ្ដាលមកពីកោសិកានៅក្នុង ក្រពេញជាលិកា ព្រមទាំងកោសិកា ឬជាលិកានៅក្នុងសុដន់ផ្ទាល់តែម្តង។
អ្នកវិទ្យាសាស្រ្ដ បានវិភាគទៅលើកត្តាអ័រម៉ូន កត្តាបែបផែនជីវិត និងកត្តាបរិស្ថាន ដែលសុទ្ធតែអាចបង្កើនហានិភ័យប្រឈម។ ប៉ុន្ដែមូលហេតុស្រីៗខ្លះ គ្មានកត្តាហានិភ័យសោះ បែរជាកើតជំងឺមហារីកនេះ ស្រីខ្លះទៀត មានកត្តាប្រឈមខ្ពស់ បែរជាមិនកើតមហារីក ហើយករណីនេះនៅតែមិនអាចបកស្រាយបាននៅឡើយ។ ការសន្និដ្ឋានផ្សេងទៀត មូលហេតុបង្កមហារីក អាចបណ្ដាលមកពី ទំនាក់ទំនងស្មុគស្មាញរបស់ហ្សែន និងបរិស្ថានជុំវិញខ្លួន។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
ហានិភ័យប្រឈមកើតមហារីកសុដន់មានច្រើន ដូចជា៖
– ភេទស្រី៖ ប្រឈមហានិភ័យកើតច្រើនជាងបុរស។
– កត្តាអាយុ៖ ហានិភ័យកើតមហារីកសុដន់ កាន់តែកើនឡើងខ្ពស់ ពេលអាយុកាន់តែច្រើន។
– ប្រវត្តិធ្លាប់កើតមហារីកសុដន់៖ បើធ្លាប់កើតមហារីកសុដន់ នៅដោះម្ខាងហើយ ឱកាសកើតសារជាថ្មីកាន់តែខ្ពស់នៅដោះម្ខាងទៀត។
– ប្រវត្តិគ្រួសារ៖ បើម៉ាក់ បងស្រី ឬកូនស្រី មានជំងឺមហារីកនេះ យើងក៏មានហានិភ័យខ្ពស់ កើតមហារីកសុដន់ទាំងវ័យក្មេង។ យ៉ាងណា មនុស្សភាគច្រើនកើតមហារីកសុដន់ គ្មានប្រវត្តិគ្រួសារកើតជំងឺមហារីកនេះពីមុនទេ។
– កត្តាហ្សែន៖ ទទួលហ្សែនតំណពូជ ក៏បង្កើនហានិភ័យកើតមហារីកដែរ។ ការផ្លាស់ប្តូរហ្សែនមួយចំនួន បណ្ដាលឲ្យមានហានិភ័យខ្ពស់កើតមហារីកសុដន់ អាចចម្លងពីប៉ាម៉ាក់ទៅកូនបាន។ ហ្សែន ដែលមានការផ្លាស់ប្តូរញឹកញាប់ដូចជា BRCA1 និង BRCA2 អាចបង្កើនហានិភ័យខ្លាំងក្លាបំផុតកើតមហារីកសុដន់ និងមហារីកដទៃទៀត ប៉ុន្ដែក៏មិនមែនមិនអាចចៀសផុតពីជំងឺមហារីកនោះដែរ។
– ប៉ះពាល់វិទ្យុសកម្ម៖ បើយើងទទួលការព្យាបាលបែបវិទ្យុសកម្មលើទ្រូង កាលពីក្មេង ឬវ័យជំទង់ ក៏មានហានិភ័យប្រឈមខ្ពស់កើតមហារីកសុដន់។
– ធាត់ លើសទម្ងន់៖ ក៏ជាកត្តាហានិភ័យមហារីកសុដន់ដូចគ្នា។
– ឆាប់មានរដូវទាំងវ័យក្មេង៖ ចាប់ផ្ដើមមានរដូវមុនអាយុ ១២ឆ្នាំ បង្កើនហានិភ័យមហារីកនេះ។
– អស់រដូវ៖ អំឡុងពេលឈានដល់វ័យចំណាស់ ស្រីៗនឹងចាប់ផ្ដើមអស់រដូវ ហើយក៏ជាអំឡុងពេលយើងមានហានិភ័យខ្ពស់ប្រឈមមហារីក។
