វិបត្តិរំលាយអាហារ ជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រួសារ។ នេះបើតាមមន្ទីរពេទ្យ កាល់ម៉ែត។
ភាពមិនប្រក្រតីនៃចលនារំលាយរបស់ក្រពះ ការទទួលរំញោចលើសលប់ពីក្រពះ មេរោគក្រពះ និងកត្តាផ្លូវចិត្ត សុទ្ធសឹងតែជាកត្តាចម្បងដែលបណ្ដាលឲ្យមានបញ្ហាវិបត្តិរំលាយអាហារនេះ។ ក្នុងករណីដែលអ្នកជំងឺមានបញ្ហានេះ នឹងមានបង្ហាញរោគសញ្ញាមួយចំនួនដូចជា ញ៉ាំអាហារឆាប់ឆ្អែត តឹងណែនពោះក្រោយញ៉ាំអាហារ ឈឺចុងដង្ហើម ឬក្រហាយចុងដង្ហើម។ល។ ផ្ទុយទៅវិញ បើមានបញ្ហានេះ អ្នកជំងឺក៏មានចេញរោគសញ្ញាគ្រោះថ្នាក់មួយចំនួនផងដែរ រួមមាន៖
– ចេញរោគសញ្ញាថ្មីៗ លើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ
– ពិបាកលេប ឬឈឺពេលលេបអាហារ
– ក្អួតមិនបាត់
– ស្លេកស្លាំង
– ចង្អោរ ហើមពោះ ភើ
– ស្ទាបប៉ះដុំនៅចុងដង្ហើម
- បត់ជើងធំមានឈាម
– កើតលឿង
– ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ។ល។