backup og meta

ញ៉ាំម្ទេសពេលពពោះនាំឱ្យក្រហល់ក្រហាយដល់កូនក្នុងផ្ទៃអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 24, 2023

    ញ៉ាំម្ទេសពេលពពោះនាំឱ្យក្រហល់ក្រហាយដល់កូនក្នុងផ្ទៃអត់?

    ការញុំាម្ទេសអាចធ្វើឱ្យយើងក្តៅ និងក្រហាយពោះ ហេតុនេះទើបចាស់ៗ​ហាមម៉ាក់ៗ​ពពោះ​មិនឱ្យ​ញុំាម្ទេស ព្រោះខ្លាចក្រហល់ក្រហាយដល់កូនក្នុងផ្ទៃ។ តើជំនឿតៗគ្នារបស់ចាស់ៗជាការពិតដែរឬទេ? ចុះគ្រូពេទ្យថាម៉េចវិញចំពោះការញុំា​ម្ទេស​របស់​ម៉ាក់ៗនៅពេលពពោះ?

    លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ការញុំាម្ទេសពេលពពោះមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ តែប៉ះពាល់​ម្តាយទៅវិញ។ លោក​ពន្យល់​ថា​ការ​ញ៉ាំ​ម្ទេស​អាច​ប៉ះពាល់​សុខភាព​ម្ដាយ​មួយ​ចំនួន​។​

    ១. ក្រហាយទ្រូង

    ម៉ាក់ៗពពោះភាគច្រើនក្រហាយទ្រូងដោយសារការប្រែប្រួលអ័រម៉ូនប្រូសេស្តេរ៉ូន។ អ័រម៉ូននេះជួយ​បន្ធូរ​សាច់ដុំអាងត្រគាកដើម្បីឱ្យម៉ាក់ៗអាចសម្រាលកូនបាន តែអ័រម៉ូននេះក៏ធ្វើឱ្យសន្ទះ​បិទបើក​រវាង​បំពង់អាហារ និងក្រពះធូរដែរ ហើយបណ្តាលឱ្យទឹកអាស៊ីដក្រពះជ្រាបចូលទៅក្នុងបំពង់អាហារ។

    អាការៈក្រហាយទ្រូងកើតឡើងញឹកញាប់នៅត្រីមាសទី ៣ ព្រោះទំហំកូនក្នុងផ្ទៃ​បាន​រុញ​ក្រពះ​ឡើង​លើ​ដែលបង្កឱ្យទឹកអាស៊ីដច្រាលចូលបំពង់អាហារ។ ការញុំាម្ទេសជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើន និងធ្វើឱ្យក្រពះក្រហាយ​ដែលជាហេតុធ្វើឱ្យអាការៈ​ក្រហាយទ្រូង​របស់ម៉ាក់ៗ​កាន់​តែ​ធ្ងន់ធ្ងរ។

    ២. ចង្អោរ និងក្អួត​

    ការញុំាម្ទេស​ជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើន និងធ្វើឱ្យម៉ាក់ៗច្រាលទឹក​អាស៊ីដក្រពះ​ដែល​ធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតបន្ថែមពីលើអាការៈ​ចាញ់កូន។ ជាលទ្ធផល​ម៉ាក់ៗនឹងចង្អោរ និងក្អួតកាន់​តែ​ខ្លាំង។

    ចាញ់កូន

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣. ​ជំងឺ​ឫស​ដូង​បាត​

    ទំហំទារក​​ក្នុង​ស្បូន​​សង្កត់ទៅលើឆ្អឹង​អាង​ត្រគាកដែលបណ្តាលឱ្យ​​ម៉ាក់ៗ​​ស្ទះ​សរសៃឈាម​វ៉ែន​នៅ​ក្នុង​​រន្ធគូទ បូកផ្សំនឹងការទល់លាមកនាំ​ឱ្យមាន​ការវិវត្ត​ជា​ជំងឺ​ឫស​ដូង​បាតក៏​មាន​​។

    ការទល់លាមកពេល​ពពោះ​បង្កឡើងដោយការ​កើនឡើង​នៃអ័រម៉ូន​​អ៊ឺស្ត្រូសែន​ និង​ប្រូ​សេស្តេរ៉ូន​ធ្វើឱ្យ​ការដឹក​ជញ្ជូន​ចំណី​អាហារ​នៅក្នុង​ពោះវៀន​​​មាន​ការ​ថយ​ចុះ និងការសង្កត់ពីស្បូនដែលរីកធំ​​លើ​ពោះវៀន​។ ការញុំាម្ទេសច្រើនអាចបង្កើនកម្តៅក្នុងខ្លួន ហើយធ្វើឱ្យអាការៈទល់លាមក និងជំងឺ​ឫសដូង​បាត​របស់​ម៉ាក់ៗ​កាន់តែយ៉ាប់យឺន។

    ការញុំាម្ទេសពេលពពោះអាចធ្វើឱ្យម៉ាក់ៗកាន់តែមិនស្រួលក្នុងខ្លួន ដូច្នេះ​ពេលមានផ្ទៃពោះ ម៉ាក់ៗ​គួរ​កាត់​បន្ថយ ឬចៀសវាងញុំាម្ទេសតាមដែលអាចធ្វើបាន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ May 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម