ពិតណាស់ មនុស្សជាច្រើនគិតថា គ្រុនផ្តាសាយធំ គ្រាន់តែជាជំងឺស្រាលប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណីជាច្រើន ប្រភេទជំងឺផ្តាសាយធំ ក៏អាចបង្កគ្រោះថ្នាក់ដ៏ធំដល់សុខភាព និងអាយុជីវិត ផងដែរ។ ហេតុនេះ លោកអ្នកគួរតែស្វែងយល់ពីគ្រោះថ្នាក់នៃជំងឺគ្រុនផ្តាសាយឱ្យបានកាន់តែច្បាស់ដូចតទៅនេះ៖
ការកើតជំងឺគ្រុនផ្តាសាយធំអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យស្លាប់បាន
មនុស្សជាច្រើន គិតថា ជំងឺគ្រុនផ្តាសាយធំ និងគ្រុនផ្តាសាយធម្មតា គឺដូចតែគ្នា ប៉ុន្តែ ជំងឺទាំង២នេះ មិនដូចគ្នាឡើយ។ ជំងឺគ្រុនផ្តាសាយធំ អាចបង្កឱ្យមានអាការធ្ងន់ធ្ងរជាងគ្រុនផ្តាសាយធម្មតា។ អ្នកមិនត្រឹមតែតឹងច្រមុះប៉ុណ្ណោះទេ ប៉ុន្តែ អ្នកក៏ក្តៅខ្លួនខ្លាំង ឈឺក្បាលមិនឈប់ និងឈឺសាច់ដុំ ផងដែរ បើអ្នកកើតជំងឺគ្រុនផ្តាសាយធំ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះទៀតអាចនឹងមានអាការធ្ងន់ធ្ងរជាងនេះក៏ថាបាន ជាពិសេសទារក និងមនុស្សចាស់ ដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរៃ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺតម្រងនោម ឬថ្លើម ជាដើម។ អ្នកដែលមានភាពស្មុគស្មាញទាំងនេះ អាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើពួកគេកើតជំងឺគ្រុនផ្តាសាយធំ។
បញ្ហាសុខភាព ឬភាពស្មុគស្មាញចំពោះសុខភាពដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយធំ មានដូចជា ជំងឺរលាកសួត រលាកប្រហោងច្រមុះ ការឆ្លងមេរោគក្នុងត្រចៀក រលាកទងសួត និងស្លាប់ ជាដើម។ ទិន្នន័យពីអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បង្ហាញថា មនុស្សចន្លោះពី ២៩០ ០០០ ទៅ ៦៥០ ០០០នាក់ បានសម្លាប់ដោយសារតែវីរុសផ្តាសាយធំ។
ខាងក្រោមនេះ គឺជាភាពស្មុគស្មាញចំពោះសុខភាពដែលបណ្តាលមកពីផ្តាសាយធំ៖
១. ជំងឺរលាកសួត
ជំងឺរលាកសួត គឺជាការរលាកសួត ដែលបណ្តាលឱ្យថង់ខ្យល់នៃសួតមានពោរពេញដោយខ្ទុះ និងស្លេស្ម៍ ដែលរារាំងអុកស៊ីសែនមិនឱ្យរត់ទៅដល់ចរន្តឈាម។ ប្រសិនបើឈាមមានអុកស៊ីសែនតិចពេក សរីរាង្គ ជាលិកា និងកោសិការបស់រាងកាយមិនអាចដំណើរការបានត្រឹមត្រូវ ដែលអាចនាំឱ្យអ្នកជំងឺស្លាប់។
បើគ្មានការព្យាបាលទេនោះ ជំងឺរលាកសួតដោយវីរុសគ្រុនផ្តាសាយ អាចបណ្តាលឱ្យមានសារធាតុរាវប្រមូលផ្តុំនៅក្នុងសួត បង្កទៅជាមេរោគ ឬបាក់តេរីចូលទៅក្នុងចរន្តឈាម និងនាំឱ្យកើតជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ។
ដើម្បីកត់សម្គាល់ថា តើជំងឺគ្រុនផ្តាសាយ មានកម្រិតកាន់តែធ្ងន់ និងបង្កទៅជាជំងឺរលាកសួត ឬអត់ អ្នកត្រូវយកចិត្តទុកដាក់លើរោគសញ្ញាសំខាន់ៗមួយចំនួន។ ជំងឺគ្រុនផ្តាសាយធំ បង្កឱ្យមានអាការស្រាល ទៅធ្ងន់ធ្ងរ ដូចជាគ្រុនក្តៅ ឈឺបំពង់ក តឹងចម្រុះ ឬហៀរសំបោរ ឈឺក្បាល ចង្អោរ និងក្អួត រាក និងឈឺរាងកាយ។
ដោយឡែក អាការជំងឺរលាកសួតមានដូចជា៖
– ក្អកមានស្លេស្ម៍ពណ៌បៃតង លឿង ឬមានឈាម
– ក្តៅខ្លួន បែកញើស និងរងាញាក់
– ដង្ហើមខ្លី
