ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ទោះ​មិន​មាន​ផ្ទៃ​ពោះ ឬ​កំពុង​មាន​ផ្ទៃ​ពោះ ជំងឺ​កាម​រោគ នៅ​តែ​ជា​សត្រូវ​គួរ​ឲ្យ​ខ្លាច​សម្រាប់​ស្រីៗ​គ្នា​យើង។ យ៉ាង​ណា ការ​​ឆ្លងកាម​រោគ​អំឡុង​ពេល​ពពោះ គឺកាន់​តែ​គ្រោះ​ថ្នាក់ ព្រោះអាច​ឆ្លង​ទៅ​ដល់​ភគ៌​ក្នុង​ផ្ទៃបាន បង្ក​ផល​ប៉ះពាល់ធ្ងន់ធ្ងរណាស់ កូនយើង​អាច​នឹង​រលូត សម្រាល​មុន​ខែ ឬមាន​បញ្ហា​ក្រោយ​សម្រាល។ ហេតុនេះ ស្រីៗ​កំពុង​ពពោះ គួរ​ស្វែង​យល់​ពី​ជំងឺ​កាម​រោគឲ្យ​បាន​ច្បាស់ ដើម្បី​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ។

១- ​ត្រូវ​ពិនិត្យ​រក​មើល​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ​ពេល​មាន​ផ្ទៃ​ពោះ​ដែរ​ទេ?

ជំងឺ​កាម​រោគ​ អាច​បង្ក​គ្រោះ​ថ្នាក់​នៅ​ពេល​មាន​ផ្ទៃ​ពោះ ដូច​នេះការ​ធ្វើ​តេស្ត​រក​ជំងឺ​នេះជា​​ញឹក​ញាប់​ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម​ នៅ​ពេល​គ្នា​យើង​ទៅ​ពិនិត្យ​ពោះ​ដំបូង។ ទោះ​បី​ជា​​ធ្លាប់​ធ្វើ​តេស្តទាំង​​នេះ​ពី​មុន​ក៏​ដោយ ក៏​តេស្តនៅ​​ត្រូវ​តែ​ធ្វើ​ម្ដង​ទៀត​ជា​ចាំ​បាច់ នៅ​ពេល​ដឹង​ថា​យើង​​មាន​ផ្ទៃ​ពោះ។ ជំងឺ​កាមរោគ​ជា​ច្រើន ​មិន​ចេញ​រោគ​សញ្ញា​ឲ្យ​​ឃើញ​ទេ ដូច​នេះ​ ​សំខាន់បំផុត ​ត្រូវ​ប្រាប់គ្រូ​ពេទ្យ​ពី​រោគ​សញ្ញា​យើង​​ធ្លាប់​មាន ឬ​សកម្មភាព​រួម​ភេទណា​មួយ គ្នា​យើង​​គិត​ថា​ប្រឈមឆ្លង​ជំងឺ​កាម​រោគ។

២- ជំងឺកាម​រោគ​​ប៉ះពាល់​​ការ​មាន​ផ្ទៃពោះ​ម៉េច​ខ្លះ?

ជំងឺ​កាម​រោគ អាច​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ការ​ពពោះ​យើង​បាន ហើយ​ផល​ប៉ះពាល់​ទាំង​នោះ គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​ជំងឺ​ដែល​បាន​ឆ្លង ខណៈ​ជំងឺឧស្សាហ៍​ឆ្លង​តាម​ការរួម​ភេទ​មានដូច​ជា៖

ជំងឺ​អេដស៍៖ អាច​ចម្លង​ទៅ​ទារក​ បាន​ក្នុង​អំឡូង​ពេល​មាន​ផ្ទៃ​ពោះ ពេល​ឈឺ​ពោះ​សម្រាល និង​ពេល​បំបៅ​ដោះ។ ជា​រឿង​ល្អមួយ​ ​បើ​គ្នា​យើង ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​មុន ​នោះ​អាច​មាន​វិធានការ​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​ដល់កូន​យើង​​បាន។

ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B៖ ​ទោះ​រលាក​ថ្លើម​ប្រភេទ B មិន​ត្រូវ​ចាត់​ទុក​ក្នុង​ចំណោម​ជំងឺ​កាម​រោគ​ក៏​ពិត​មែន ប៉ុន្តែ​វា​ងាយ​នឹង​ឆ្លង​តាម​ការ​រួម​ភេទ ហើយ​អាច​ឆ្លង​ពីម៉ាក់ៗ ​ទៅ​ភគ៌​​អំឡុង​ពេល​ពពោះដូច​គ្នា។ បើយើង​​ឆ្លង​ជំងឺ​នេះ អំឡុង​​កាន់​តែ​កៀក​ពេល​សម្រាល កូន​យើង ​ក៏​ប្រឈម​នឹង​កើត​ជំងឺនេះ​ដូច​គ្នា។ គភ៌​ប្រហែល​ជា​មាន​សុខភាព​ល្អ ​បើ​សិន​ដឹង​ថា​បាន​ឆ្លង​ជំងឺ​នេះ ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ​ក្រោយសម្រាល។

ជំងឺ​ប្រមេះ​ទឹក​ថ្លា (Chlamydia​)៖ បើ​គ្នាយើង​ឆ្លង​ជំងឺ​នេះ ហើយ​មិន​បាន​ព្យាបាល​ទេ​ អាច​បណ្ដាលឲ្យ​កូន​កើត​មក​មិន​គ្រប់​ខែ បែក​ទឹក​ភ្លោះ​មុន​កំណត់ និង​ទារក​ខ្វះ​ទម្ងន់ ជាដើម។ ជំងឺ​ប្រមេះ​ទឹក​ថ្លា ​អាច​ឆ្លង​ពីម៉ាក់ៗ ​ទៅ​គភ៌អំឡុង​​ពេល​សម្រាល។

ជំងឺ​ស្វាយ៖ ​ពេល​កំពុង​ពពោះ បើ​យើង​ឆ្លង​ជំងឺ​ស្វាយ ត្រូវ​ដឹង​ថា​ ខ្លួនយើង​នេះ​ហើយ ជា​អ្នក​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​ កើត​មក​ស្លាប់​ ឬស្លាប់តាំង​ពី​នៅ​ក្នុង​ពោះ​ ​ជួនកាល​ស្លាប់​ក្រោយពេល​កើតក៏មាន​។ ការ​ចម្លង​រោគ​ជា​រឿយៗ ​កើតឡើង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ហើយ​គភ៌​មិនបាន​ព្យាបាល​ ទោះ​មិន​ស្លាប់ ក៏អាច​មាន​បញ្ហា​ពិការ​សរីរាង្គទៀត​ផង។

អត្ថបទ​ពាក់ព័ន្ធ៖

៣- ជំងឺ​កាម​រោគ​ត្រូវ​បាន​ព្យាបាលដោយ​វិធីណា?

ថ្នាំ​អង់ទីប្យូទិក​ អាច​ព្យាបាល​ជំងឺ​កាមរោគ​បាន​មួយ​ចំនួន ដូចជា​ ជំងឺ​ប្រមេះ​ទឹក​ថ្លា (Chlamydia​) និង ជំងឺ​ស្វាយ (Syphilis) ​តែ​មិន​អាច​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B, C ​និង​វីរុស HIV ​បាន​ទេ​។​ យ៉ាងណា​ក៏ដោយ​ ថ្នាំ​ប្រឆាំង​វីរុស ​អាច​ជួយ​កាត់​បន្ថយ​ការ​ចម្លង​រោគ​មួយ​កម្រិត។

៤- ធ្វើ​យ៉ាង​ណា​ទើប​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ឆ្លង​ជំងឺបាន?

– ចៀស​វាងរួមភេទពេល​ពពោះ ឬ​រួមភេទ​ដោយការ​ពារ (ជំងឺថ្លើមប្រភេទ B ទោះ​ប្រើស្រោម​អនាម័យ​ក៏​អាច​ឆ្លង​បាន​ដែរ)។
– រក្សា​ទំនាក់ទំនង​ស្នេហ៍​ស្មោះ​ជាមួយ​ដៃគូគ្មាន​មេ​រោគ។
– ចៀស​វាង​រួមភេទ​ជាមួយ​ដៃគូ​ថ្មី​ ដែល​​មិនទាន់​បាន​ធ្វើ​តេស្ដ​រក​ជំងឺឆ្លង​កាមរោគ។

រាល់​ពេល​រួម​ភេទ​ត្រូវ​ប្រើ​ស្រោមអនាម័យ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រោគ។ ត្រូវ​ប្រើ​ស្រោម​អនាម័យ​ថ្មី​ជានិច្ច​ពេល​រួម​ភេទ​ម្ដងៗ ទោះ​ជារួម​ភេទ​តាម​មាត់ តាម​គូទ ឬ​តាម​ទ្វារមាស ក៏​ដោយ។ មិន​ត្រូវ​ប្រើ​ទឹក​រំអិល ​ប្រេង​ជាមួយ​ស្រោម​អនាម័យ ប្រភេទ Latex ទេ ហើយ​ស្រោមអនាម័យ​ផលិត​ពី​ភ្នាស​ធម្មជាតិ​ ក៏​មិន​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​តាម​ការ​រួមភេទបាន​ដែរ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 3, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 8, 2019

អ្នកអាចចូលចិត្ត