backup og meta

​លម្អិតវិធីធ្វើ​តេស្ត​មាន​​ផ្ទៃ​ពោះ​ ស្រីៗអាចធ្វើ​ខ្លួន​ឯង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Feb 17, 2021

    ​លម្អិតវិធីធ្វើ​តេស្ត​មាន​​ផ្ទៃ​ពោះ​ ស្រីៗអាចធ្វើ​ខ្លួន​ឯង​

    បាត់រដូវភ្លាម គ្នាយើងច្បាស់ជាសង្ស័យនេះសង្ស័យនោះ។ អ្នកមានគ្រួសាររួច អាចភ័យអរ តែស្រីៗនៅលីវ អាច​ភ័យ​បុក​ពោះ​តែ​ម្ដង។ បើ​ចង់ដឹងមានផ្ទៃពោះ ឬគ្មាន មិនចាំបាច់ទៅដល់ពេទ្យនោះទេ ស្រីៗយើងអាចតេស្តទឹកនោមនៅផ្ទះក៏បាន ងាយស្រួល និងរក្សាការសម្ងាត់ទៀត។ “Hello គ្រូពេទ្យ” នឹងណែនាំគ្នាយើងវិធីងាយៗធ្វើតេស្តផ្ទៃពោះ។

    ១- គួរធ្វើតេស្តពេលណា?

    ចង់បានលទ្ធផលច្បាស់ គួរចាំយ៉ាងតិចណាស់ឲ្យបាន ១ សប្តាហ៍ បន្ទាប់ពីថ្ងៃបាត់រដូវ។ ធ្វើតេស្តលឿនពេក លទ្ធផលអាចខុស ពេលខ្លះមានផ្ទៃពោះ តែលទ្ធផលបែរជាអវិជ្ជមាន។

    មួយទៀត គួរធ្វើតេស្តនៅពេលព្រឹក ព្រោះជាពេលកំហាប់អ័រម៉ូនក្នុងទឹកនោមឡើងខ្ពស់។

    ២- លទ្ធផលតេស្ត អាចជឿបានអត់?

    តេស្តផ្ទៃពោះអាចធ្វើបាន ២ របៀប គឺតេស្តទឹកនោមនៅផ្ទះ និងតេស្តឈាមនៅមណ្ឌលសុខភាព។ លទ្ធផលធ្វើតេស្តទឹកនោម អាចទុកចិត្តបាន ៩៩% ខណៈលទ្ធផលធ្វើតេស្តឈាម គឺច្បាស់តែម្ដង។

    យ៉ាងណា លទ្ធផលតេស្ត អាស្រ័យទៅលើ៖

    – ធ្វើត្រឹមត្រូវតាមការណែនាំ

    – រយៈពេលអំប្រ៊ីយ៉ុងតោងជាប់ជញ្ជាំងស្បូនឆាប់រហ័ស

    – រយៈពេលធ្វើតេស្ត (តេស្តក្នុងសប្តាហ៍ទីប៉ុន្មាននៃគភ៌)

    – គុណភាពផលិតផលតេស្ត។

    ករណីកម្រមួយចំនួន លទ្ធផលតេស្តនឹងខុស បើមានវត្តមានរបស់ប្រូតេអ៊ីន ឬក៏ឈាមនៅក្នុងទឹកនោម។ លទ្ធផលអាចខុសដូចគ្នា បើស្ត្រីកំពុងតែប្រើថ្នាំណាមួយ។

    តេស្តមានផ្ទៃពោះ

    ៣- របៀបធ្វើតេស្តដោយខ្លួនឯង

    ធ្វើតេស្តផ្ទៃពោះខ្លួនឯង មានភាពងាយស្រួល មិនចំណាយពេលយូរ គ្រាន់តែធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ខណៈវិធីសាស្ត្រប្រើឧបករណ៍តេស្ត មាន៖

    – អាចជ្រើសរើសវិធីណាមួយយើងគិតថាងាយស្រួល ដូចជា នោមដាក់ក្នុងពែងពេលព្រឹក បន្ទាប់មកយកឧបករណ៍ពិនិត្យ​ទឹក​នោមជ្រលក់ ឬអាចដាក់ឧបករណ៍ពិនិត្យក្នុងចានបង្គន់ ឬក៏នោមដាក់ក្នុងពែង (ឬរកអីត្រង) ហើយបន្តក់ទឹកនោមនោះ ២-៣ តំណក់លើឧបករណ៍ ជាការស្រេច។

    រង់ចាំប្រហែល ៥ នាទី ចាំពិនិត្យលទ្ធផល៖ ដោយសារប្រភេទតេស្តខុសៗគ្នា រូបភាពលទ្ធផលក៏ទម្រង់ខុសៗគ្នាដែរ។ បើសិនលទ្ធផលវិជ្ជមាន ទម្រង់រូបភាពលើឧបករណ៍ពិនិត្យមានចេញ​ឆ្នូត ២ ខ្សែ មានពណ៌ ឬមានសញ្ញា “+”។

    ចំពោះឧបករណ៍ធ្វើតេស្តប្រើថ្ម ឧបករណ៍នឹងបញ្ចេញសំឡេងបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន។

    ៤- ក្រោយដឹងលទ្ធផល គួរធ្វើអ្វីតទៀត?

    បើ​លទ្ធផលវិជ្ជមាន គួរទៅមណ្ឌលសុខភាពដើម្បីបញ្ជាក់លទ្ធផលឲ្យបានច្បាស់ ទទួលការប្រឹក្សាពីគ្រូពេទ្យ និងតាមដានបន្ត។ បើលទ្ធផលអវិជ្ជមានវិញ ប៉ុន្តែគ្នាយើងនៅតែជឿជាក់ថាមានផ្ទៃពោះ គួរទៅមណ្ឌលសុខភាពដើម្បីធ្វើតេស្តឈាមបញ្ជាក់ឲ្យសុក្រឹត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Feb 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម