ឧស្សាហ៍ឈឺពេលអាកាសធាតុប្រែប្រួល អាចសាកតិចនិកទាំង ៤នេះ

    ឧស្សាហ៍ឈឺពេលអាកាសធាតុប្រែប្រួល អាចសាកតិចនិកទាំង ៤នេះ

    ការប្រែប្រួល​អាកាសធាតុ​​ភ្លាម​ៗ អាច​នាំ​ឲ្យ​មាន​ការ​រាលដាល​នៃ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ ដូចជា​គ្រុន​ក្ដៅ​ធ្ងន់ធ្ងរ តឹង​ច្រមុះ រមាស់​ក រលាក​ស៊ីនូស​ក្នុង​ច្រមុះ ឬ​អាលែកហ្ស៊ី​ជា​ដើម។ បន្ថែម​ពី​នេះ ខ្យល់​ត្រជាក់​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ផ្ដាសាយធម្មតា​ និង​ជំងឺ​ផ្ដាសាយ​ធំ​ផង​ដែរ។ ហេតុនេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​​នៅ​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល គ្នា​យើង​គួរ​អនុវត្ត​តាម​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។

    ១. រក្សា​អនាម័យ​​ឲ្យ​បាន​ល្អ​

    ការ​រក្សា​អនាម័យ​ឲ្យ​បាន​​ខ្ជាប់ខ្ជួន មាន​សារៈសំខាន់​ណាស់​ ដើម្បី​​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ។ ពិត​ណាស់​ ដៃ​​​​ជា​ប្រភព​នៃ​មេរោគ​​ជា​ច្រើន​ និង​បណ្ដាល​ឲ្យ​មាន​ការ​បង្ក​រោគ​នៅ​ពេល​ដែល​យើង​​ប៉ះ​ភ្នែក​ ត្រចៀក​ និង​មាត់​។ ដូច្នេះ​ហើយ​ យើង​គួរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ និង​ទឹក​ ឬ​ជែល​លាង​ដៃ។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. ខ្ពុរ​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​

    ដូច​គ្នា​នេះ​ដែរ ការ​ខ្ពុរ​មាត់​​​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​​យ៉ាង​មាន​ប្រសិទ្ធភាព។ ប្រសិនបើ​យើង​ខ្ពុរ​មាត់​ជា​ប្រចាំ​ នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ក៏​រឹងមាំ ព្រម​ទាំង​អាច​ជួយ​ប្រឆាំង​នឹង​មេរោគ​ខាង​ក្រៅ​បាន​​ផង​ដែរ។ បន្ថែម​ពី​នេះ គ្នា​យើង​គួរ​តែ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ជាង​ទឹក​ត្រជាក់​ ពីព្រោះ​ទឹក​ក្ដៅ​​អាច​ជួយ​សម្លាប់​មេរោគ​​។

    ​៣. ហាត់ប្រាណ​ជា​ទៀងទាត់

    ការ​ហាត់ប្រាណ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង ដូចជា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ បញ្ចៀស​បញ្ហា​បេះដូង ឬ​ធាត់​ជ្រុល​ជា​ដើម។ លើស​ពី​នេះ ការ​ហាត់ប្រាណ​ក៏​ជួយ​​បង្ការ​ជំងឺ​ផ្ដាសាយ​ធម្មតា គ្រុន​ផ្ដាសាយ​ធំ​ ឬ​គ្រុន​ក្ដៅ​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ (ហាត់​ប្រាណ​រយៈពេល​៤៥​នាទី​ក្នុង​មួយ​ថ្ងៃ និង​៣​ទៅ​៥​ដង​ក្នុង​មួយ​សប្ដាហ៍) មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ខាង​លើ។

    ​​​៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់

    ​នៅ​ពេល​ដែល​យើង​គេង​មិន​គ្រប់គ្រាន់​ ឬ​មិន​ស្កប់ស្កល់​ នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ក៏​ចុះ​ខ្សោយ​​ដូច​គ្នា ហើយ​ថែម​ទាំង​​មិន​អាច​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ ឬ​គ្រុន​ក្ដៅ​បាន​ទៀត​ផង។ ដូច​នេះ យើង​គួរ​តែ​គេង​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ទើប​ជា​ការ​ប្រសើរ។

    ចំណុចសំខាន់

    នៅពេលអាកាសធាតុប្រែប្រួល គ្នាយើងងាយនឹងកើតជំងឺផ្សេងៗជាច្រើន ដូចជាគ្រុនក្តៅ តឹងច្រមុះ ហៀរសំបោរ រមាស់ក ឬអាលែកហ្ស៊ីជាដើម។ ដូច្នេះ ដើម្បីបង្ការ​បញ្ហាទាំងនេះ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ យើ​ងគួរ​តែ៖
    • ឧស្សាហ៍​លាង​សម្អាត​ដៃ
    • ខ្ពុរ​មាត់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ
    • ហាត់ប្រាណ​ជា​ទៀងទាត់
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 31/10/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម