ជំងឺគ្រាប់ឈាមសមាន៥ប្រភេទផ្សេងៗទៀតដូចជា៖
- Neutrophilia leukocytosis គឺបណ្តាលមកពីការកើនឡើងចំនួន Neutrophilia ខ្ពស់។
- Lymphocytosis សំដៅទៅលើការកើនឡើងបរិមាណ Lymphocytes ខ្ពស់។
- Monocytosis គឺជាការកើនឡើងបរិមាណ monocytes។
- Eosinophilia គឺសំដៅទៅលើការកើនឡើងខ្ពស់នៃកម្រិត eosinophils។
- Basophilia គឺការកើនឡើងនៃបរិមាណកោសិកា basophils ដែលមានមុខងារប្រឆាំងទៅនឹងការឆ្លងពពួកប៉ារ៉ាសិត ការពារកំណកឈាម និងឆ្លើយតបទៅនឹងការប្រតិកម្មអាលែកហ្ស៊ី។
៤. ជំងឺគ្រាប់ឈាមក្រហម
ជំងឺគ្រាប់ឈាមក្រហម (Polycythemia vera) គឺជាប្រភេទជំងឺមហារីកគ្រាប់ឈាមក្រហមរ៉ាំរ៉ៃ ដែលបណ្តាលឲ្យខួរឆ្អឹង ផលិតកោសិកាឈាមក្រហមច្រើនហួសកម្រិត។ ជំងឺនេះមានការវិវត្តយឺតៗយ៉ាងខ្លាំង ហើយជារឿយៗក្នុងដំណាក់កាលដំបូងមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនោះទេរហូតដល់វ័យ៦០ឆ្នាំទើបអាចរកឃើញ។ ហានិភ័យដ៏គ្រោះថ្នាក់បំផុត នៃជំងឺនេះ គឺការកើនឡើងបរិមាណកោសិកាឈាមក្រហម ដែលបណ្ដាលឲ្យងាយកើតកំណកឈាមក្រហមក្នុងសរសៃឈាម។
ជំងឺគ្រាប់ឈាមក្រហម គឺជាជំងឺតំណរពូជដោយហ្សែន ជាទូទៅជំងឺនេះ មិនមានការព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្ដែគេអាចព្យាលដោយកាត់បន្ថយរោគសញ្ញា។ អ្នកកើតជំងឺនេះបង្ហាញរោគសញ្ញាសំខាន់ៗដូចជា ឈឺក្បាល វិលមុខ អស់កម្លាំង សម្ពាធឈាមខ្ពស់ ស្រវាំងភ្នែក ហឹងត្រចៀក បែកញើសច្រើន ជាពិសេសនៅពេលយប់ ថប់ដង្ហើមជាពិសេសពេលដេក រមាស់ស្បែកជាពិសេសបន្ទាប់ពីងូតទឹកក្តៅ ស្បែកឡើងក្រហម ក្តៅ ញាក់ ក្រហាយបាតដៃ និងជើង ជាំស្បែក ឈាមច្រមុះ និងឈាមអញ្ចាញធ្មេញ ព្រមទាំងស្រកគីឡូជាដើម។
៥. ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ
នេះគឺជាប្រភេទជំងឺស្លេកស្លាំងតំណពូជ កើតឡើងដោយសារខ្វះកោសិកាឈាមក្រហមល្អៗ ដើម្បីនាំអុកស៊ីសែនទៅចិញ្ចឹមសារពាង្គកាយ។ ជាធម្មតាកោសិកាឈាមក្រហមមានរាងមូល និងងាយផ្លាស់ទីក្នុងសរសៃឈាម ដើម្បីនាំអុកស៊ីសែនទៅផ្គត់ផ្គង់រាងកាយ។ ប៉ុន្ដែពេលយើងមានជំងឺស្លេកស្លាំងមួយនេះ កោសិកាឈាមក្រហមនឹងប្រែរូបរាងដូចជារាងកណ្តៀវ និងទៅជារួញហើយស្អិត។ រូបរាងមិនប្រក្រតីរបស់កោសិកាឈាមទាំងនេះ ធ្វើឲ្យកោសិកាឈាមក្រហមពិបាកធ្វើចលនាចូលក្នុងសរសៃឈាមតូចៗ បណ្ដាលឲ្យឈាមហូរយឺត ឬលែងហូរ ធ្វើឲ្យបាត់បង់ការដឹកនាំអុកស៊ីសែនទៅចិញ្ចឹមរាងកាយ ហើយចុងបញ្ចប់ នឹងធ្វើឲ្យខូចខាតដល់ជាលិការួមនិងសរីរាង្គ ដោយសារខ្វះឈាមទៅចិញ្ចឹម។
រោគសញ្ញាជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្ដៀវ ជាទូទៅបង្ហាញរោគសញ្ញា ស្លេកស្លាំងរ៉ាំរៃ
បេះដូងលោតញាប់ អស់កម្លាំង ហើមដៃ និងជើងដោយសារស្ទះសរសៃឈាម កើតលឿង ឈឺទ្រូង ពោះ សន្លាក់ និងឆ្អឹងធ្ងន់ធ្ងរ មានរយៈពេលពី ៣ ទៅ៤ ម៉ោង ទៅ ៣ ទៅ៤ សប្ដាហ៍។
ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជាជំងឺកើតតាំងពីកំណើត តែក្រោយអាយុ ៤ខែ ទើបចេញជារោគសញ្ញាថ្មី ផលវិបាកដែលបង្កឡើងដោយជំងឺ មានដូចជា ជំងឺតម្រងនោម និងភ្នែក ដំបៅជើង ដាច់សរសៃឈាមក្នុងខួរក្បាល និងបង្ករោគ ដូចជា រលាកឆ្អឹង រលាកសួត។ ក្នុងករណីធ្ងន់ធ្ងរ ខួរឆ្អឹងនឹងឈប់ផលិតកោសិកាឈាមក្រហមតែម្ដង។
មកទល់ពេលនេះ គេមិនអាចព្យាបាលជំងឺនេះជាដាច់នោះទេ គ្រូពេទ្យបានត្រឹមព្យាបាលទៅតាមរោគសញ្ញា និងបំបាត់ការឈឺចាប់ប៉ុណ្ណោះ។ បើយើង ឬកូនយើង មានការឈឺចាប់ខ្លាំងពេក ទោះបីប្រើប្រាស់ថ្នាំហើយក៏ដោយ នោះគ្រូពេទ្យនឹងប្ដូរទៅប្រើថ្នាំចាក់បំបាត់ការឈឺចាប់តាមសាច់ដុំ ឬសន្លាក់វិញ ដើម្បីទប់ប្រព័ន្ធប្រសាទកុំឲ្យរំញោចការឈឺចាប់។