អាស៊ីដហ្វូលិក ជាអ្វី? សំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រី មុន និងកំពុងពពោះ?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្រីៗ​ដែល​ធ្លាប់​ពពោះ​ប្រហែល​ជា​បាន​ដឹង​អំពី​អាស៊ីដហ្វូលិក​ហើយ តែ​មួយ​ចំនួន​ទៀត ពិសេស​ស្រីៗ​កំពុង​ត្រៀម​យក​កូន ប្រហែល​ជា​ពុំ​បាន​ដឹង​អំពី​អត្ថ​ប្រយោជន៍​របស់​អាស៊ីដ​ហ្វូលិក​នោះ​ទេ។ អ៊ីចឹង ថ្ងៃនេះ Hello គ្រូពេទ្យ​ នឹង​បកស្រាយ​លម្អិត​អំពី​អាស៊ីដ​ហ្វូលិក និង​ភាព​ចាំបាច់​នៃ​អាស៊ីដ​ហ្វូលិក​ចំពោះ​ស្ត្រី​ពពោះ និង​គភ៌ ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

១- អ្វី​ទៅ​ជា​អាស៊ីដ​ហ្វូលិក?

អាស៊ីដ​ហ្វូលិក សំយោគ​ចេញ​ពី​ពពួក​វីតាមីន B ម្យ៉ាង ឈ្មោះថា ហ្វូឡាត។ ហ្វូឡាត ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម និង​ជួយ​ឲ្យ​បំពង់​សរសៃ​ប្រសាទ​របស់​ទារក​វិវត្ត​ទៅ​ជា​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។

២- អាស៊ីដ​ហ្វូលិក​សំខាន់​ប៉ុនណា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ?

តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ​មាតា អាស៊ីដ​ហ្វូលិក​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ក្នុង​ផ្ទៃ។ កាលណា​ស្ត្រី​ពពោះ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​មិន​គ្រប់​គ្រាន់​​ទេ គភ៌​អាច​ប្រឈម​នឹង​ជំងឺ​ឆ្អឹង​កង​ខ្នង​របើក អាច​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​តាម​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​ខួរ​ក្បាល​លូត​លាស់​មិន​ពេញ​លេញ ទៅ​ជា​តូច​ខុស​ប្រក្រតី ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល។

៣- ត្រូវ​លេប​អាស៊ីដ​ហ្វូលិក​នៅ​ពេល​ណា?

ស្រីៗ​ភាគ​ច្រើន​ប្រហែល​ជា​គិត​ថា អាស៊ីដ​ហ្វូលិក​ត្រូវ​ការ​តែ​ពេល​ពពោះ​ប៉ុណ្ណោះ ហើយមុន​ពេល​ពពោះ មិន​ចាំបាច់​នោះ​ទេ។ តែ​ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ថា ស្រីៗ​ត្រូវ​ញ៉ាំ​​អាស៊ីដ​ហ្វូលិករៀងរាល់ថ្ងៃ ​ទាំង​មុន​ពេល​ពពោះ (៣​ខែ ​មុន​ពេល​មាន​កូន) និងអំឡុង​ពពោះ (រហូត​ដល់​គភ៌​អាយុ ១២ សប្តាហ៍)។ ការ​ទទួល​បាន​អាស៊ីដ​ហ្វូលិក​គ្រប់​គ្រាន់​តាំង​ពី​​មុន​ពេល​មាន​ផ្ទៃពោះ និង​អំឡុង​ពេល​មាន​ផ្ទៃពោះ (ក្នុងរយៈពេល ១២ សប្ដាហ៍​ដំបូង​នៃ​ការ​ពពោះ) មិន​ត្រឹម​តែ​អាច​ជួយ​ការពារ​មិន​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ទារក​ក្នុងផ្ទៃ​​​លូត​លាស់​ខុស​ប្រក្រតី​នោះ​ទេ ថែម​ទាំង​អាច​បង្ការ​ហានិភ័យ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖
– កូន​រលូត
– កូន​សម្រាល​មុន​ខែ
– កូន​កើត​មិន​គ្រប់​គីឡូ
– ជំងឺ​បេះដូង​ពី​កំណើត
– គភ៌​លូតលាស់​យឺត
– ជំងឺ​បម្រុង​ក្រឡា​ភ្លើង
– ជំងឺ​បេះដូង
– ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។​

៤- បរិមាណ​អាស៊ីដ​ហ្វូលិក​ស្ត្រី​ពពោះ​ត្រូវ​ការ

– ញ៉ាំ​អាស៊ីដ​ហ្វូលិក ៤០០ មីក្រូក្រាម/ថ្ងៃ ចាប់​ពី ៣ ខែ មុន​យក​កូន រហូត​ដល់​គភ៌អាយុ​ ១២ សប្តាហ៍។
– ចំពោះ​ស្ត្រី​ដែល​មាន​ប្រវត្តិ​ឆ្អឹង​កង​ខ្នង​កូន​របើក ឬ​មាន​ជំងឺ​ឆ្កួត​ជ្រូក ត្រូវ​បង្កើន​បរិមាណ​អាស៊ីដហ្វូលិក ៤-៥ មីក្រូក្រាម/ថ្ងៃ ច្រើន​ជាង​ស្ត្រី​ធម្មតា។

៥- អាស៊ីដ​ហ្វូលិក​មាន​នៅ​ក្នុង​អីខ្លះ?

ក្រៅ​ពី​​មានក្នុងថ្នាំវីតាមីន អាស៊ីដ​ហ្វូលិក ក៏​មាន​នៅ​ក្នុង​អាហារ​ផង​ដែរ ដូច​ជា ​មាន​នៅ​ក្នុង​បន្លែ​បៃតង​ចាស់ ស្ពៃពួយឡេង គ្រាប់​សណ្តែក​គ្រប់​មុខ ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ើរ ថ្លើមគោ ស៊ុត ជាដើម។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 14, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 14, 2019

អ្នកអាចចូលចិត្ត