តិចនិកពិនិត្យ និងស្ទាបសុដន់រកដុំមហារីកដោយខ្លួនឯង

    តិចនិកពិនិត្យ និងស្ទាបសុដន់រកដុំមហារីកដោយខ្លួនឯង

    ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងជាប្រចាំ​អាចកាត់​​បន្ថយហានិភ័យ​មហារីក​សុដន់​រីករាលដាល និងអាចជួយស្រ្តីព្យាបាល​​មហារីកសុដន់បានទាន់ពេល និងជោគជ័យ។ តើ​ស្រ្តី​អាចពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងបានដោយវិធីណា? ញឹកញាប់កម្រិត​ណា និង​នៅ​ពេលណា?

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រីជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីពេញវ័យគួរពិនិត្យ និងស្ទាបរកដុំមហារីកសុដន់​ដោយ​ខ្លួនឯង​ជាប្រចាំរៀងរាល់ខែ បន្ទាប់ពីមករដូវរួចស្អាតខ្លួន ៤ ទៅ ៦ ថ្ងៃ ព្រោះក្រោយពេលមករដូវ​ហើយ​លើសុដន់ស្រ្តីមិនមានភាពតឹង ឬរឹងដោយសារបំរែបំរួលអ័រម៉ូនមានការថយចុះទេ​។

    លោក​បន្ត​ថា ប្រសិនបើមានដុំ ឬដុំពកលើសុដន់ ស្រ្តីងាយនឹងស្ទាប ឬប៉ះដឹង តែប្រសិន​បើស្រ្តីពិនិត្យនៅពេល​ជិត​មករដូវ សុដន់ស្រ្តីអាចរីកធំ ឬឡើងតឹងដោយសារបំរែបំរួល​អ័រម៉ូន​ដែលធ្វើ​ឱ្យស្រ្តីមាន​ការពិបាក​ក្នុង​ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់។

    ស្រ្តីអាចធ្វើការពិនិត្យសុដន់ដោយមើលកញ្ចក់។ ប្រសិនបើស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តីត្រូវលើកដៃ​ខាង​ស្តាំ​ដាក់លើក្បាល ហើយយកម្រាមដៃខាងធ្វេងស្ទាបរកដុំកូនកណ្តុរ ឬដុំចាប់ពីក្រោមក្បៀក ហើយ​អូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់

    បន្ទាប់មកស្ទាបមើលដុំក្នុងសុដន់ដោយស្ទាបសុដន់ក្នុងចលនារង្វង់ពីចុងសុដន់រហូតដល់គល់សុដន់។ ជាចុងក្រោយ លោក វេជ្ជបណ្ឌិត​ថា ស្រ្តីត្រូវធ្វើការច្របាច់ចុងសុដន់ដើម្បីពិនិត្យមើលថាមានដុំ មានការហូរទឹករងៃ ឈាម ឬទឹកដោះដែរឬទេ?

    បន្ទាប់មកស្រ្តីត្រូវធ្វើការពិនិត្យសុដន់ខាងឆ្វេងទៀតដោយត្រូវលើកដៃខាងឆ្វេងដាក់លើក្បាល រួច​ធ្វើ​តាមការណែនាំដូចការពិនិត្យសុដន់ផ្នែកខាងស្តាំអ៊ឹចឹងដែរ​។

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ពេលពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួន​ឯង ស្រ្តីត្រូវសង្កេតរកមើល​រោគ​សញ្ញាមហរីកសុដន់ទាំង ១២ ដូចខាងក្រោម៖

    • ស្បែកសុដន់មានសភាពក្រាស់ ឬក្រាស់ឃ្មឹកដែលមិនមានភាពទន់រលោងដូចធម្មតា
    • ស្បែកសុដន់មានស្នាម ខួច ឬខូងចូលក្នុង
    • ចុងសុដន់មានសភាពស្ងួត រឹង ប្រេះ បែកស្រកា ឬឈឺ
    • លើសុដន់មានការរលាក ឡើងក្រហម ឬក្តៅ
    • ចុងសុដន់មានហូរទឹករងៃ ឈាម ឬទឹកដោះ (មិនមែនពេលបំបៅដោះ ឬមានផ្ទៃពោះ) ពេល​សង្កត់​លើ ឬច្របាច់
    • ស្បែកសុដន់ឈឺពេលប៉ះ
    • លើសុដន់មានដុំពក
    • លើសុដន់មានឡើងសរសៃឈាមធំៗខុសធម្មតា
    • ចុងសុដន់លិបចូលក្នុងទោះសង្កត់ហើយក៏មិនលៀនចេញវិញ (មិនមែនពីកំណើត)
    • សុដន់សងខាងប្រែប្រួលរូបរាង អាចរីកធំខុសធម្មតា ឬធំម្ខាងតូចម្ខាង
    • លើស្បែកសុដន់មានជាំដុំៗ
    • ស្បែកសុដន់មានសភាពដូចសំបកក្រូចពោធិ៍សាត់

    ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងអាចជួយឱ្យស្រ្តីរកឃើញមហារីកសុដន់នៅដំណាក់ដំបូង។ ប្រសិនបើស្រ្តីប្រទះឃើញ ឬសង្កេត​​ឃើញមានរោគសញ្ញាណាមួយ​ដូចលោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បាន​​​លើកឡើង ឬមានការសង្ស័យអ្វីមួយ គួរទៅ​ជួបគ្រូពេទ្យជាបន្ទាន់​​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យបានទាន់ពេលវេលា។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ស្រ្តីអាចធ្វើការពិនិត្យសុដន់ដោយមើលកញ្ចក់៖
    • ប្រសិនបើស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តីត្រូវលើកដៃខាងស្តាំដាក់លើក្បាល
    • ហើយយកដៃខាងធ្វេងស្ទាបរកដុំកូនកណ្តុរ ឬដុំចាប់ពីក្រោមក្បៀក រួចអូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់
    • បន្ទាប់មកស្ទាបមើលដុំក្នុងសុដន់ដោយស្ទាបសុដន់ក្នុងចលនារង្វង់ពីចុងសុដន់រហូតដល់គល់សុដន់
    • ជាចុងក្រោយ ស្រ្តីត្រូវធ្វើការច្របាច់ចុងសុដន់ដើម្បីពិនិត្យមើលថាមានដុំ មានការហូរទឹករងៃ ឈាម ឬទឹកដោះ
    • បន្ទាប់មកស្រ្តីត្រូវធ្វើការពិនិត្យសុដន់ខាងឆ្វេងទៀតដោយត្រូវលើកដៃខាងឆ្វេងដាក់លើក្បាល រួចធ្វើតាមការណែនាំដូចការពិនិត្យសុដន់ផ្នែកខាងស្តាំដែរ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ សុខ វណ្ណ · កែ 13/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម