សម័យនេះ ដោយសារបច្ចេកវិទ្យាក្នុងវិស័យវេជ្ជសាស្ត្រកាន់តែទំនើប ស្រីៗច្បាស់ជាមិនចង់សម្រាលកូនតាមធម្មជាតិនោះទេ។ អ្នកមានជីវភាពធូរធារ ប្រាកដជាជ្រើសវិធីសម្រាលដោយវះកាត់មិនខាន ប៉ុន្តែត្រូវដឹងថា លើកលោកនេះ គ្រប់យ៉ាងមានគុណសម្បត្តិ តែមានគុណវិបត្តិ ពិសេសបើវ័យយើងកាន់តែចាស់ ហានិភ័យប្រឈមសម្រាលដោយវះកាត់កាន់តែខ្ពស់។
ការសិក្សាថ្មី ទើបចេញផ្សាយ លើកាសែតនៃសមាគមវេជ្ជសាស្ត្រកាណាដា (CMAJ) បង្ហាញថា ស្រីៗអាចជួបផលវិបាកសម្រាលកូនដោយវះកាត់ ជាងសម្រាលតាមធម្មជាតិ ពិសេសម៉ាក់ៗមានវ័យកាន់តែចាស់ ហានិភ័យកាន់តែខ្ពស់។
អត្រាសម្រាលកូនដោយវះកាត់ក្នុងប្រទេសអភិវឌ្ឍន៍ កើនឡើងដល់ជាង ២០% ទោះបីជាអង្គការសុខភាពពិភពលោក ណែនាំឲ្យធ្វើការសម្រាលដោយវះកាត់ត្រឹមតែ ១០-១៥ ភាគរយ ចំពោះម៉ាក់ៗ ឬកូន ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយ ព្រោះវះកាត់អាចសង្រ្គោះជីវិត ប៉ុន្ដែក៏អាចប្រឈមការឆ្លងជំងឺ ហូរឈាមច្រើន និងបំផ្លាញសរីរាង្គបន្ដពូជផងដែរ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ការសិក្សាថ្មីៗ គឺចង់ដឹងកាន់តែច្បាស់ តើមានផលវិបាកញឹកញាប់ប៉ុនណាបង្កដោយការវះកាត់សម្រាលកូន ហើយបញ្ហាអ្វីខ្លះ ទើបស្រីៗជាច្រើនសម្រេចចិត្តសម្រាលដោយវះកាត់ជាជាងសម្រាលតាមធម្មជាតិ?
ការសិក្សាធ្វើឡើងលើស្រីៗ ១.៤៤៤ នាក់ មានផលវិបាកធ្ងន់ធ្ងរសម្រាលកូនដោយវះកាត់រួច ទាំងពីមុនគ្មានបញ្ហាសុខភាពនោះ ខណៈសិក្សានេះក៏ពិនិត្យលើស្រីៗ ៣.៤៦៤នាក់ មិនជួបផលវិបាកក្រោយសម្រាលដូចគ្នា។ ជាលទ្ធផល រកឃើញថា សម្រាលដោយវះកាត់ មានអត្រា ៨០% ជួបផលវិបាក ជាងសម្រាលតាមធម្មជាតិ។
លើសពីនេះ ស្រីៗ អាយុលើស ៣៥ ឆ្នាំសម្រាលដោយវះកាត់ អាចជួបផលវិបាកធ្ងន់ធ្ងរ ៣ ដង ខ្ពស់ជាស្រីៗមានវ័យទាបជាងនេះ ព្រោះនៅពេលយើងអាយុច្រើន សាច់ដុំស្បូនបាត់បង់សមត្ថភាពកន្រ្ដាក់ នាំឲ្យហូរឈាមច្រើនក្រោយការវះកាត់ ដែលករណីហូរឈាមច្រើននេះ មានកើតឡើងចំពោះស្រីៗសម្រាលដោយវះកាត់ដល់ទៅ ៨៥ ភាគរយឯណោះ ខណៈស្រីៗវ័យក្រោម ២៥ ឆ្នាំ សម្រាលដោយវះកាត់ មានអត្រាជួបផលវិបាក ខ្ពស់ជាងស្រីៗសម្រាលតាមធម្មជាតិដល់ទៅ ៦០ ភាគរយ។
លទ្ធផលនេះ បង្ហាញថា ស្រីៗ គួរប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តសម្រាលដោយវះកាត់ លើកលែងស្ថិតក្នុងករណីចាំបាច់ មានគ្រោះថ្នាក់ចំពោះម៉ាក់ៗ ឬកូនប៉ុណ្ណោះ។