– កូនដំបូងនៅវ័យចំណាស់៖ ស្រីៗសម្រាលកូនដំបូងអាយុលើស ៣០ឆ្នាំ ក៏មានហានិភ័យដែរ។
– កក្តាមិនបំបៅដោះកូន ការមិនបំបៅដោះកូនជាកត្តាប្រឈមនិងការកើតជំងឺ មហារីដោះខ្ពស់ ដោយសារពុំំមានការផ្លាស់ប្តូនៅក្នុងក្រពេញថង់ផលិតទឹកដោះ និងបំពង់បង្ហូរទឹកដោះ។
– មិនធ្លាប់មានផ្ទៃពោះ៖ មិនធ្លាប់មានគភ៌សោះ ហានិភ័យមហារីកសុដន់កាន់តែខ្ពស់ ជាងស្រីធ្លាប់មានគភ៌។
– ព្យាបាលដោយអ័រម៉ូនក្រោយអស់រដូវ៖ ប្រើថ្នាំអរម៉ូនផ្សំជាមួយ អ័រម៉ូន អឺស្រ្ដូហ្សែន និង អ័រម៉ូន ប្រូហ្សេស្ដេរ៉ូន ដើម្បីព្យាបាលអការៈ និងរោគសញ្ញាក្រោយអស់រដូវ បង្កើនហានិភ័យមហារីកសុដន់។ ហានិភ័យនឹងកាត់បន្ថយ ពេលឈប់ប្រើថ្នាំទាំងនេះ។
– សេពគ្រឿងស្រវឹង៖ សេពគ្រឿងស្រវឹងបង្កើនហានិភ័យមហារីកសុដន់។
អាន៖
- ទម្លាប់អាក្រក់ៗ អាចបង្កជាមហារីកសុដន់ ស្រីៗគួរដឹង
- ទម្លាប់ល្អៗ ជួយបញ្ចៀសអ្នកពីមហារីកសុដន់
- ចម្ងល់នានាដែលអ្នកកើតជំងឺមហារីកសុដន់ចង់ដឹងបំផុត
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ធ្វើរោគវិនិច្ឆ័យជារឿយៗ កើតឡើងដោយសារលទ្ធផលតាមដានជាប្រចាំ ឬនៅពេលយើងទៅជួបគ្រូពេទ្យបន្ទាប់ពីរកឃើញរោគសញ្ញា។ ធ្វើរោគវិនិច្ឆ័យ ធ្វើតេស្តមួយចំនួន ព្រមទាំងទម្រង់ការជួយក្នុងបញ្ជាក់ពីធ្វើរោគវិនិច្ឆ័យ។
– ពិនិត្យសុដន់៖ គ្រូពេទ្យនឹងពិនិត្យរកដុំពកនៅលើសុដន់ និងរករោគសញ្ញាផ្សេងៗ។
អ្នកជំងឺត្រូវឲ្យអង្គុយ ឬឈរលើកដៃឡើងលើដាក់លើក្បាល ពេលធ្វើការពិនិត្យ។
– ការពិនិត្យតាមរយៈរូបភាពវេជ្ជសាស្រ្ត៖ ម៉ាម៉ូក្រាម ជាបច្ចេកទេសថតកាំរស្មីអ៊ិច ដែលគ្រូពេទ្យប្រើលើពិនិត្យស្រាវជ្រាវរកមហារីកសុដន់ទាន់ពេលវេលា។ វាបង្កើតរូបភាព អាចជួយក្នុងស្វែងរកដុំពក ឬភាពមិនប្រក្រតីផ្សេងទៀត។
បើសង្ស័យទៅលើលទ្ធផលទទួលបាន អាចតាមដានដោយធ្វើរោគវិនិច្ឆ័យម្ដងទៀត។ យ៉ាងណាមិញ ម៉ាម៉ូក្រាម ពេលខ្លះបង្ហាញពីតំបន់គួរឲ្យសង្ស័យដែលមិនទាន់ជា មហារីក ជាហេតុធ្វើឲ្យអ្នកជំងឺមានការចាប់អារម្មណ៍ និងមិនអត់ប្រយោជន៍ និងពេលខ្លះឈានដល់ការព្យាបាលទាន់ពេលវេលា។
– ឆ្លុះអេកូ៖ អាចជួយបែងចែករវាង ដុំសាច់ម៉ាសរឹង ឬគីសទឹក។
– ស្កេនអឹមរ៉ាយ MRI៖ ត្រូវចាក់បញ្ចូលសារធាតុដែលជាថ្នាំចាប់បង្ហាញរូបភាវេជ្ជសាស្ត្រកាន់តែច្បាស់ទៅក្នុងខ្លួនអ្នកជំងឺដើម្បីពិនិត្យមើលការរីករាលដាលមហារីក។
– ច្រឹបសាច់៖ ជាលិកាគំរូមួយត្រូវវះកាត់យកចេញ ដើម្បីវិភាគនៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យ តើកោសិកាទាំងនោះ ជាកោសិកាមហារីក ឬទេបើដូច្នោះមែន វាជាកោសិកាមហារីកប្រភេទណា ហើយជាកោសិកាមហារីកដែលប្រតិកម្មនឹងអ័រម៉ូន ឬទេ។
ការធ្វើរោគវិនិច្ឆ័យបែងចែកទៅតាមដំណាក់កាលមហារីកដូចជា៖
– ទំហំ
– កម្រិតរីករាលដាល
– តើជាប្រភេទមហារីករាលដាល(carcinoma invasive) ឬមិនរាលដាល (carcinoma in situ)
– រាលដាលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ឬនៅ។
ធ្វើរោគវិនិច្ឆ័យតាមដំណាក់កាល ជាជំនួយក្នុងការជ្រើសរើសវិធីព្យាបាលត្រឹមត្រូវ និង មានឱកាសច្រើនអាចជាសះស្បើយ។
៨- ព្យាបាលដោយវិធីណា?
គ្រូពេទ្យនឹងកំណត់ពីជម្រើសព្យាបាលមហារីកសុដន់ ដោយផ្អែកលើប្រភេទមហារីក តាមដំណាក់កាល និងកម្រិតរបស់វា ថាតើកោសិកាមហារីកមានប្រតិកម្មទៅនឹងអរម៉ូនដែរ ឬទេ។ គ្រូពេទ្យនឹងគិតពីបញ្ហាសុខភាពទូទៅ រួមទាំងជម្រើសរបស់យើងផងដែរ។
ស្ត្រីភាគច្រើន ធ្វើការវះកាត់មហារីកសុដន់ និងទទួលការព្យាបាលបន្ថែមទៀត មុន ឬក្រោយ វះកាត់ ដូចជា ព្យាបាលបែបគីមី ព្យាបាលដោយអ័រម៉ូន ឬព្យាបាលបែបវិទ្យុសកម្ម។
មានជម្រើសជាច្រើន សម្រាប់ព្យាបាលជំងឺមហារីកសុដន់ ធ្វើឲ្យយើងអាចនឹងស្មុគស្មាញ ពិបាកសម្រេចចិត្តជ្រើសយកវិធីព្យាបាលណាមួយ។ យ៉ាងណា គួរពិភាក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសសុដន់ នៅគ្លីនិក ឬមន្ទីរពេទ្យ។
ព្យាបាលដោយវះកាត់
វះកាត់ព្យាបាលជំងឺមហារីកសុដន់មានដូចជា៖
– កាត់ចេញដុំមហារីក (lumpectomy)៖ អំឡុងពេលធ្វើការវះកាត់ Lumpectomyហៅបានថា ការវះកាត់ទុកផ្នែកខ្លះរបស់សុដន់ ឬការកាត់ចេញមានទំហំធំ ដោយគ្រូពេទ្យ នឹងវះយកដុំសាច់ និង កន្លែងជុំវិញជាប់ជាលិកាមានសុខភាពល្អ។ Lumpectomy សម្រាប់ធ្វើការវះកាត់ដុំសាច់តូចៗ។
– កាត់សុដន់ទាំងមូល (Mastectomy)៖ Mastectomy ធ្វើឡើងដើម្បីកាត់ចេញនូវជាលិកាទាំងអស់របស់សុដន់។ Mastectomy ភាគច្រើន មានទម្រង់ការកាត់ចេញគ្រប់ជាលិការបស់សុដន់ ដូចជា ក្រពេញទឹកដោះ បំពង់បង្ហូរទឹកដោះ ជាលិកាខ្លាញ់ និងស្បែកសុដន់ខ្លះ រួមមាន ចុងសុដន់ និង រង្វង់ជុំវិញចុងសុដន់។ វិធីវះកាត់ Mastectomy បែបបន្សល់ស្បែក ទុកសម្រាប់គ្របលើដើមទ្រូង ដើម្បីធ្វើការកែលម្អ និងសោភ័ណ្ឌភាព។ អាស្រ័យលើទីតាំង និងទំហំដុំសាច់ ចុងសុដន់អាចរក្សាទុកដដែល។
– ការកាត់យកក្រពេញទឹករងៃរឺកូនកណ្តុរចាំយាមទៅវិភាគ (Sentinel node biopsy)៖ ដើម្បីកំណត់ថា តើជំងឺមហារីកបានរីករាលដាលដល់ក្រពេញទឹករងៃ ឬនៅ? ជំហានដំបូង គឺចោះបង្ហូរទឹករងៃពីដុំសាច់ជាមុន។ បើគ្មានមហារីកក្នុងក្រពេញទឹករងៃទេ ឱកាសកើតមហារីកផ្សេងទៀតក្នុងក្រពេញទឹករងៃដែលនៅសល់ គឺមានតិចតួច ហើយក្រពេញផ្សេងទៀត ក៏មិនចាំបាច់កាត់ចេញដែរ។
– ការកាត់ចេញនូវក្រពេញទឹករងៃរឺកៀរយកកូនកណ្តុរនៅក្លៀក (Axillary lymph node dissection)៖ បើមហារីកបានរកឃើញក្នុងក្រពេញទឹករងៃក្រោមក្លៀក គ្រូពេទ្យវះកាត់ នឹងពិភាក្សាជាមួយយើង ពីមុនងារក្រពេញនេះ មុខធ្វើការវះកាត់។
– កាត់សុដន់ទាំងពីរចេញ៖ ស្រ្ដីមួយចំនួនមានមហារីកនៅដោះម្ខាង បានជ្រើសរើសការកាត់ចោលនូវសុដន់ម្ខាងទៀត (Contralateral prophylactic mastectomy) ដែលមិនមានមហារីក បើពួកគេមានហានិភ័យខ្ពស់កើតមហារីកលើដោះម្ខាងទៀត ដោយសារតែមានហ្សែនអន់ ឬ មានប្រវត្តិគ្រួសារធ្លាប់កើតមហារីកសុដន់តកូនតចៅ។ ស្រ្ដីកើតមហារីកនៅសុដន់ម្ខាងភាគច្រើន មិនដែលវិវត្តទៅកើតម្ខាងទៀតទេ។ ពិភាក្សាពីហានិភ័យជំងឺមហារីកសុដន់ជាមួយគ្រូពេទ្យជំនាញ រួមទាំងផលចំណេញ និង គ្រោះថ្នាក់ទម្រង់ការវះកាត់នេះ។
ផលវិបាកព្យាបាលមហារីកសុដន់ដោយវះកាត់ អាស្រ័យទៅលើទម្រង់យើងជ្រើសរើស។ វះកាត់មហារីកអាចបង្កហានិភ័យ ដូចជា ឈឺចាប់ ហូរឈាម ឆ្លងរោគ និងហើមដៃ។
ស្រីៗមួយចំនួនជ្រើសរើសការធ្វើការកែលម្អសុដន់ឡើងវិញ បន្ទាប់ពីវះកាត់។ ពិភាក្សាជាមួយគ្រូពេទ្យវះកាត់ ពាក់ព័ន្ធជម្រើសរបស់យើង។
គួរជួបគ្រូពេទ្យវះកាត់កែសម្ផស្សសិន មុនធ្វើការវះកាត់។ ជម្រើស រួមមាន កែលម្អសុដន់ឡើងវិញតាមរយៈដាក់បញ្ចូល (ស៊ីលីកូន ឬជាតិទឹក) ឬកែលម្អដោយប្រើជាលិកាយើងផ្ទាល់។
ព្យាបាលដោយវិទ្យុសកម្ម
វិធីព្យាបាលដោយវិទ្យុសកម្ម គឺប្រើរលកថាមពលមានកម្លាំងខ្លាំង ដូចជា កាំរស្មីអ៊ិច និងប្រូតុង ដើម្បីសម្លាប់កោសិកាមហារីក ហើយវិធីព្យាបាលនេះអាចធ្វើឡើងដោយមាន ម៉ាស៊ីនធំមួយបាញ់រលកថាមពលទៅកាន់រាងកាយ (External beam radiation) ឬ ក៏ដាក់សារធាតុវិទ្យុសកម្មទៅក្នុងរាងកាយតែម្តង (Brachytherapy)។
វិធីព្យាបាល (External beam radiation) ភាគច្រើនត្រូវប្រើប្រាស់បន្ទាប់វះកាត់សុដន់នៅដំណាក់កាលដំបូង។ គ្រូពេទ្យនឹងណែនាំវិធីព្យាបាលដោយវិទ្យុសកម្មនៅប្រអប់ទ្រូង បន្ទាប់ពីការវះកាត់ មានមហារីកសុដន់ធំ ឬរីករាលដាលទៅក្រពេញទឹករងៃ។
ផលប៉ះពាល់ការព្យាបាលបែបវិទ្យុសកម្ម មានដូចជា អស់កម្លាំង និងមានកន្ទួលរមាស់ ដូចត្រូវកម្ដៅថ្ងៃនៅកន្លែងបានបាញ់វិទ្យុសកម្ម។ ជាលិកាសុដន់ អាចហើម ឬរឹងជាងមុន។ បញ្ហាធ្ងន់ធ្ងរកម្រនឹងកើត មានដូចជា ខូចខាតបេះដូង ឬសួត មហារីករើឡើងវិញនៅកន្លែងព្យាបាល។
ព្យាបាលដោយគីមី
ព្យាបាលដោយគីមី គឺប្រើថ្នាំទៅសម្លាប់កោសិកាមហារីក ប្រសិនបើមហារីកមានហានិភ័យរើឡើងម្ដងទៀត ឬរីករាលដាលទៅកាន់ផ្នែកណាមួយនៃរាងកាយ គ្រូពេទ្យអាចណែនាំវិធីព្យាបាលដោយគីមី ដើម្បីកាត់បន្ថយការកើតឡើងវិញរបស់មហារីក (Adjuvant chemotherapy)។
ជួនកាល ព្យបាលដោយគីមី ត្រូវប្រើលើស្រីៗមានដុំសាច់មហារីកធំ មុនធ្វើការវះកាត់ ដើម្បី បង្រួញដុំសាច់នោះទៅទំហំអាចវះកាត់បាន។
ព្យាបាលដោយគីមី ត្រូវប្រើប្រាស់សម្រាប់ស្រីមានមហារីក រីករាលដាលទៅកាន់ផ្នែកផ្សេងនៃរាងកាយ។ ម៉្យាងទៀត ការព្យាបាលដោយគីមី ត្រូវបានណែនាំ សម្រាប់ការសាកល្បងគ្រប់គ្រងមហារីក និងកាត់បន្ថយរោគសញ្ញាផ្សេងៗបង្កឡើងដោយមហារីក។
ផលប៉ះពាល់ អាស្រ័យទៅលើឱសថយើងប្រើប្រាស់ ភាគច្រើន ដូចជា ជ្រុះសក់ ចង្អោរ ក្អួត អស់កម្លាំង និងបង្កើនឱកាសឆ្លងរោគ។ ផលប៉ះពាល់កម្រជួបប្រទះ ដូចជា អស់រដូវមុនវ័យកំណត់ មិនអាចមានកូន ខូចខាតបេះដូង និងតម្រងនោម ខូចប្រព័ន្ធប្រសាទ និងកើតមហារីកគ្រាប់ឈាម ប៉ុន្តែករណីកម្រជួបប្រទះបំផុត។
ព្យាបាលដោយអ័រម៉ូន
វិធីព្យាបាលដោយអ័រម៉ូន ឬហៅថា ការព្យាបាលរាំងខ្ទប់អ័រម៉ូន ជាញឹកញាប់ត្រូវប្រើសម្រាប់ព្យាបាលមហារីកសុដន់ងាយប្រតិកម្មនឹងអ័រម៉ូន មហារីកទាំងនោះ ដូចជា មហារីកកន្លែងទទួលអ័រម៉ូនអឺស្ត្រូសែនវិជ្ជមាន និងមហារីកកន្លែងទទួលអ័រម៉ូនប្រូហ្សេស្តេរ៉ូនវិជ្ជមាន។
វិធីព្យាបាលដោយអ័រម៉ូន ត្រូវប្រើប្រាស់ មុន ឬក្រោយពេលវះកាត់ដើម្បីកាត់បន្ថយឱកាសវិលត្រលប់វិញរបស់មហារីក ព្រមទាំងបង្រួញ និងគ្រប់គ្រងមហារីក បានរីករាលដាលរួចហើយផងដែរ។ ហើយការព្យាបាលអាចប្រើប្រាស់ជាមួយ ការព្យាបាលបែបអ័រម៉ូនរួមមាន៖
– ឱសថទប់ស្កាត់អ័រម៉ូនមិនឲ្យភ្ជាប់ទៅនឹងកោសិកាមហារីក ដូចជា ពពួកឱសថ (SERM) ធ្វើការទប់ស្កាត់អ័រម៉ូនអឺស្រ្ដូហ្សែន មិនឲ្យភ្ជាប់ទៅនឹងកន្លែងទទួលអ័រម៉ូននេះនៅលើកោសិកាមហារីក ដើម្បីពន្យឺតការលូតលាស់ដុំសា និងសម្លាប់កោសិកាដុំសាច់។ ឱសថ SERMs មានដូចជា Tamoxifen raloxifen (Evista) និង Toremifene (Fareston)។ ផលរំខាន រួមមាន ក្ដៅក្បាល និងក បែកញើសពេលយប់ និងស្ងួតទ្វារមាស ព្រមទាំងហានិភ័យគួរឲ្យកត់សម្គាល់ផ្សេងទៀត ដូចជាជំងឺ កំណកឈាម ដាច់សរសៃឈាមខួរក្បាល មហារីកស្បូន និងភ្នែកឡើងបាយ។
– ឱសថធ្វើឲ្យរាងកាយឈប់ផលិតអ័រម៉ូនអឺស្រ្ដូហ្សែន ក្រោយពេលអស់រដូវ ឈ្មោះថា Aromatase inhibitors វា មានអំពើទៅផ្អាកសកម្មភាពអង់ស៊ីម ដែលបំប្លែងអ័រម៉ូន អង់ស្ត្រូហ្សែន នៅក្នុងរាងកាយឲ្យទៅជា អ័រម៉ូនអឺស្រ្តូហ្សែន ហើយឱសថទាំងនេះ មានប្រសិទ្ធិភាពចំពោះស្រីៗអស់រដូវប៉ុណ្ណោះ។ ពពួកឱសថ Aromatase inhibitors រួមមាន Anastrozole (Arimidex), Letrozole (Femara) និង Exemestane (Aromasin)។ ផលរំខាន មានដូចជា ក្ដៅក្បាល និងក បែកញើសពេលយប់ និង ស្ងួតទ្វារមាស ឈឺសន្លាក់សាច់ដុំ និងបង្កើនហានិភ័យធ្វើឲ្យឆ្អឹងស្ដើង (Osteoporosis)។
– ឱសថមានអំពើទៅបំផ្លាញទទួលអ័រម៉ូនអឺស្រ្ដូហ្សេន ដូចជា Fulvestrant (faslodex) ប្រើសម្រាប់ស្រីៗអស់រដូវ និងផលរំខាន អាចមានជា ក្ដៅក្បាល និងក ឈឺសន្លាក់ ជាដើម។
– វះកាត់ចេញក្រពេញអូវែ ឬប្រើប្រាស់ឱសថដើម្បីបញ្ឈប់ការផលិតអ័រម៉ូន ចំពោះស្រីៗនឹងអស់រដូវ ដើម្បីបញ្ឈប់ក្រពេញអូវែផលិតអ័រម៉ូន អឺស្រ្ដូហ្សែន ក៏ជាវិធីមានប្រសិទ្ធិភាពក្នុងការព្យបាលដោយអរម៉ូន។
ឱសថចំគោលដៅ
ព្យាបាលដោយឱសថឲ្យចំគោលដៅ ដើម្បីធ្វើការវាយប្រហារជាក់លាក់មួយទៅលើ កោសិកាមហារីកមានភាពមិនប្រក្រតី។ ឱសថគោលដៅសម្រាប់ព្យាបាលមហារីកសុដន់រួមមាន៖
– ឱសថ Trastuzumab (Herceptin) ជួយរារាំងប្រូតេអ៊ីន និងសម្លាប់កោសិកាមហារីក ហើយផលរំខាន អាចមាន ឈឺក្បាល រាក និងបញ្ហាបេះដូង។
– ឱសថ Pertuzumab (Perjeta) អាចប្រើជាមួយឱសថ Trastuzumab និងព្យាបាលបែបគីមី ហើយការផ្សំឱសថទាំងពីរមុខនេះ គឺសម្រាប់តែស្រ្ដីមិនប្រើប្រាស់ថ្នាំព្យាបាលមហារីក ហើយផលរំខាន មានដូចជា រាក ជ្រុះសក់ និងបញ្ហាបេះដូង។
– ឱសថ Ado-trastuzumab (Kadcyla) អាចផ្សំជាមួយឱសថTrastuzumab និងឱសថCell-killing ហើយការផ្សំនេះ ជួយស្វែងរកកោសិកាមហារីក នៅពេលវាចូលទៅក្នុងរាងកាយយើង។ ឱសថAdo-trastuzumab អាចជាជម្រើសសម្រាប់ស្រីៗ មានជំងឺមហារីកសុដន់ដំណាក់កាលចុងក្រោយ និងធ្លាប់ប្រើឱសថ Tratuzumab រួមទាំងវិធីព្យាបាលដោយគីមី។
– ឱសថLapatinib (Tykerb) អាចប្រើផ្សំជាមួយវិធីព្យាបាលដោយគីមី ឬព្យាបាលដោយអ័រម៉ូន ហើយផលរំខាន មានដូចជា រាគ ឈឺដៃជើង ចង្អោរ និងបញ្ហាបេះដូង។
– ឱសថPalbociclib (Ibrance) ប្រើជាមួយឱសថ Aromatase inhibitors សម្រាប់ស្រីៗមានមហារីកសុដន់ដំណាក់កាលចុងក្រោយ ផលរំខានមាន ដូចជា បង្កើនហានិភ័យការឆ្លងមេរោគ អស់កម្លាំង និងចង្អោរ។
– ឱសថEverolimus (Afinitor) ប្រើជាមួយឱសថ Exemestane សម្រាប់ស្រីៗមានជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយផលរំខាន មានដូចជា ដំបៅមាត់ បង្កើនហានិភ័យឆ្លងមេរោគ កន្ទួលរមាស់ និងបញ្ហាសួត។
ថែទាំ និងគាំទ្រ
វិធីថែទាំ និងគាំទ្រ ត្រូវចាត់ទុកជាវិធីថែទាំបែបវេជ្ជសាស្រ្ដ មានលក្ខណៈបច្ចេកទេស ផ្ដល់ភាពធូរស្រាលពីការឈឺចាប់ និងរោគសញ្ញាផ្សេងៗរបស់ជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ ហើយវិធីថែទាំនេះ អាចប្រើបានអំឡុងពេលព្យាបាលទ្រង់ទ្រាយធំ ដូចជា ការវះកាត់ ការព្យាបាលដោយគីមី ឬព្យាបាលដោយវិទ្យុសកម្ម។
អាន៖
- ព្យាបាលមហារីកសុដន់ហើយ គួរតមអ្វីខ្លះ?
- អាហារល្អៗ ក្រោយព្យាបាលមហារីកសុដន់
- ព្យាបាលហើយ ស្រាប់តែលែងឃ្លានអី គួរធ្វើម៉េច?
