អំឡុងពេលពពោះ ម៉ាក់ៗឆ្លងកាត់ការប្រែប្រួលជាច្រើន មិនថារូបរាងកាយ អារម្មណ៍ និងផ្លូវចិត្តនោះទេ ដូច្នេះហើយ ការថែទាំខ្លួនឲ្យបានល្អតាមរយៈការជ្រើសរើសរបបអាហារត្រឹមត្រូវ ធ្វើលំហាត់ប្រាណស្រាលៗ និងសម្រាកឲ្យបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ណាស់ចំពោះទាំងម៉ាក់ៗ និងកូនក្នុងផ្ទៃ។ យ៉ាងណាមិញ អំឡុងពេលរដូវក្តៅនេះ ស្ត្រីពពោះយើងអាចប្រឈមនឹងរឿងរ៉ាវមួយចំនួនដែលកើតឡើងជាទូទៅ ប៉ុន្តែមិនបង្កជាបញ្ហាធំដុំណាមួយឡើយ។
ស្ត្រីពពោះមានបរិមាណឈាមនៅក្នុងរាងកាយកើនឡើង ដែលនេះជាហេតុនាំឲ្យយើងមានអារម្មណ៍ក្តៅជាងអ្នកដែលគ្មានផ្ទៃពោះ។ រួមជាមួយនឹងកម្តៅក្នុងរដូវក្តៅទៀតនោះ យើងកាន់តែស្អុះស្អាប់ និងមិនស្រណុកក្នុងខ្លួនជាមិនខាន។
២. ហើមប្រអប់ជើង និងកជើង
ទោះបីជាការហើមជើង ជារឿងធម្មតាសម្រាប់ស្ត្រីពពោះក៏ដោយ ប៉ុន្តែក៏អាចបង្កជាការរំខានដូចគ្នា។ ជាមួយនឹងសារជាតិទឹកច្រើននៅក្នុងរាងកាយអំឡុងពេលពពោះ និងសម្ពាធពីស្បូនដែលកំពុងលូតលាស់ ធ្វើឲ្យម៉ាក់ហើមជើង និងកជើង ហើយនឹងកាន់តែយ៉ាប់យ៉ឺនក្នុងរដូវក្តៅនេះ។
៣. បែកញើស
ទន្ទឹមនឹងនេះដែរ ម៉ាក់ៗនឹងបែកញើសស្ទើរតែគ្រប់ផ្នែកនៃរាងកាយ ដូចជាក្លៀក ពោះ ផ្ទៃមុខ ក និងភ្លៅ។ កត្តានេះកើតឡើងដោយសារតែបរិមាណឈាមកើនឡើងអំឡុងពេលពពោះ ហើយការធ្វើមេតាប៉ូលីសគឺសម្រាប់មនុស្សពីរនាក់ ទើបធ្វើឲ្យរាងកាយយើងបញ្ចេញញើស ដើម្បីឲ្យមានភាពត្រជាក់។ ហេតុនេះហើយ ម៉ាក់ៗគួរញ៉ាំទឹកឲ្យបានច្រើន ដើម្បីជៀសវាងកង្វះជាតិទឹក។
៤. ប្រើក្រែមការពារកម្តៅថ្ងៃជានិច្ច
ក្រែមការពារកម្តៅថ្ងៃ មានសារៈសំខាន់ណាស់ចំពោះម៉ាក់ៗនៅអំឡុងពេលពពោះ ពីព្រោះស្បែកយើងងាយរងប្រតិកម្មខ្លាំងអំឡុងពេលពពោះ និងបង្កឲ្យមានស្នាមជាំដោយសារកម្តៅថ្ងៃ។ ដូចនេះ ស្ត្រីពពោះគួរការពារស្បែក ដោយប្រើក្រែមការពារកម្តៅថ្ងៃដែលមានSPF៣០ឡើងទៅ។

៥. កម្តៅថ្ងៃធ្វើឲ្យយើងងងុយគេង
ពិតណាស់ រាងកាយយើងបំពេញមុខងារកាន់តែច្រើន ដើម្បីគ្រប់គ្រងសីតុណ្ហភាពខាងក្នុង អំឡុងពេលពពោះនេះ ដូច្នេះហើយទើបយើងមានអារម្មណ៍ងងុយគេង។ មួយវិញទៀត ការចំណាយពេលនៅក្រោមកម្តៅថ្ងៃ ក៏នឹងធ្វើឲ្យរាងកាយម៉ាក់ៗនឿយហត់អស់កម្លាំង ដោយសារតែការកង្វះជាតិទឹក។
ចំណុចសំខាន់
រឿងរ៉ាវទាំង៥ ម៉ាក់ៗតែងជួបប្រទះនៅរដូវក្តៅ៖
- មានអារម្មណ៍ក្តៅគ្រប់ពេល
- ហើមប្រអប់ជើង និងកជើង
- បែកញើស
- ប្រើក្រែមការពារកម្តៅថ្ងៃជានិច្ច
- កម្តៅថ្ងៃធ្វើឲ្យយើងងងុយគេង