ជាទូទៅ អាការៈក្អកស្ងួត អំឡុងពេលមានគភ៌បណ្ដាលឲ្យយើងពិបាកដកដង្ហើម ហើយអាចឈានដល់ស្ថានភាពគ្រោះថ្នាក់ដទៃទៀតដូចជាគ្រុនក្ដៅជាដើម។ ក្រៅពីរំខានដល់ដំណេក និងកិច្ចការប្រចាំថ្ងៃ អាការៈក្អកស្ងួតអាចបង្កជាបញ្ហាផ្សេងៗទៀត ប្រសិនបើយើងមិនអើពើ។ ដោយសារតែប្រព័ន្ធភាពស៊ាំកាន់តែខ្សោយទៅៗ អំឡុងពេលពពោះ ម៉ាក់ៗគប្បីកំណត់ឲ្យបានច្បាស់លាស់ពីមូលហេតុបង្កអាការៈក្អកស្ងួត និងវិធីព្យាបាលឲ្យបានទាន់ពេលវេលា។
ហេតុអ្វីស្ត្រីពពោះងាយប្រឈមនឹងការក្អកស្ងួត?
ស្ត្រីពពោះងាយប្រឈមនឹងការក្អកដោយសារតែមូលហេតុផ្សេងៗ ហើយការកើនឡើងនៃកម្រិតអ័រម៉ូនOestrogen គឺជាកត្តាចម្បងមួយ។ ជាមួយគ្នានេះដែរ ប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយ នៅអំឡុងពេលមានគភ៌ ដែលធ្វើឲ្យប្រព័ន្ធការពារធម្មជាតិរបស់រាងកាយខ្សោយ នឹងងាយកើតអាលែកហ្ស៊ី និងក្អក។
មូលហេតុនៃអាការៈក្អកស្ងួតកើតចំពោះស្ត្រីពពោះ?
មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យស្ត្រីពពោះក្អកស្ងួត មូលហេតុសំខាន់ៗទាំងនេះរួមមាន៖
- អាលែកហ្ស៊ី៖ នៅពេលដែលប្រព័ន្ធភាពស៊ាំនៃរាងកាយចុះខ្សោយ ម៉ាក់ៗនឹងងាយប្រឈមនឹងបញ្ហាអាលែកហ្ស៊ី។ មេរោគអាចចូលទៅក្នុងរាងកាយតាមរយៈច្រមុះ ឬមាត់ ហើយធ្វើឲ្យយើងពិបាកដកដង្ហើម ឬក្អកស្ងួត។
- ជំងឺហឺត៖ ប្រសិនបើម៉ាក់ៗមានជំងឺហឺត គឺងាយនឹងកើតមានអាការៈក្អកស្ងួតនៅអំឡុងពេលមានគភ៌ណាស់។
- ជំងឺរលាកច្រមុះ ៖ ជំងឺពាក់ព័ន្ធនឹងការមានគភ៌ ដូចជាជំងឺរលាកច្រមុះអាចបណ្ដាលឲ្យហើមភ្នាសរម្អិល ដែលអាចបង្កឲ្យកើតមានអាការៈក្អកស្ងួត។
- ប្រព័ន្ធភាពស៊ាំទាប៖ អាចធ្វើឲ្យស្ត្រីមានគភ៌ងាយកើតអាលែកហ្ស៊ី និងឆ្លងមេរោគផ្សេងៗ ដូចនេះហើយទើបនាំឲ្យកើតមានអាការៈក្អកស្ងួត។
- ក្រហាយទ្រូង៖ ការចាល់អាស៊ីដ ឬក្រហាយទ្រូង គឺជាអាការៈដែលកើតមានជាទូទៅនៅអំឡុងពេលមានគភ៌។ កត្តានេះក៏អាចរួមចំណែកដល់ការក្អកស្ងួតផងដែរ។
រោគសញ្ញានៃការក្អកស្ងួត
មានរោគសញ្ញាមួយចំនួនដែលនឹងលេចឡើង នៅពេលដែលម៉ាក់ៗមានអាការៈក្អកស្ងួត។
- ពិបាកដកដង្ហើម និងតឹងច្រមុះ
- ក្អួតចង្អោរ
- គេងមិនលក់ និងពិបាកក្នុងការគេង
![ក្អកស្ងួត២](https://cdn.hellokrupet.com/wp-content/uploads/2021/04/ក្អកស្ងួត២.jpg)
វិធីសាស្ត្រដោះស្រាយបញ្ហាក្អកស្ងួត អំឡុងពេលមានគភ៌
ម៉ាក់ៗគប្បីបញ្ចូលរបបអាហារដែលសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ។ ពិតណាស់ អាហារដែលសំបូរទៅដោយជាតិស័ង្កសីក៏ជួយបង្កើនភាពស៊ាំ ព្រមទាំងកាត់បន្ថយអាការៈក្អកស្ងួតបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ស្ត្រីពពោះគប្បីញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំប្រភេទអាហារដែលសំបូរទៅដោយវីតាមីនC ដូចជាផ្លែឃីវី ប៉េងប៉ោះ ក្រូច ឬទំពាំងបាយជូរជាដើម។ ការញ៉ាំសេរ៉ូក្អកអំឡុងពេលពពោះក៏ជាមធ្យោបាយដោះស្រាយបញ្ហាក្អក និងឈឺបំពង់កផងដែរ។
បន្ថែមពីនេះ ម៉ាក់ៗក៏អាចអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖
គេងឲ្យបានគ្រប់គ្រាន់ ញ៉ាំទឹកក្រូចស្រស់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ ងូតទឹកក្ដៅឧណ្ហៗ ញ៉ាំទឹកស៊ុប តែក្ដៅឧណ្ហៗ ហាត់ប្រាណជាទៀងទាត់ ញ៉ាំទឹកឲ្យបានច្រើន ញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