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបានដូចជា៖
– ពិភាក្សាជាមួយវេជ្ជបណ្ឌិតពីពេលវេលាសក្ដិសមធ្វើតេស្ត និងឆ្លុះមើលមហារីកសុដន់ មាន ពិនិត្យមើលសុដន់ និងការថតម៉ាម៉ូក្រាម។ សួរពីផលប្រយោជន៍ និងហានិភ័យក្រោយថតមើលសុដន់។ ការសម្រេចចិត្តជាមួយគ្រូពេទ្យ អាចជួយយើងរកបានយុទ្ធសាស្តដ៏ត្រឹមត្រូវក្នុងការថតមើលមហារីកសុដន់។
– រៀនសម្គាល់សុដន់ឲ្យបានច្បាស់ តាមរយៈការពិនិត្យសុដន់ដោយខ្លួនឯង ប្រសិនបើមាន ការប្រែប្រួល ដុំពក ឬអ្វីជាសញ្ញាមិនប្រក្រតីក្នុងសុដន់ ប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់រហ័ស។ យល់ដឹងពីសុដន់ អាចជួយឲ្យយើងយល់កាន់តែច្បាស់ ពីការប្រែប្រួលធម្មតាសុដន់ និងបែងចែកឲ្យច្បាស់ពីអការៈ និងរោគសញ្ញាមិនប្រក្រតី។
– ផឹកគ្រឿងស្រវឹង តិចជាងមួយកែវក្នុងមួយថ្ងៃ។ ហាត់ប្រាណឲ្យបានច្រើនថ្ងៃក្នុងមួយសប្ដាហ៍ យ៉ាងតិច ៣០ នាទី/ថ្ងៃ។ បើយើងមិនសូវហាត់ប្រាណ គួរតែសួរយោបល់ពីគ្រូពេទ្យ និង ចាប់ផ្ដើមបន្ដិចម្ដងៗ។
– កំណត់ការព្យាបាលបែបអ័រម៉ូនក្រោយពេលអស់រដូវ ព្រោះព្យាបាលបែបអ័រម៉ូនផ្សំគ្នា អាចបង្កើនហានិភ័យកើតមហារីកសុដន់ ហេតុនេះគួរពិភាក្សាជាមួយពេទ្យពីផលប្រយោជន៍ និងហានិភ័យព្យាបាលដោយអ័រម៉ូន។ ស្រីៗមួយចំនួន ជួបប្រទះរោគសញ្ញាគួរឲ្យរំខានអំឡុងពេលអស់រដូវ និង បង្កើនហានិភ័យមហារីកសុដន់។ ដើម្បីកាត់បន្ថយ ហានិភ័យមហារីក យើងគួរបន្ថយចំនួនកម្រិតព្យាបាលដោយអ័រម៉ូន ដោយប្រើត្រឹមរយៈពេលខ្លី។
– រក្សាទម្ងន់ឲ្យមានសុខភាពល្អ បើទម្ងន់បច្ចុប្បន្នមានសុខភាពល្អ ត្រូវធ្វើលំហាត់ប្រាណដើម្បីរក្សាទម្ងន់។ បើចង់សម្រកទម្ងន់ គួរបន្ថែមការហាត់ប្រាណ និង កាត់បន្ថយចំនួនកាល់ឡូរី ក្នុងអាហារប្រចាំថ្ងៃ។ ពិភាក្សាជាមួយគ្រូពេទ្យ រៀបចំផែនការសម្រកទម្ងន់ និងជ្រើសរើសរបបអាហារជួយដល់សុខភាព។ ញ៉ាំអាហារបំប៉នជាមួយប្រេងអូលីវ លាយជាមួយសណ្ដែក អាចជួយកាត់បន្ថយហានិភ័យ។ ម្ហូបអាហារផ្សុំពីរុក្ខជាតិ ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ដំឡូង និងសណ្ដែក សុទ្ធតែល្អសម្រាប់សុខភាព។
អាន៖
- បើមានមហារីកសុដន់ ក្រោយព្យាបាលតើអាចយកកូនបានឬអត់? ហេតុអ្វី?
- អ្នកវះកាត់ពង្រីក ឬកែកុនសុដន់ ប្រឈមជំងឺមហារីកកម្រិតណា?
- បើគ្រួសារមានប្រវត្តិមានជំងឺមហារីកសុដន់(ហ្សែន) គួរធ្វើម៉េចកាត់បន្ថយមហានិភ័យ?
[embed-health-tool-bmi]