អ្នកឈឺចាប់ខ្លាំងទ្រាំសឹងមិនបានពេលមករដូវ អាចមានទម្រង់ស្បូនបែបនេះ
ការមករដូវគឺជាធ្លាក់ជ្រុះស្រទាប់ស្តើងស្បូន ហើយធ្វើឲ្យស្បូនរបស់មនុស្សស្រីយើងចាប់ផ្តើមច្របាច់ កន្ត្រាក់ ដើម្បីបញ្ចេញកាកសំណល់ទាំងអស់នោះចេញមកក្រៅ។ ការច្របាច់នេះធ្វើឲ្យស្ត្រីឈឺពោះ ប៉ុន្តែការឈឺចាប់បែបហ្នឹង មិនខ្លាំងក្លាទេ ជាទូទៅស្ត្រីអាចទ្រាំទ្របាន។ ដោយឡែកកម្រិតនៃការឈឺចាប់ក៏ទៅតាមស្ថានភាព រូបរាងទម្រង់ស្បូនដែរ។ តើទម្រង់ស្បូនបែបណាធ្វើឲ្យស្ត្រីឈឺចាប់ខ្លាំងដល់ថ្នាក់ពិបាកទ្រាំ ឬទ្រាំសឹងមិនបាន? នៅមានកត្តារួមផ្សំអីខ្លះទៀត?

ចំពោះករណីស្ត្រីឈឺចាប់ខ្លាំងពេលមករដូវម្តងៗ ទ្រាំសឹងមិនបាននោះ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បានឲ្យដឹងពីមូលហេតុថា អាចមកពីទម្រង់ស្បូនខុសពីធម្មតា មានន័យថាស្បូនច្បត់ខ្លាំង (ស្បូនអាចបត់មកមុខ ឬមកក្រោយខ្លាំងពេក)។ ក្រៅពីទម្រង់ស្បូន ក៏អាចមកពីកក្តារួមផ្សំ ២ទៀត គឺស្បូនមានបញ្ហា ដោយសាច់ស្បូនក្រាស់ជាងមុន ឬស្បូនមានដុះដុំសាច់ ទើបបណ្ដាលឲ្យស្ត្រីមករដូវមានការឈឺចាប់ខ្លាំងជាងមុន និងស្រទាប់ស្តើងនៃស្បូនដុះខុសប្រក្រតី ធ្វើឲ្យឈាមធ្លាក់ទៅដៃស្បូន ក៏ធ្វើឲ្យមានការឈឺចាប់ខ្លាំងដែរ។

បើមករដូវម្តងៗឈឺចាប់ខ្លាំង លោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យស្ត្រីជួបគ្រូពេទ្យដើម្បីដឹងពីមូលហេតុ ឈានទៅរកការព្យាបាល។ ចំពោះមូលហេតុធម្មជាតិ ការមករដូវដែលឈឺពោះមិនធ្ងន់ធ្ងរទេ យើងគ្រាន់ប្រើថ្នាំបំបាត់ការឈឺចាប់ ស្អំទឹកក្តៅឧណ្ហៗលើពោះ ឬក៏ធ្វើលំហាត់ប្រាណ ក៏អាចកាត់បន្ថយការឈឺចាប់បានដែរ។
អំឡុងពេលមករដូវម្តងៗ លោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យស្ត្រីធ្វើអនាម័យឲ្យបានញឹកញាប់ ដោយហេតុថា ឈាមរដូវជាកន្លែងបណ្តុះមេរោគឲ្យកាន់តែលូតលាស់ កុំទុកឲ្យឈាមរដូវជោគសម្លីហៀរហូរប្រឡាក់ខោ ឬសំពត់។ ការធ្វើអនាម័យពេលមករដូវ លោកស្រីវេជ្ជបណ្ឌិតថា មិនលំបាកទេ ឲ្យតែយើងធ្លាស់ប្ដូរសម្លីទ្រាប់ឲ្យបានញឹកញាប់ សម្អាតទ្វារមាសឲ្យបានស្អាត កុំទុកផ្អាប់យូរ។
គួរអានពីបញ្ហាស្បូន៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- មហារីកមាត់ស្បូនសាហាវប៉ុនណា អាចស្វែងយល់លម្អិតបាន
- ស្រីៗមានស្បូនព្រែកអាចមានកូនបានធម្មតា ដូចគេឯងអត់?
- មាត់ស្បូនមិនប្រក្រតី គួរភ័យដែរអត់?
- ចុកពោះក្រោយរួមភេទ អាចមកពីបញ្ហានៅមាត់ស្បូន
- Cervical Cerclage (ការដេរមាត់ស្បូន)
- Vaginal hysterectomy (វះកាត់យកស្បូនចេញ)
- Anterior Prolapse Surgery (វះកាត់កែបញ្ហាស្រុតស្បូនផ្នែកខាងមុខ)
គួរអានពីបញ្ហាឈាមរដូវ៖
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
- ឈឺគូទពេលមករដូវបណ្ដាលមកពីអ្វី? ដោះស្រាយបែបណា?
- ទឹកផ្លែឈើទាំង៣ប្រភេទ បំបាត់អាការៈឈឺចាប់ពេលមករដូវ
- កត្តា ៤យ៉ាង រំខានដល់វដ្ដរដូវរបស់ស្រីៗ