ចំពោះវិធីសង្គ្រោះបឋមពេលកូនក្តៅខ្លួនខ្លាំង មិនឲ្យកូនគ្រោះថ្នាក់ដល់ជីវិត មុននឹងទៅដល់មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ណែនាំឲ្យយកកន្សែងជ្រលក់ទឹកសើមៗ មកជូតខ្លួនកូនឲ្យសព្វ ពិសេសកន្លែងសរសៃឈាមធំៗ ដូចជា ត្រង់តំបន់ក ឃ្លៀក កន្លាក់ដៃជើង ហើយបើកូនមានស្លៀកពាក់ខោអាវជិតៗ ឬក្រាស់ៗ ត្រូវដោះចេញភ្លាម និងមិនត្រូវឲ្យកូនដណ្តប់ភួយ កន្សែង នោះទេនិងប្រសិនបើអាចត្រូវងូតទឹកឲ្យកូន ទោះជារងាខ្លាំងយ៉ាងណាក៏ដោយ។
បន្ទាប់មកត្រូវឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ( ប៉ារា៉សេតាម៉ុល) តាមកម្រិតរបស់ក្មេង និងមិនត្រូវឲ្យថ្នាំពពួកអាស្ពីរីនជាដាច់ខាត បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ និងត្រូវឲ្យកូនញ៉ាំទឹកឲ្យច្រើន ហើយត្រូវតាមដានកម្តៅកូនជាប់រហូត តាមរយៈការយកទែម៉ូម៉ែត្រស្ទង់កម្តៅមកវាស់ ទើបប្រាកដ ១០០% ថា កូនក្តៅខ្លួនខ្លាំងកម្រិតណា ចៀសវាងការប៉ាន់ស្មានដោយការស្ទាបនឹងដៃ។