សុដន់ម៉ាក់ៗសឹងតែអាចប្រែប្រួលចាប់តាំងពីម៉ាក់ៗមានផ្ទៃពោះនៅថ្ងៃដំបូងម្ល៉េះដោយសារការប្រែប្រួលអ័រម៉ូន ការកើនឡើងនៃលំហូរឈាម និងសារធាតុរាវក្នុងខ្លួនដែលធ្វើឱ្យសុដន់រីកធំ ហើម ឈឺ រមាស់ ឬចេញទឹកថ្លាៗ (ទឹកដោះដំបូង) ជាដើម។ ម៉ាក់ៗគួរធ្វើម៉េចដើម្បីកាត់បន្ថយអាការៈទាំងនេះ?
ម៉ាក់ៗអាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោមដើម្បីដោះស្រាយបញ្ហាមិនស្រួលសុដន់ក្នុងអំឡុងពេលពពោះ៖
១. បញ្ហាសុដន់រីកធំ
- ជ្រើសរើសអាវទ្រនាប់ដែលមានប៉ុងធំដែលអាចបាំងសុដន់បានល្អ និងមានដៃធំដែលអាចទ្រសុដន់បានល្អ
- ជ្រើសរើសអាវទ្រនាប់ធ្វើពីសាច់កប្បាសព្រោះអាចឱ្យខ្យល់ចេញចូលបាន
២. បញ្ហាឈឺសុដន់
ចៀសវាងពាក់អាវទ្រនាប់ប្រភេទមានប៉ុងកល់ទ្រូង ឬប្រភេទមានថ្នេររត់នៅពាក់កណ្តាល់ប៉ុងដែលអាចធ្វើឱ្យម៉ាក់ៗមិនស្រួលខ្លួន។ ចៀសវាងពាក់អាវទ្រនាប់មានកងដែកទ្រពីក្រោម ឬតូចជាងទំហំដើមទ្រូង ព្រោះអាចសង្កត់ថង់ផលិតទឹកដោះ និងរារាំងលំហូរឈាម (ដែលកើនឡើងក្នុងអំឡុងពេលពពោះ) និងបណ្តាលឱ្យឈឺ ឬរលាកសុដន់។ ចៀសវាងសម្អាតតំបន់ជុំវិញក្បាលសុដន់ជាមួយសាប៊ូ ព្រោះអាចបណ្តាលឱ្យស្ងួតស្បែក។ ម៉ាក់ៗគ្រាន់តែលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗទៅបានហើយ។ ចៀសវាងប៉ះ ឬការពារកុំឲ្យមានការបុកប៉ះត្រូវសុដន់ ពេលសិតសក់ ម៉ាក់ៗគួរពាក់អាវដើម្បីចៀសវាងប៉ះសុដន់ដោយចៃដន្យ ![សុដន់](https://cdn.hellokrupet.com/wp-content/uploads/2021/12/មហារិកសុដន់១.jpg)
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. បញ្ហារមាស់សុដន់
ក្នុងអំឡុងពេលពពោះសុដន់ម៉ាក់ៗអាចរមាស់ ព្រោះស្បែកសុដន់លាតសន្ធឹងដោយសារទំហំសុដន់រីកធំ ឬអាចឡើងកន្ទួលក្រោមសុដន់ដែលធ្វើឱ្យរមាស់ដែលកើតឡើងដោយសារការបែកញើស ការស្អុះស្អាប់ ឬការកកិតស្បែក ដូច្នេះម៉ាក់ៗ៖
- គួរងូតទឹកពីរដងក្នុងមួយថ្ងៃដើម្បីសម្អាតស្បែក
- ឧស្សាហ៍ជូតញើសក្រោមសុដន់
- លាបម្សៅដែលមានសារធាតុស័ង្គសី (zinc) ក្រោមសុដន់ដើម្បីជួយស្រូបសំណើម និងញើស
- ចៀសវាងងូតទឹកក្តៅឧណ្ហៗដែលធ្វើឱ្យស្ងួតស្បែក ព្រោះកាលណាស្បែកស្ងួត ស្បែកអាចរមាស់
- លាបក្រែមផ្តល់សំណើមលើស្បែកសុដន់បន្ទាប់ពីងូតទឹកជូតខ្លួនរួច (ម៉ាក់ៗអាចនឹងមានអារម្មណ៍ត្រជាក់ៗដែលធ្វើឱ្យកាន់តែស្រួលខ្លួន បើម៉ាក់ៗក្លាសេក្រែមផ្តល់សំណើមក្នុងទូរទឹកកកមុនលាប)
៤. ចេញទឹកថ្លាៗ (ទឹកដោះដំបូង)
នៅត្រីមាសទី ៣ ចុងសុដន់ម៉ាក់ៗអាចចេញទឹកថ្លាៗ (ទឹកដោះដំបូង) ដូច្នេះម៉ាក់ៗ៖
- អាចទ្រាប់ទ្រនាប់បន្ថែមនៅខាងក្នុងអាវទ្រនាប់ដើម្បីស្រូបទឹកដោះដំបូងដែលជ្រាបចេញ និងកុំឱ្យជ្រាបដល់អាវខាងក្រៅ។ ទ្រនាប់សម្រាប់ទ្រាប់មានពីរប្រភេទ គឺប្រភេទអាចបោកគក់បាន និងប្រភេទប្រើហើយបោះចោល។
- គួរដោះអាវទ្រនាប់ពីរបីដងក្នុងមួយថ្ងៃដើម្បីឱ្យមានខ្សល់ចេញចូលខ្លះ និងឱ្យសុដន់ស្ងួត (ប្រហែលបួនប្រាំនាទី)
សុដន់ប្រែជាធំក្នុងអំឡុងពេលពពោះកើតឡើងដោយសាររាងកាយម៉ាក់ៗត្រៀមខ្លួនដើម្បីផលិតទឹកដោះក្រោយពេលសម្រាលរួច។ ដូច្នេះម៉ាក់ៗអាចជ្រើសរើសពាក់អាវទ្រនាប់សម្រាប់ស្រ្តីពពោះដើម្បីឱ្យស្រួលខ្លួន។