របបអាហារសម្រាប់ម៉ាក់ៗសម្រាលកូនរួច ត្រូវតែយកចិត្តទុកដាក់ជាងរបបអាហារមនុស្សធម្មតា។ អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ពីប្រភេទអាហារស្រីៗកូនខ្ចីគួរញ៉ាំ និងមិនគួរញ៉ាំ។
១. អាហារមិនគួរញ៉ាំ
– អាហារហឹរ៖ ម៉ាក់ៗមិនគួរញ៉ាំអាហារហឹរ ព្រោះវាអាចប៉ះពាល់ដល់កូន នៅពេលកូនបៅទឹកដោះ។ ណាមួយអាហារបែបនោះ អាចប៉ះពាល់ដល់ក្រពះ-ពោះវៀននិងអាចធ្វើឲ្យកូនរាករូស ទៀតផង។
– អាហារមានជាតិខ្លាញ់៖ អាហារមានជាតិខ្លាញ់ គួរតែចៀសវាងសិន ព្រោះវាមិនល្អចំពោះក្រពះ និងពោះវៀនឡើយ។
– អាហារក្រៀមក្រោះ៖ ត្រី-សាច់ប្រឡាក់ ហើយយកទៅអាំង ឬចៀន គ្មានបន្លែ គ្មានទឹកនោះ ស្រ្តីបំបៅដោះកូនគួរតែចៀសវាងដែរ ព្រោះវាមិនមានជីវជាតិសម្រាប់ទ្រទ្រង់រាងកាយយើង និងធ្វើឲ្យសម្បូរទឹកដោះឡើយ។
– អាហារផ្អាប់៖ញ៉ាំអាហារផ្អាប់ អាចនាំឲ្យម៉ាក់ៗរាករូស ពុល ក្អួតចង្អោរ ប៉ះពាល់ក្រពះធ្វើឲ្យឈឺនិងចុក បាន ហើយកត្តានេះមិនត្រឹមតែខ្លួនយើងប៉ុណ្ណោះទេ កូនក៏អាចរាកបានដូចគ្នា។
![សម្រាលកូន](https://cdn.hellokrupet.com/wp-content/uploads/2020/02/shutterstock_1392596546.jpg)
២. អាហារគួរញ៉ាំ
– អាហារមានជាតិទឹក៖ អាហារដែលល្អសម្រាប់ស្ត្រីសម្រាលកូនរួច ត្រូវតែជាពពួកអាហារមានជាតិទឹកគ្រប់គ្រាន់ ដូចជាសម្ល ឬស៊ុប ដែលមានទាំងត្រី សាច់ ស៊ុត និងបន្លែលាយបញ្ចូលគ្នា ដើម្បីបង្កើនដល់ការផលិតទឹកដោះ។
– ទឹក៖ ទោះជាញ៉ាំអាហារជាតិទឹកគ្រប់គ្រាន់ល្អក៏ពិតមែន តែកុំភ្លេចញ៉ាំទឹកឲ្យបាន ២ លីត្រយ៉ាងតិច ដើម្បីងាយស្រួលដល់ការបន្ទោបង់។
សម្រាប់ម៉ាក់ៗដោយវះកាត់វិញ ក្រោយសម្រាល ៥-៦ ម៉ោងប៉ុណ្ណោះអាចញ៉ាំបាន ជាប្រភេទអាហារទន់ៗ ហើយមុនអាហារ ៣ ម៉ោងអាចញ៉ាំទឹកសិន ដើម្បីឲ្យមានកម្លាំងកំហែងក្នុងខ្លួន។ តែសម្រាប់ម៉ាក់ៗសម្រាលធម្មជាតិអាចញ៉ាំអាហារបាន ពេលដឹងថាខ្លួនហេវហត់។