គីសទឹកនៅក្រពេញអូវែ ជាវិបត្តិអ័រម៉ូនដែលច្រើនកើតលើស្ត្រីក្នុងវ័យបន្តពូជ។ ក្រៅពីអាចធ្វើឲ្យស្រីៗពិបាកមានកូន ជំងឺនេះថែមទាំងអាចបង្កជាបញ្ហាផ្សេងទៀត ដូចជាឡើងទម្ងន់ជាដើម។ ជាទូទៅ ស្រីៗជាច្រើនដែលកើតជំងឺគីសទឹកនៅក្រពេញអូវែ ក៏ប្រឈមនឹងបញ្ហាស៊ាំនឹងអាំងស៊ុយលីន ដែលនាំឲ្យរាងកាយពិបាកក្នុងការបំប្លែងគ្លុយកូសពីឈាមទៅជាថាមពល ដែលជាលទ្ធផលធ្វើឲ្យយើងធាត់ជ្រុល។ ហេតុនេះហើយ ដើម្បីគ្រប់គ្រងទម្ងន់ឲ្យបានល្អ ព្រមទាំងជៀសវាងពីផលវិបាកដទៃទៀត គ្នាយើងគួរតែអនុវត្តន៍វិធីសាស្ត្រមួយចំនួន។
១. ញ៉ាំរបបអាហារមានតុល្យភាព
របបអាហារដែលមានជាតិប្រូតេអ៊ីន បន្លែ និងខ្លាញ់ដែលមានសុខភាពល្អ ជាអ្វីដែលរាងកាយយើងមិនអាចខ្វះបាន។ លើសពីនេះ គ្នាយើងគួរញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃ ដូចជាផ្លែបឺរ ផ្កាខាត់ណាខៀវ ផ្លែឈើក្រៀម ដើម្បីជួយឲ្យឆាប់ឆ្អែត និងងាយស្រួលរំលាយអាហារ ព្រមទាំងពពួកអាហារឡើងមេ (fermented food) ដូចជាទឹកដោះគោជូរ គីមឈើ ជ្រល់ ដើម្បីជួយបង្កើនការធ្វើមេតាប៉ូលីស និងជួយឲ្យស្រកទម្ងន់។
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. ជៀសវាងអាហារកែច្នៃ
យោងតាមការស្រាវជ្រាវបានបង្ហាញថា ក្រោយញ៉ាំជាតិស្ករក្នុងបរិមាណដូចគ្នា ស្រីៗដែលមានជំងឺគីសទឹកក្រពេញអូវែ មានការកើនឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាង បើប្រៀបធៀបទៅនឹងអ្នកដែលគ្មានជំងឺនេះ។
៣. ហាត់ប្រាណជាទៀងទាត់
ទន្ទឹមនឹងនេះដែរ ស្រីៗដែលហាត់ប្រាណយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ មានហានិភ័យទាបក្នុងការវិវត្តទៅជាបញ្ហាធាត់ជ្រុល។ ទោះបីជាស្ត្រីដែលមានជំងឺគីសទឹកក្រពេញអូវែ ត្រូវការពេលយូរជាងក្នុងការសម្រកទម្ងន់ក៏ពិតមែន ប៉ុន្តែការហាត់ប្រាណជាទៀងទាត់ នឹងអាចជួយឲ្យយើងស្រកទម្ងន់បន្តិចម្ដងៗជាមិនខាន។
៤. គ្រប់គ្រងចំណង់អាហារ
ជាធម្មតា គ្នាយើងតែងមានអារម្មណ៍ឃ្លាននេះឃ្លាននោះ អំឡុងពេលញ៉ាំអាហារដើម្បីសម្រកទម្ងន់។ យ៉ាងណាមិញ ការគ្រប់គ្រងចំណង់អាហារឲ្យបានល្អ មានសារៈសំខាន់ណាស់ ពីព្រោះថាបើយើងនៅតែបន្តញ៉ាំអាហារដែលមានជាតិកាឡូរីខ្ពស់នោះ ទោះជាខិតខំហាត់ប្រាណ ឬតមអាហារយ៉ាងណា ក៏គ្មានប្រយោជន៍ដែរ។
![គីសទឹក](https://cdn.hellokrupet.com/wp-content/uploads/2022/09/គីសទឹក២.jpg)
៥. ជៀសវាងប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា
ជាមួយគ្នានេះដែរ ស្រីៗដែលកើតជំងឺគីសទឹកក្រពេញអូវែ មិនគួរប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា ឬចាប់ផ្ដើមរបបអាហារ ឬធ្វើលំហាត់ប្រាណដោយមិនយល់ច្បាស់ពីផលវិបាកដែលអាចកើតមានលើរាងកាយនោះឡើយ។ ដូច្នេះហើយ គ្នាយើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យរោគស្ត្រី ឬអ្នកជំនាញខាងអាហារូបត្ថម្ភ ដើម្បីរៀបចំផែនការរបបអាហារ និងលំហាត់ប្រាណដែលស័ក្ដិសមសម្រាប់ខ្លួនឯងជាមុនសិន ទើបជាការប្រសើរ។