– ដកដង្ហើមញាប់
– ឈឺក្នុងទ្រូង និងឈឺកាន់តែខ្លាងនៅពេលអ្នកដកដង្ហើមវែង ឬក្អក
– បាត់បង់ចំណង់អាហារ ខ្សោយ និងអស់កម្លាំង
– ចង្អោរ និងក្អួត ជាពិសេសចំពោះកុមារតូចៗ
២. រលាកប្រហោងច្រមុះ
រលាកប្រហោងច្រមុះ ជាការរលាក ដែលកើតឡើងនៅត្រង់ប្រហោងច្រមុះ។ អាការដែលអាចកើតមាន នៅពេលដែលជំងឺគ្រុនផ្តាសាយធំបង្កទៅជារលាកប្រហោងច្រមុះ មានដូចជា៖
– តឹងច្រមុះកាន់តែខ្លាំង
– ឈឺបំពង់ក
– ឈឺថ្ពាល់ ឆ្គាមផ្នែកខាងលើ និងធ្មេញ
– បាត់បង់ក្លិន
– មានការហើមក្បែរភ្នែក
៤. ការបង្ករោគក្នុងត្រចៀក
ការបង្ករោគក្នុងត្រចៀក ជាការរលាក និងហើម នៅត្រង់ផ្នែកកណ្តាលនៃត្រចៀក។ ជំងឺដែលបណ្តាលមកពីគ្រុនផ្តាសាយធំនេះ កើតឡើងជាញឹកញាប់ ដោយសារតែផ្នែកកណ្តាលនៃត្រចៀក មានទំនាក់ទំនងជាមួយនឹងបណ្តាញផ្លូវដង្ហើមផ្នែកខាងលើ។
[embed-health-tool-ovulation]
នៅពេលដែលវីរុសគ្រុនផ្តាសាយធំ ស្ថិតនៅបណ្តាញផ្លូវដង្ហើមផ្នែកខាងលើកាន់តែច្រើន វីរុសនេះ អាចរីករាលដាលចូលក្នុងផ្នែកកណ្តាលនៃត្រចៀក។ អាការបង្ហាញពីការបង្ករោគនេះ រួមមាន៖
– ស្តាប់លែងឮ
– មានសារធាតុរាវចេញពីត្រចៀក
– គ្រុនស្រៀវរងា
– ឈឺត្រចៀក
៤. រលាកទងសួត
រលាកទងសួត ក៏ជាទម្រង់មួយទៀតនៃភាពស្មុគស្មាញចំពោះសុខភាពដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយធំ ផងដែរ។ ជំងឺនេះ បណ្តាលមកពីការរលាកភ្នាសនៅក្នុងទងសួត។ អាការនៃការរលាកទងសួតមានដូចជា៖
– ក្អកស្លេស្ម៍
– តឹងទ្រូង
– គ្រុនស្រៀវរងា
ភាពស្មុគស្មាញនៃសុខភាពដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយធំ មិនអាចព្យាបាលជា តាមរយៈការព្យាបាលដូចផ្តាសាយធម្មតាឡើយ។ ប្រសិនបើអ្នកមានជំងឺផ្សេងៗ ដែលបណ្តាលមកពីគ្រុនផ្តាសាយធំ ការព្យាបាលជំងឺផ្តាសាយធម្មតា មិនមានប្រសិទ្ធភាពឡើយ។ ជាទូទៅ គ្រូពេទ្យ នឹងពិនិត្យអាការដែលអ្នកកំពុងតែមាន។
ដើម្បីជៀសវាងការកើតជំងឺធ្ងន់ធ្ងរនានាដែលបណ្តាលមកពីផ្តាសាយធំ លោកអ្នកគួរតែព្យាបាលជំងឺគ្រុនផ្តាសាយឱ្យបានសមស្រប ជាពិសេស ប្រុងប្រយ័ត្នចំពោះអាការនៃជំងឺគុនផ្តាសាយធំណាមួយ ដែលកើតឡើង៕
ចំណុចសំខាន់
ភាពស្មុគស្មាញនៃសុខភាពដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយធំ មិនអាចព្យាបាលជា តាមរយៈការព្យាបាលដូចផ្តាសាយធម្មតាឡើយ។ ដើម្បីជៀសវាងការកើតជំងឺធ្ងន់ធ្ងរនានាដែលបណ្តាលមកពីផ្តាសាយធំ លោកអ្នកគួរតែព្យាបាលជំងឺគ្រុនផ្តាសាយឱ្យបានសមស្រប ជាពិសេស ប្រុងប្រយ័ត្នចំពោះអាការនៃជំងឺគុនផ្តាសាយធំណាមួយ ដែលកើតឡើង។
អត្ថបទគួរអាន៖
- គន្លឹះសំខាន់ៗ ថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់
- សញ្ញាព្រមានសំខាន់ៗ បញ្ជាក់ថាឆ្លងមេរោគផ្លូវដង្ហើម
- ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់
- ហេតុអ្វីស្ត្រីពពោះគួរចាក់វ៉ាក់សាំងផ្តាសាយ? មានប្រយោជន៍អីខ្លះ?
- មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!
- ផ្តាសាយធំមានអាការៈស្រដៀងកូវីដ មកដឹង ៦ចំណុចសំខាន់ពីជំងឺផ្លូវដង្ហើមមួយនេះ